ភ្នំពេញ ៖ ជាងដែកម្នាក់ចូលធ្វើការបាន១ខែ បែកគំនិតហ៊ានគាស់សោបន្ទប់របស់មេការខ្លួនឯង ចូលលួចគ្រឿងអលង្ការមានតម្លៃ ត្រូវមេការចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កភាពភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥៩៨ ជាប់ស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនសង្ស័យមានឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាជាងដែករបស់ក្រុមហ៊ុនដេគ័រផ្ទះ យីហោហ៊ាទី កាត់កញ្ចក់ ស្នាក់នៅក្នុងក្រុមហ៊ុន ផ្ទះលេខ១៤០K ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើរតនៅភូមិព្រែកគ្រាញ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ធី ដាពៅ ភេទស្រី អាយុ៣១ឆ្នាំ ជាប្រពន្ធមេការក្រុមហ៊ុនដេគ័រផ្ទះយីហោហ៊ាទី កាត់កញ្ចក់ ស្នាក់នៅក្នុងក្រុមហ៊ុន ផ្ទះលេខ១៤០K ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានប្តីឈ្មោះ តុប មករា អាយុ២៩ឆ្នាំ មុខរបរជាមេការក្រុមហ៊ុនដេគ័រផ្ ទះយីហោ ហ៊ាទី កាត់កញ្ចក់ ស្នាក់នៅជាមួយគ្នា។
បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ រូបគាត់ចេញពីផ្ទះទៅមើលកន្លែងធ្វើការ ចំណែកឯប្តីរបស់គាត់ក៏បានចេញទៅធ្វើការនៅឯខេត្ត លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមិថុនា រូបគាត់ក៏បានត្រឡប់មកវិញ ហើយក៏បានចូលទៅក្នុងបន្ទប់ស្រាប់តែឃើញថតតុមានរៀងហើប ក៏បើកមើល ស្រាប់តែបាត់កាបូបដែលដាក់គ្រឿងអលង្ការ តែមិនដឹងថា បាត់តាំងពីពេលណានោះទេ ពេលដែលប្តីគាត់មកវិញ បានឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា ជនសង្ស័យជាកូនជាងដែលទើបតែចូលធ្វើការបាន១ខែ ជាអ្នកធ្វើសកម្មភាពគាស់សោទ្វារបន្ទប់ និងសោទូយកពិតមែន ក៏ព្យាយាមទំនាក់ទំនង់តាមទូរស័ព្ទរកជនសង្ស័យនិងដើរស្វែងរក រហូតដល់វេលាកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើកំពុងអង្គុយនៅក្នុងកន្លែងអ៊ីនធើរណេតមួយកន្លែង ដែលនៅក្បែរកន្លែងកើតហេតុ ក៏បានឃាត់ខ្លួនយកទៅសួរនាំ និងឆែកឆេររកឃើញកាបូបដាក់គ្រឿងអលង្ការបស់ជនរងគ្រោះ នៅជាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតនោះ ចេញមកមើល ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យសន្លប់ស្តូកស្តឹង ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ យកទៅសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកគ្រឿង
អលង្ការទាំងនោះមែន គឺរូបគេធ្វើសកម្មភាពគាស់សោទ្វានិងសោទូ តាំងពីម៉ោង៣រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧មកម្លេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ កំពុងធ្វើការសាកសួរនាំនិងកសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរង់ចាំការចាត់ការទៅតាមនីតិវិធី ៕