Sunday, November 24, 2024
Homeនយោបាយបក្សប្រឆាំងថា ទោះជាប់គុក​ លោកសម រង្ស៊ី ត្រូវតែចូលស្រុក ដើម្បីឈ្នះឆ្នោត២០១៨

បក្សប្រឆាំងថា ទោះជាប់គុក​ លោកសម រង្ស៊ី ត្រូវតែចូលស្រុក ដើម្បីឈ្នះឆ្នោត២០១៨

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (បក្ស ប្រឆាំង) បានបញ្ជាក់ថា បើវិលចូលស្រុករបស់លោកសម រង្ស៊ី នាំឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតឆ្នាំ២០១៨ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ដាច់ខាតត្រូវតែវិលត្រឡប់ចូលស្រុកវិញ ទោះជាប់គុក ឬស្លាប់ ក៏ដោយ។ ជាមួយគ្នានេះ លោកសម រង្ស៊ី បានថ្លែងអះអាងពីក្រៅប្រទេសថា នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ២០១៨ លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី។

អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ថា “រឿងថាលោកប្រធានសម រង្ស៊ី ក្លាហាន ឬកំសាក ក្នុងការចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិឡើយ។

រឿងដែលសំខាន់ បើលោកប្រធាន សម រង្ស៊ី ចូលមក នាំឱ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨ នោះ លោកប្រធានដាច់ខាតត្រូវតែចូល ទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។

តែបើចូលមក នាំឱ្យគេយកលេសលើកការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាតមិនត្រូវចូលឡើយ”។

ពាក់ព័ន្ធនឹងសំណេរខាងលើនេះ មិនអាចទាក់ទងសុំយោបល់បន្ថែមពីលោកអេង ឆៃអ៊ាង បានទេ នៅថ្ងៃដដែលនោះ ប៉ុន្តែមុននេះ លោក អេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ថា ការដកបម្រាមមិនឱ្យលោកសម រង្ស៊ី វិលចូលស្រុកវិញ ពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនមានអ្វី ចម្លែកទេ សម្រាប់បរិបទនយោបាយនៅកម្ពុជា។ រីឯការគាំទ្រ ឬមិនគាំទ្រឱ្យលោកសម រង្ស៊ី វិលចូលស្រុកវិញទាំងនៅប្រឈមនឹងផ្លូវច្បាប់នោះ គឺគណបក្សសង្គ្រោះជាតិ មិនទាន់អាចបញ្ជាក់បានយ៉ាងណាទេ រង់ចាំពិភាក្សាគ្នាសិន និងណាមួយអាស្រ័យលើការសម្រេចរបស់ប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ និងគាំទ្រ លោកសម រង្ស៊ី ផងដែរ។

លោកអេង ឆៃអ៊ាង បានមានប្រសាសន៍ នៅពេលនោះថា “ទាក់ទងរឿងទាំងអស់ហ្នឹង  យើងមិនចាំបាច់និយាយច្រើនពេកទេ ប្រជាពលរដ្ឋលោកយល់ហើយ ព្រោះឥឡូវប្រជាពលរដ្ឋសព្វថ្ងៃ មិនមែនអ្នកណាចង់កុហក ចង់ភរអីបានទេ ព្រោះប្រជាពលរដ្ឋឥឡូវដូចព្រះឥន្ទ្រ អ៊ីចឹង ពីដើម ទេវតាចេះតែកុហកបាន ប៉ុន្តែឥឡូវហ្នឹងគឺទេវតា ចង់កុហកប្រជាពលរដ្ឋ កុហកអត់បានទេ។ ធម្មតាយើងជាអ្នកនយោបាយ យើងចង់ឱ្យមានការបង្រួបបង្រួមជាតិ មិនមែន ចង់ធ្វើអីទេ ចង់ប្រទេសយើងមានការផ្សះផ្សាជាតិពិតប្រាកដ មិនចង់ឱ្យខ្មែរយើងចេះតែបែកបាក់គ្នាទេ កាលណាខ្មែរបែកបាក់គ្នាហ្នឹង វាធ្វើឱ្យប្រទេសជិតខាងចេះតែមើលងាយយើង មើលទៅក្រោយពីសម័យអង្គរមកហ្នឹង គឺដោយសារតែអ្នកដឹកនាំចេះតែបែកបាក់គ្នាអ៊ីចឹង គឺអ្វីហ្នឹងវាធ្វើឱ្យហិនហោច មិនហិនហោចសម្រាប់តែបុគ្គលទេ ហិនហោចដល់ប្រទេសជាតិ អ៊ីចឹងធ្ងន់ណាស់មកហើ់យ។ ឥឡូវនេះ យើងត្រូវតែ គិតត្រូវតែបញ្ចប់នូវបញ្ហាទាំងអស់ហ្នឹងទៅ វាអត់មានត្រូវយកតួនាទីខ្លួនយើង ក្នុងនាមយើង ជាអ្នកដឹកនាំ យើងមានអំណាច យើងធ្វើអីតាមអំពើចិត្តរបស់យើងទេ វាមិនបានផលទៅដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទេ។ ដូច្នេះអ្នក នយោបាយទាំងអស់ ជាពិសេសអ្នកមានអំណាច លោកយល់ ចង់ឱ្យប្រទេសជាតិខ្លាំង ចង់បញ្ចប់ នូវការរើសអើង ឈ្លោះខ្វែងគំនិតគ្នា ដោយការរើងអើងត្រូវបញ្ចប់ហ្នឹង គឺខ្ញុំជឿជាក់ថា ជាសញ្ញាវិជ្ជមាន”។

លោកអេង ឆៃអ៊ាង និងលោកសម រង្ស៊ី

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនអាចទាក់ទង់សុំមតិយោបល់ ជុំវិញបញ្ហានេះបានទេ កាលពីម្សិលមិញ។ ចំណែកលោកឡុង រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម សុំមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ ។

គួរបញ្ជាក់ថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលពេលនេះកំពុង ស្ថិតនៅឯសហរដ្ឋអាមេរិកបានថ្លែងប្រាប់វិទ្យុសំឡេងអាមេរិកថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នៅក្នុងឆ្នាំ២០១៨ ខាងមុខ លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ព្រោះបេក្ខភាពរបស់លោកត្រូវបានជ្រើសតាំងដោយថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ តែលោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីតែមួយអាណត្តិប៉ុណ្ណោះ បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតបានដឹកនាំប្រទេសមែននោះ។

លោកសម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ទាក់ទងនឹងលទ្ធភាពវិលចូលស្រុកវិញរបស់លោក គឺនឹងមានការដោះស្រាយដូចមុនៗ ដែលមានការទូលថ្វាយស្នើសុំព្រះមហាក្សត្រលើកលែង ទោសដល់រូបលោកយ៉ាងដូច្នេះដែរ។

ទោះបីយ៉ាងណា ថ្លែងនៅក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្តេចបានប្រកាស ហើយថា សម្តេចសុខចិត្តកាត់ដៃស្តាំរបស់សម្តេច គ្រវាត់ចោល គឺសម្តេចនឹងមិនស្នើលើកលែងទោសឱ្យលោកសម រង្ស៊ី ម្តងទៀតទេ ព្រោះ ២ដងរួចហើយ គ្មានលើកទី៣ទៀតឡើយ។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន បានថ្លែងចំអក ឱ្យលោកសម រង្ស៊ី ថា នឹងមិនហ៊ានវិលចូលស្រុកវិញទេ ដោយសារមានឧបសគ្គធំ គឺគុកនៅរង់ចាំ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា រឿងសុវត្ថិភាពលោកសម រង្ស៊ី ពេលចូលស្រុកវិញអត់បញ្ហាទេ គឺរដ្ឋាភិបាលធានា ហើយសំខាន់លោកសម រង្ស៊ី ក្លាហានមកកម្ពុជា  ដើម្បីនឹងចូលគុកឫអត់? ព្រោះបើកាលណាលោក សម រង្ស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិ នៃប្រទេសកម្ពុជា កងកម្លាំងសមត្ថកិច្ចនឹងចាប់គាត់នាំគាត់ទៅពន្ធនាគារ។ ដូច្នេះអត់មានរឿងអីគ្រោះថ្នាក់ទេ គឺមានតែរឿង  អនវុត្តច្បាប់។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគ លោកសូរ ចន្ថា បានបញ្ជាក់ថា តាមលោកមើលទៅ ជាច្រើនលើកច្រើនសា លោកសម រង្ស៊ី នឹងមិនត្រឡប់មកកម្ពុជា នៅពេលដែលមិនមានការលើកលែងទោសនោះទេ។

អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគ លោកបណ្ឌិតមាស នី បានបញ្ជាក់ថា សម្រាប់ករណីលោកសម រង្ស៊ី បើគ្រាន់តែជម្រះមន្ទិលឱ្យចូលស្រុក ប៉ុន្តែមិនមានការសម្រេចពីតុលាការ ឬមិនមានការលើកលែងទោសទេ ការវិលត្រឡប់របស់លោកសម រង្ស៊ី មកដល់ស្រុកវិញ នឹងប្រឈមបញ្ហាជាប់ពន្ធនាគារច្រើនជាងរួចខ្លួន។ ប៉ុន្តែលោកយល់ថា ទោះគ្មានវត្តមានលោក សម រង្ស៊ី នៅក្នុងប្រទេស នៅក្នុងការបោះឆ្នោត នាពេលខាងមុខ ក៏មិនមានអីប៉ះពាល់ដល់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ នោះឡើយ ។

ប្រធានសមាគមជ័យលាភីបញ្ញជនកម្ពុជា លោករស់ សារ៉ុម បានបញ្ជាក់ថា លោកជឿថា លោកសម រង្ស៊ី នឹងមកស្រុកខ្មែរមុនការបោះឆ្នោត២០១៨ ព្រោះការមកកម្ពុជា គឺជាសន្លឹកបៀចុងក្រោយរបស់លោកសម រង្ស៊ី ហើយបើ គាត់មិនហ៊ានលេង មានន័យថា ជីវិតនយោបាយរបស់គាត់នឹងត្រូវចប់។

ស្ថាបនិកបណ្តាញព្រះសង្ឃខ្មែរឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ ជុំវិញបញ្ហាការវិលចូលស្រុករបស់លោកសម រង្ស៊ី ថា “អាត្មាសង្ឃឹមថាលោកសម រង្ស៊ី មិនដើរចូលអន្ទាក់នេះទេ ព្រោះគាត់ជាមនុស្សយល់ការ។ ល្បែងដាក់អន្ទាក់កណ្តាលវាលប្រភេទនេះមិនមែនជាលើកទីមួយទេ សម្រាប់លោកសម រង្ស៊ី។ លោកសម រង្ស៊ី ប្រាកដជាដឹងច្បាស់ណាស់ថា គូប្រកួតរបស់គាត់ គេចង់បានអ្វីពីគាត់ និងពីគណបក្សសង្គ្រោះជាតិ។ គោលដៅផ្លាស់ប្តូរនៅជិតបង្កើយ ពេលនេះសង្គ្រោះជាតិ អាចបន្តដំណើរទៅរកគោលដៅ បានបើទុកណាគ្មានវត្តមានលោកសម រង្ស៊ី។ ឧត្តមគតិលោកសម រង្ស៊ី បានឋិតនៅក្នុងបេះដូងកូនខ្មែរហើយ៕

កុលបុត្រ

RELATED ARTICLES