Tuesday, January 21, 2025
Homeព័ត៌មានជាតិខឹងដូរលុយដុល្លារក្លែងក្លាយឲ្យ ទាញកាំបិតដេញចាក់ផ្អើលរត់ចែកជើង

ខឹងដូរលុយដុល្លារក្លែងក្លាយឲ្យ ទាញកាំបិតដេញចាក់ផ្អើលរត់ចែកជើង

ភ្នំពេញ៖ បុរស​ម្នាក់​ខឹងគេដូរលុយដុល្លារក្លែងក្លាយឲ្យ ទាញកាំបិតដេញចាក់ផ្អើលរត់ចែកជើងគ្នា សំណាងល្អសមត្ថកិច្ចទៅទាន់ ឃាត់ខ្លួនបានភ្លាមៗ យកមកសាកសួរ ហេតុការណ៍​នេះភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ខែ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ នៅចំណុចផ្ទះប្តូរប្រាក់នៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។

​សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ខាងលើ មានឈ្មោះជា សុថា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិកោះប្រាក់ ឃុំកំពង់ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
​ចំណែកម្ចាស់ផ្ទះប្តូរប្រាក់ខាងលើ មានឈ្មោះ តាំង សំរេច ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ
ប្តូរប្រាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បើយោងតាមសម្តីជនដៃដល់ខាងលើ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ​រូបគេបានយកលុយចំនួន១០០ដុល្លារអាមេរិក ទៅប្តូរយកលុយខ្មែរ ២០០០០០រៀល ហើយម្ចាស់ផ្ទះប្តូរប្រាក់ខាងលើ បានអាប់លុយដុល្លារឲ្យវិញ ចំនួន៥០ដុល្លារ គឺក្រដាស២០ដុល្លារ ២សន្លឹកនិងក្រដាស១០ដុល្លារ ១សន្លឹក ហើយក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះនៅឯកៀន​ស្វាយ ដោយមានកំហឹងខឹងអ្នកប្តូរប្រាក់ដែលបានអាប់ដុល្លារសម្រាប់សែនមកអោយរូបគេ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជនដៃដល់បានជិះម៉ូតូពីស្រុកកៀនស្វាយ ដោយសៀតកាំបិតជាប់ចង្កេះមកដល់ផ្ទះដូរលុយខាងលើ បានដកកាំបិតភ្ជង់ម្ចាស់ផ្ទះ ដោយស្រែកថា អាប់លុយខ្មោចឲ្យអញ អីលូវអញមកដូរយកលុយដុល្លារពិតវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះទៅដល់កន្លែកើតហេតុ ហើយក៏បាននាំខ្លួនជនដៃដល់មកសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក្រោយមកកម្លាំងជំនាញបានចុះឆែកកាមេរ៉ាសុវត្ថិភាពជាក់ស្តែង ដើម្បីឲ្យដឹងការពិតថា តើជនដៃដល់នោះធ្លាប់បានមកប្តូរលុយនៅផ្ទះខាងលើមែនឬក៏អត់?

ក្រោយពីធ្វើការសាកសួរភាគីទាំងសងខាងហើយនោះ ដោយមានការសម្របសម្រួលពីលោក ប៊ុត វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឲ្យជនដៃដល់សំពះសុំទោសម្ចាស់ផ្ទះដូរលុយ និងធ្វើកិច្ចសន្យាអប់រំ ដើម្បីបញ្ចប់រឿង ហើយក៏បានអនុញ្ញាតិឲ្យជនដៃដល់ខាងលើ វិលត្រឡប់ទៅផ្ទះវិញផងដែរ ៕

RELATED ARTICLES