ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនខ្លួននៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា នៅចំណុចក្បែររង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ រង្សី ឧស្សាហ៍ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២២៧ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ កុមារីរងគ្រោះឈ្មោះ ល ម ច ន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់ទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃដែលប្រកួតបាល់ទាល់រវាងកម្ពុជាប្រកួតជាមួយប្រទេសអាហ្វហ្គានីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានស្គាល់គ្នា ហើយសុំលេខទូរស័ព្ទគ្នា បានទាក់ទងគ្នា និងបានណាត់គ្នាទៅច្រៀងខារ៉ាអូខេពីរបីដងមកហើយ នៅយប់កើតហេតុវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីចេញពីច្រៀងខារ៉ាអូខេហើយ ក៏បាននាំជនរងគ្រោះទៅផ្ទះសំណាក់ យីហោសៀវ ឡាង ស្ថិតនៅផ្លូវលេខ៣៧១ ក្រុមទី០៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ដោយសារតែក្រុមគ្រួសារជនរងគ្រោះបាត់កូនស្រីបាននាំគ្នាដើររក ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ រង្សី ឧស្សាហ៍ បាននាំកុមារីរងគ្រោះចេញពីផ្ទះសំណាក់សៀវ ឡាង មកដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវម្តាយកុមារីរងគ្រោះរកឃើញក៏នាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដោយឪពុកម្តាយជនរងគ្រោះប្តឹងទាមទារសំណង១ម៉ឺនដុល្លារ ៕