ភ្នំពេញ៖ អ្នកនិយមល្បែងជល់បក្សី០៣នាក់ (បើកលេងភ្នាល់ជល់មាន់) ត្រូវបានកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ព្រមទាំងដកហូតបានមាន់គកចំនួន០៥ក្បាល និងសម្ភារៈពាក់ព័ន្ធល្មើសខាងលើមួយចំនួន កាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងដីឡូត៍ទំនេរ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ ក្រាំធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០៣នាក់ ទី១.ឈ្មោះ ឡុង រតនា ហៅរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ទី២. ឈ្មោះ សុខ គួង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៣. ឈ្មោះ តុប សុភាព ហៅភ័ណ្ឌ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថា មុនពេលឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះ ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ថាមានក្រុមញៀនល្បែងជល់មាន់១ក្រុម កំពុងតែសម្ងំលេងនៅចំណុចខាងលើ បន្ទាប់ពីលោកទទួលព័ត៌មានភ្លាម លោកម៉ក់ ហុង អធិការខណ្ឌ បានឲ្យកម្លាំងចុះទៅធ្វើការពួនស្ទាក់ ឃាត់ខ្លួនបានភ្លាមៗ ចំនួន០៣នាក់ នៅនឹងកន្លែង នាំយកមកសាកសួរ និងមួយចំនួនទៀតរត់គេចខ្លួន។
លោកបានបន្តថា ជនសង្ស័យទាំង០៣នាក់ គឺជាអ្នកញៀនល្បែង គេតែងតែលួចលាក់លេងជាប្រចាំ ទោះជាច្បាប់ហាមប្រាមយ៉ាងណាក៏ដោយ ក៏ក្រុមទាំងនេះនៅតែប្រព្រឹត្តយ៉ាងគឃ្លើន។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាង បានប្រាក់រៀលចំនួន ៥០០.០០០៛ (ហាសិបមុឺនរៀល) មាន់ជល់ចំនួន០៥ក្បាល ទ្រុងមាន់ចំនួន០៥ ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន០១ ខ្នាយដែកចំនួន០១គូរ ស្គុតរុំខ្នាយមាន់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរួមនិងវត្ថុតាង និងកាសាងសំំណុំរឿងទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ពេលក្រោយ៕