ខេត្តបាត់ដំបង ៖ ក្រោយពីមានការខ្សឹបខ្សៀវតាមរយៈសារព័ត៌មាន “នគរធំ” ពីរឿង “ច្រកដូង ច្រកលុយ” ដែលក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កំពុងសង្កត់កជំរិតទារលុយពីប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចេញទៅប្រទេសថៃ តាមទំនើងចិត្ត ផ្ទុយពីការកំណត់របស់អនុក្រឹត្យរាជរដ្ឋាភិបាល ប្រយោជន៍ដើម្បីកើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួននោះរួចមក ភ្នាក់ងារសារព័ត៌មាន “នគរធំ” ប្រចាំខេត្តបាត់ដំបង ក៏បានចុះទៅសាកសួរ និងយកព័ត៌មានដើម្បីទទួលបានរឿងរ៉ាវពិតមកធ្វើការចុះផ្សាយ ស្រាប់តែលទ្ធផល បែរជាទទួលបានការគំរាមវាយតប់ និងដកហូតសម្ភារៈទូរស័ព្ទ ព្រមទាំងកាតសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានទៀតផង។
ភ្នាក់ងារសារព័ត៌មាន “នគរធំ” ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង គំរាមវាយ និងដកហូតសម្ភារៈ មានឈ្មោះអ្នកស្រីម៉ក់ វិច្ឆិកា។
តាមសម្តីអ្នកស្រីម៉ក់ វិច្ឆិកា បានរៀបរាប់ប្រាប់ថា ដំបូងឡើយ មានប្រជាពលរដ្ឋខេត្តបាត់ដំបង បានខ្សឹបប្រាប់ថា ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្រោមការគ្រប់គ្រង កាន់កាប់របស់លោកសៅ ប៊ុនណារិទ្ធ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋអាជីវករ ក៏ដូចជាពលករដែលឆ្លងដែនចេញទៅធ្វើការងាររកស៊ីនៅក្នុងទឹកដីថៃ ដោយលោកសៅ ប៊ុនរិទ្ធ កំពុងគាបសង្កត់ពលរដ្ឋ ដើម្បីរកលុយមកដាក់ហោប៉ៅផ្ទាល់ខ្លួន និងបក្ខពួកមួយចំនួនតូច តាមរយៈការធ្វើប័ណ្ណព្រំដែន ក្នុងតម្លៃ៧៣០០០រៀល លើសពីការកំណត់ក្នុងអនុក្រឹត្យ។ មួយវិញទៀត មន្ត្រីអន្តោប្រវេសន៍ច្រកដូង បានដាក់លក់សំបុត្រចូលផ្សារថៃ ១សន្លឹក តម្លៃ១០០០រៀល ដោយដាក់លក់គ្មានម៉ោងកំណត់ (ចាប់ពីព្រឹកទល់យប់) លក់ទាំងក្បាលប័ណ្ណ និងកន្ទុយប័ណ្ណ ពេលចូលបោះត្រាមួយ ហើយប័ណ្ណនោះប្រមូលទុកបោះត្រាម្តងទៀត សម្រាប់លក់ឱ្យពលករមកពីថៃ ត្រឡប់ចូលទឹកដីខ្មែរ វិញ ក្នុងតម្លៃ១សន្លឹក ដែលមានបោះត្រាមូលនិងជ្រុង ១០០បាត ទៅ២០០បាត ដោយប្រើរូបភាពឱ្យកម្មករអូសរទេះ ឬអ្នកចាប់ម៉ូយតាក់ស៊ីជាអ្នកលក់។
ប្រជាពលរដ្ឋខេត្តបាត់ដំបង បានខ្សឹបបន្តថា ក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង ក៏បានបើកដៃឱ្យពលករខ្មែរចំណាកស្រុក ចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការស៊ុមគ្រលុំគ្នាជាមួយក្រុមមេខ្យល់ ដែលនាំពលករទៅថៃ ដោយខុសច្បាប់ផងដែរ។ ជាងនេះទៀត លោកសៅ ប៊ុនណារិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក៏បានប្រើប្រាស់កម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួន លួចបើកច្រករបៀងមួយទៀត ដែលគេដាក់ឈ្មោះថា ច្រកស្វាយចេក (ដើមចាន់គីរី) ស្ថិតនៅខាងលិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពាក់កណ្តាលយប់ និងទៀបភ្លឺ ជាប់ជាប្រចាំ។
ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា ក្រុមមន្ត្រីច្រកទ្វារដូង កំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុកដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ក្នុងនោះ ពលករទៅដោយខុសច្បាប់ តាមរយៈមេខ្យល់ នៅពេលត្រឡប់មកវិញ ម្នាក់ៗត្រូវបង់លុយចាប់ពី៣០០០បាត ទៅ៤០០០ បាត។ ក្រៅពីនេះ ពលករណាដែលមានសត្វមាន់ ឬឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយឱ្យសមត្ថកិច្ច ចំនួន២០០បាត ក្នុង១ក្បាល ចំពោះធុងបាស់១គូ ៨០០បាត ទូរទស្សន៍១គ្រឿង ៤០០បាត ទូទឹកកក១គ្រឿង ៥០០បាត ប្រសិនបើមិនបង់លុយតាមការកំណត់នោះទេ គឺមិនអាចវិលចូលស្រុកកំណើតបានទាន់ពេលវេលានោះទេ និងត្រូវប្រឈមនឹងការគំរាមចាប់ខ្លួន ឬដកហូតរបស់ជាប់ខ្លួនទុក ជាដើម។
អ្នកស្រីម៉ក់ វិច្ឆិកា បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ អ្នកស្រីក៏បានចុះផ្ទាល់ដល់ចំណុចច្រកទ្វារអន្តរជាតិដូង បំណងសាកសួរ និងយកព័ត៌មានពីមន្ត្រីពាក់ព័ន្ធដែលទទួលរងការចោទប្រកាន់ថា តើរឿងរ៉ាវដែលប្រជាពលរដ្ឋខ្សឹបខ្សៀវបន្តគ្នាខាងលើនេះ មានការពិតកម្រិតណា។ ស្រាប់តែពេលចុះទៅដល់ ក៏លេចមុខបុរសម្នាក់ក្នុងចំណោមបុរសបួននាក់ ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានស៊ីវិល បានថតរូបអ្នកស្រី និងបានប្រើពាក្យសម្តីយ៉ាងខែងរ៉ែងថា បើអ្នកព័ត៌មានចង់ដឹងរឿងយកលុយថ្លៃធ្វើប័ណ្ណឆ្លងព្រំដែន ក្នុងតម្លៃ៧៣០០០រៀល ទៅ៧៥០០០រៀលនោះ សូមអញ្ជើញទៅសួររាជរដ្ឋាភិបាលទៅ។
អ្នកស្រីម៉ក់ វិច្ឆិកា បន្តថា ពាក់ព័ន្ធបញ្ហាខាងលើ អ្នកស្រីក៏បានព្យាយាមទាក់ទងសុំការពន្យល់ពីលោកសៅ ប៊ុណ្ណារិទ្ធិ ដែរ តែមិនបានសម្រេចនោះទេ។ ផ្ទុយទៅវិញ ខណៈដែលអ្នកស្រីកំពុងថតផ្តិតយករូបភាព និងសាកសួរទៅកាន់ពលករ ស្រាប់តែខាងមន្ត្រីអន្តោប្រវេសន៍១ក្រុម ដឹកនាំដោយលោកប្រាក់ សំដារ៉ា មានគ្នាប្រមាណជាង១០នាក់ បានមកគំរាម និងប្រើហិង្សាមកលើអ្នកស្រីផ្ទាល់តែម្តង ព្រមទាំងដកហូតយកទូរស័ព្ទចំនួន២គ្រឿង រួមទាំងកាតសម្គាល់ខ្លួនរបស់អ្នកស្រីផងដែរ។ បន្ទាប់មក ខាងមន្ត្រីអន្តោប្រវេសន៍នោះ បានប្តឹងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីឱ្យចុះមកឃាត់ខ្លួនអ្នកស្រី រួមនិងអ្នកយកព័ត៌មានផ្សេងទៀតដែរ ប៉ុន្តែខាងកងរាជអាវុធហត្ថ មិនបានឃាត់ខ្លួនទេ គ្រាន់តែស្នើសុំមកនិយាយគ្នា ចៀសវាងប្រជាពលរដ្ឋចលាចល។ លុះដល់វេលាម៉ោង៧និង៤២នាទីយប់ ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៧ ស្រាប់តែខាងនគរបាលអន្តោប្រវេសន៍មួយក្រុម មានគ្នា៣នាក់ ដឹកនាំដោយលោកប្រាក់ សំដារ៉ា ដដែល បានយកសម្ភារៈរបស់អ្នកស្រី (ម៉ក់ វិច្ឆិកា ភ្នាក់ងារការសែតនគរធំ) ទៅប្រគល់ឱ្យលោកមួយ សាលឹត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង។ ខណៈនោះ លោកមួយ សាលឹត បានឱ្យកូនចៅហៅអ្នកស្រី ទៅធ្វើកំណត់ហេតុរហូតដល់ម៉ោង៩យប់ថ្ងៃដដែល ទើបចប់។
ទាក់ទងទៅនឹងករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកសៅ ប៊ុនរិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង បាននោះឡើយ ហេតុនេះ គេមិនដឹងថា ទង្វើរបស់មន្ត្រីអន្តោប្រវេសន៍ក្រោមឱវាទរបស់លោកធ្វើ ដោយទទួលបញ្ជាពីលោក ឬធ្វើឡើងដោយចិត្តឯងនោះទេ តែបើធ្វើដោយចិត្តឯង ហាក់មិនចាត់ទុកលោកសៅ ប៊ុណ្ណារិទ្ធ ជាមេកោយក្នុងចិត្ត ក្នុងភ្នែកទាល់តែសោះ ប៉ុន្តែបើទទួលបញ្ជាពីលោកសៅ ប៊ុនរិទ្ធ វិញ ចង់សួរថា តើខាងច្រកទ្វារដូង របស់លោក មានធ្វើអ្វីខុសបានជាខ្លាចរអាអ្នកសារព័ត៌មាន រហូតដល់ថ្នាក់គ្រាន់តែអ្នកសារព័ត៌មានចុះសាកសួរយកព័ត៌មានពីប្រជាពលរដ្ឋពីក្រុមពលករខ្មែរឆ្លងដែន បែរជាត្រូវលោកចាប់ដកហូតសម្ភារៈ និងគំរាមវាយតប់បែបនេះ ពិសេសមកលើអ្នកសារព័ត៌មាន ជាមនុស្សស្រីទៅទៀត ឬមួយក៏ដូចពាក្យថា “គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ”?។
យ៉ាងណា “នគរធំ” នៅតែបន្តរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕