ភ្នំពេញ ៖ បក្សពួក២ក្រុម ដេញវាយគ្នារត់ចូលការាស់សាំង ត្រូវម្ចាស់ហាមមិនឲ្យចូលវាយទាំងម្ចាស់ការាស់សាំង របួសស្រាល៣នាក់ ឃាត់បាន៥នាក់ យកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា នៅចំណុចការាស់សាំងតេលា តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមាន៥នាក់ ទី១.ឈ្មោះឆាយ ធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ទី២. ឈ្មោះ ភឿន សុខជា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ទី៣.ឈ្មោះ ប៊ុន សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់. ទី៤ ឡង សំបូរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជុសជុលរថយន្ត និងទី៥. ខាត់ ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ជនបង្កហេតុទាំង៥នាក់ខាងលើ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ៣នាក់ ទី១. ឈ្មោះឆាយ ឆេងហាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ទី២. ឈ្មោះឆាយ សុខលីម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ និងម្នាក់ទៀតជាឪពុកឈ្មោះសាយ ស៊ុន អាយុ៦២ឆ្នាំ មុខរបរលក់ដូរ និងជាម្ចាស់ការាស់សាំង។
តាមប្រភពព័ត៌មានពីឈ្មោះឆាយ ឆេងហាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងអង្គុយហូបបាយជួបជុំក្រុមគ្រួសារ ខណៈពេលកំពុង់តែហូប ស្រាប់តែឃើញជនសង្ស័យខាងលើ មានគ្នាប្រមាណ៧នាក់ ដោយក្នុងនោះមានស្រីម្នាក់ផងដែរ បានដេញវាយគ្នា ហើយបាននាំគ្នាចូលមកទីតាំងបរិវេណក្នុងការាស់សាំងរបស់គាត់ ។ ភ្លាមៗនោះ ជនសង្ស័យបាននាំគ្នារត់ចូលមកខាងក្នុងទីតាំងការ៉ាស់សាំងខាងលើ រូបគាត់បានហាមមិនឲ្យចូលក្នុង តែបក្សពួកខាងលើដេញវាយគ្នាសម្រុកចូល ថែមទាំងវាយរូបគាត់ត្រូវចំនួន២ទៅ៣ដៃទៀត បន្ទាប់មកឪពុកនិងគ្រួសារបស់គាត់ចូលទៅឃាត់ ត្រូវពួកខាងលើវាយតប់បណ្តាឲ្យរបួសស្រាល៣នាក់ បន្ទាប់មកត្រូវបានពួកគាត់ប្តឹងទៅសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗផងដែរ ហើយឃាត់ជនសង្ស័យបាន៥នាក់ យកមកប៉ុសិ៍្ត ហើយកំលាំងប៉ុសិ៍្តបានបញ្ជូនជនសង្ស័យខាងលើទៅជំនាញខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃុំឃាំងបណ្តោះអាសន្ននៅឡើយ ដោយមិនទាន់បានបំភ្លឺ ៕