ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានប្រកាសថា លោកនឹងដាក់ពាក្យប្តឹងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធនឹងការប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើងគណបក្សនយោបាយ គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូនគណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឱ្យលោកកឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ថា “ខ្ញុំពេជ្រ ស្រស់ សូមផ្តាំផ្ញើដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ឱ្យបានជ្រាបថា នៅពេលខ្ញុំដាក់ពាក្យបណ្តឹងប្រឆាំងលោកកឹម សុខា ក្នុងការប្រើសារនយោបាយមានលក្ខណៈឱ្យមានការរើសអើងគណបក្សនយោបាយ គឺខ្ញុំប្រើសិទ្ធិតាមផ្លូវច្បាប់ ហើយការវែកញែករកហេតុផល ខុស ឬត្រូវ គឺធ្វើឡើងក្នុងបន្ទប់សវនាការតុលាការ គឺមិនមែនលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ ដូច្នេះសូមអ្នកគាំទ្រសង្គ្រោះជាតិទាំងអស់ កុំទាន់អាលនាំគ្នាភ័យអី ពីព្រោះលទ្ធផលមិនទាន់បានដឹងថា នរណាចាញ់ នរណាឈ្នះនៅឡើយទេ ទុកឱ្យច្បាប់ជាអ្នកបកស្រាយទៅប្រសើរជាងអស់លោកវែកញែកខុសផ្លូវច្បាប់។ ហើយលោកកឹម សុខា មិនមែនជាមនុស្សទទួលបានអភ័យឯកសិទ្ឋិ ពិសេសពីស្តេច ដែលបម្រាមមិនឱ្យអ្នកណាប្តឹងបាននោះទេ គឺលោកកឹម សុខា ជាមនុស្ស រស់ក្រោមច្បាប់ផងដែរ”។
ការប្រកាសប្តឹងរបស់លោកពេជ្រ ស្រស់ បានធ្វើឡើងក្រោយពេលដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងខេត្តកំពង់ចាម កាលពីពេលទៅថ្មីៗនេះថា អ្នកគាំទ្រគណបក្សតូចៗកុំបង្ហិនសន្លឹកឆ្នោត ហើយ ងាកមកចូលរួមបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិវិញ ដោយសារតែជាគណបក្សតែមួយគត់ ដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបាន។
លោកកឹម សុខា បានមានប្រសាសន៍នៅពេលនោះថា “តាមទស្សនៈរបស់ខ្ញុំ បងប្អូនពីថ្ងៃនេះទៅមានតែបក្ស២ហ្នឹងទេ ដែលប្រកួតប្រជែងគ្នាឈ្នះចាញ់ៗៗទៅតាមគោលនយោបាយរៀងៗខ្លួន។ មើលទៅមិនងាយអ្នកណា តាមទាន់ទេ អានេះវ៉ាដាច់ឆ្ងាយណាស់ បក្សពីរហ្នឹងនោះដល់ព្រែកលៀបហើយៗឯងទើបចេញមិនទាន់ដល់ស្គន់ផង មែនទេបងប្អូន? តាមម៉េចទាន់។ អ៊ីចឹងហើយមានតែ២ហ្នឹងទេ ដែលទៅមុខទៀត។ ផ្លាស់ប្តូរដូចសហរដ្ឋអាមេរិក អ៊ីចឹង ដែលពីដើមមានបក្សច្រើន ប៉ុន្តែឥឡូវសល់តែ២ទេ សាធារណរដ្ឋ ប្រជាធិបតេយ្យ បក្សពីរហ្នឹងឡើងម្តងម្នាក់ ហើយអនាគតកម្ពុជា ក៏ប្រហែលនៅតែ២ហ្នឹងដែរ។ អ៊ីចឹងបងប្អូន ប្រជាពលរដ្ឋប្រហែលយល់ហើយ ប្រហែលជាមិនបង្ហិនសន្លឹកឆ្នោតទៅណាទៅណីទៀតទេ បែបមកម្តុំហ្នឹងហើយ មានតែអ្នក២ក្រុមទេ មួយចង់ដូរ មួយមិនចង់ដូរ ហើយអ្នកចង់ដូរមកសង្គ្រោះជាតិ អ្នកមិនចង់ដូរនៅដដែលតែប៉ុណ្ណឹងទេ ហើយបងប្អូនជឿអ៊ីចឹងទេ? សាកមើលទាំងអស់គ្នាហើយតើ! អ៊ីចឹងហើយខ្ញុំជឿថា យើងនឹងបានសុខហើយ ពីរបក្សហ្នឹង គឺគិតហើយ ឈ្នះក៏ដោយ ចាញ់ក៏ដោយ មិនបាច់ឈ្លោះគ្នាទៀតទេ គុំកួនសងសឹក គឺចប់ហើយ នេះហើយជាជំហររបស់យើងទៅមុខទៀត”។
លោកពេជ្រ ស្រស់ បានទុកការថ្លែងរបស់លោកកឹម សុខា នោះហើយ ជាការរើ់សអើង នយោបាយ ដោយទី១ បានចាត់ទុកសន្លឹកឆ្នោតរបស់បក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិ របស់ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់។ ទី២ បញ្ឆោះឱ្យមានការរើសអើងគណបក្សនយោបាយ ដែលថាមានតែបក្ស២ប្រកួតឈ្នះចាញ់ ទី៣ រំលោភច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីគណបក្សនយោបាយ ដែលធានាឱ្យមានភាពស្មើគ្នារបស់គណបក្សនយោបាយនីមួយៗ និងទី៥ ប្រើសារនយោបាយដែលបាន ប៉ះពាល់ដល់សកម្មភាពបក្សនយោបាយផ្សេងៗ។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៧ ថា “បាទ! តាមពិតទៅ ពាក្យបណ្តឹង និងភ័ស្តុតាង យើងមានរួចរាល់ហើយ កាលពីព្រឹកមិញនេះ ប៉ុន្តែយើងបានកំណត់ថ្ងៃស្អែក ថ្ងៃទី២០ហ្នឹង នៅម៉ោង៩ព្រឹក បានយើងដាក់ចូលទៅសាលាបណ្តឹងរាជធានីភ្នំពេញ។ ក្នុងបណ្តឹងនេះ ទី១ ពីបទញុះញង់ឱ្យប្រជាពលរដ្ឋ ប្រកាន់គណបក្សនយោបាយ ទី២ ពីបទញុះញង់សិទ្ធិប្រជាពលរដ្ឋក្នុងការជ្រើសមេដឹកនាំដែលខ្លួនស្រលាញ់។ អ៊ីចឹងយើងមានពីរបទហ្នឹង ហើយផ្សេងៗទៀត អាហ្នឹងទុកឱ្យអ្នកអនុវត្តច្បាប់ គេពិនិត្យមើលថែមទៀត ទៅលើភ័ស្តុតាង និងវីដេអូឃ្លីប។ ចំពោះគោលបំណងរបស់យើង ទី១ យើងទាររកសេចក្តីថ្លៃថ្នូរជូនគណបក្សយុវជនយើងវិញ ហើយនិងគណបក្សតូចៗដទៃទៀត ដែលរងការលាបពណ៌ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ ម្តងហើយម្តងទៀត។ យ៉ាងណាមិញដូចកាលពីបើកទំព័រ ដែលគណបក្សយុវជនកម្ពុជា កាលពី២ឆ្នាំមុនហ្នឹង លោកសម រង្ស៊ី បានលាបពណ៌មួយសាទៅហើយៗការលាបពណ៌របស់គាត់ហ្នឹង ធ្វើឱ្យគណបក្សយុវជនក្តី គណបក្សដទៃទៀតក្តី ពិបាកនឹងធ្វើកិច្ចការងារនៅក្នុងវិស័យនយោបាយ។ អាហ្នឹងក៏យើងមិនយកទោសអូសដំណើរដែរ ប៉ុន្តែថ្មីៗនេះទៀតសោត លោកកឹម សុខា បានថ្លែងត្រង់ៗតែម្តង ចំពោះអ្នកគាំទ្ររបស់ខ្លួន ឬក៏អំពាវនាវឱ្យប្រជា ពលរដ្ឋដែលនៅគាំទ្រគណបក្សតូចៗហ្នឹង គឺមិនឱ្យគណបក្សទាំងនោះ បោះឆ្នោតជូនគណបក្សតូចៗទៀតទេ គាត់ថា នាំតែបង្ហិនសន្លឹកឆ្នោត អាហ្នឹងគឺគាត់បញ្ចោញសារ ធ្វើឱ្យប្រជាពលរដ្ឋ រើសអើងគណបក្សនយោបាយហើយៗគាត់រំលោភសិទ្ធិប្រជាពលរដ្ឋទៅទៀត គឺប្រជាពលរដ្ឋគេមានសិទ្ធិរើសមេដឹកនាំដែលខ្លួនស្រលាញ់ ទោះបីមេដឹកនាំហ្នឹងមិនអាចឈានទៅរកការដឹកនាំ ប៉ុន្តែគាត់ស្រលាញ់មេដឹកនាំហ្នឹង។ អ៊ីចឹងគាត់បានរំលោភសិទ្ធិប្រជាពលរដ្ឋ ហើយគាត់បានខ្ចប់សិទ្ធិប្រជាពលរដ្ឋដាក់ក្នុងធុងសំរាម។ ដូច្នេះយើងប្តឹងទី១ គឺយើងចង់បានភាពថ្លៃថ្នូរ មកដល់គណបក្សយុវជនវិញ ទី២ យើងឱ្យគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ដែលច្បាប់បានចែង ឬក៏ដាក់ពិន័យយ៉ាងណាៗតាមលទ្ធភាពតុលាការគេរកឃើញ។ សុំឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពិនិត្យសកម្មភាពរបស់អ្នក ដឹកនាំគណបក្សនយោបាយខ្លួនឯងផង គេប្តឹងហ្នឹងក្នុងន័យអី? គេមិនមែនចេះតែបង្កើតរឿងប្តឹងទេ ខ្លួនឯងទេ ដែលព្យាយាមវ៉ៃគេហើយ គេមិនធ្វើដឹងធ្វើឮ ដល់ពេលគេដាក់ពាក្យបណ្តឹង ថាគេហ្នឹងដៃជើងអ្នកនេះ ដៃជើងអ្នកនោះ។ អ៊ីចឹងសុំឱ្យមជ្ឈដ្ឋានទាំងអស់ កុំទាន់វាយតម្លៃមកលើគណបក្សយុវជនកម្ពុជាថា អ្នកនេះ អ្នកនោះ ពីព្រោះអីលទ្ធផលនៃការប្តឹងហ្នឹងមិនទាន់ បានឆ្លើយតបជាវិជ្ជមាន ឬក៏អវិជ្ជមាននៅឡើយទេ ហើយគោលបំណងនៃការប្តឹងនេះទៀតសោត មិនមែនប្តឹងរំលាយគណបក្សសង្គ្រោះជាតិទេ គឺប្តឹងដើម្បីឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើរឱ្យតាមមាគ៌ាច្បាប់ឡើងវិញ កុំធ្វើអ្វីខុសពីច្បាប់ច្រើនពេក ព្រោះខ្លួនអួតថា ជាអ្នកស្រលាញ់ច្បាប់ ជាអ្នកច្បាប់មានយុត៉្តិធម៌ ចង់ឱ្យលទ្ធិមួយ ដែលមានតម្លាភាព ភាពស្មើគ្នា តែផ្ទូយទៅវិញ សកម្មភារបស់ពួកគាត់ គឺមិនមានដូចអ្វីដូចដែល គាត់បានសន្យា។ អ៊ីចឹងអ្វីដែលខ្ញុំប្តឹង ចង់រំលឹក មេដឹកនាំគណបក្សសង្គ្រោះជាតិ ថា កុំព្រហើនពេក កុំធ្វើអ្វីដែលដាក់ក្នុងធុងសំរាមពេក តែប៉ុណ្ណឹងពេក”។
លោកពេជ្រ ស្រស់ មានប្រសាសន៍ថា “ចំពោះថា ការប្តឹងនេះធ្វើឱ្យការចាប់អារម្មណ៍ នយោបាយ តាមពិតទៅ អាចំណុចនេះ គេចេះតែនិយាយទេ វាមិនមែនសុខៗ អត់រឿងសោះ បង្កើតរឿងឱ្យរវល់ការងារចុះឡើងនៅតុលាការ ទេ។ ការពិតទៅ ខ្ញុំប្តឹងរកសេចក្តីថ្លៃថ្នូរជូន គណបក្សយុវជន ជូនគណបក្សតូចៗទៀត ដែល គេមានសិទ្ធិស្មើគ្នា ដែលក្នុងមាត្រាទី៤ ស្តីពី គណបក្សនយោបាយដែលថា គណបក្សទាំងអស់ មានសិទ្ធិស្មើគ្នាក្នុងការងារនយោបាយ អត់មាន គណបក្សតូច អត់មានគណបក្សធំ។ អ៊ីចឹងលោក កឹម សុខា ថ្លៃងមករឿង គណបក្សតូច រឿង គណបក្សធំ អ៊ីចឹងគឺថា ក្នុងតម្លាភាពធ្វើនយោ- បាយនៅក្នុងសង្គមទៅហើយ អ៊ីចឹងការប្តឹងនេះ គ្មានចេតនាឱ្យគេស្គាល់ពេជ្រ ស្រស់ ឬមិនស្គាល់ ទេ ព្រោះពេជ្រ ស្រស់ គេស្គាល់បាត់ទៅហើយ តាំងពីបើកគណបក្សម៉្លេះ ប៉ុន្តែការប្តឹងហ្នឹង មាន ចេតនាតែមួយគត់ គឺទាមទាររកសេចក្តីថ្លៃថ្នូរ ជូនគណបក្សយុវជន គណបក្សដទៃទៀតតែ ប៉ុណ្ណឹងឯង។ ដូច្នេះជំហរខ្ញុំបញ្ជាក់ឡើងវិញថា ចេតនានៃការប្តឹងនេះ គឺចង់បានភាពថ្លៃថ្នូរ ឬ ភាពត្រឹមត្រូវ រវាងឆាកនយោបាយ ហើយចង់ បានតម្លាភាពធ្វើកិច្ចការនយោបាយរបស់គណ- បក្សនីមួយៗ ហើយទី២ទៀត យើងចង់ឱ្យច្បាប់ ធ្វើការអនុវត្តឱ្យបានត្រឹមត្រូវជាមួយបុគ្គលណា ធ្វើខុស ជាពិសេស បុគ្គលដែលមានតួនាទីជា អ្នកធ្វើកិច្ចការសាធារណៈ ដូចជាប្រធានបក្សក្តី មន្ត្រីរាជការក្តី អ្នកមានអំណាចក្តី ត្រូវតែអនុវត្ត ឱ្យស្មើភាពគ្នា មិនមែនថាលោកកឹម សុខា មាន អ្នកគាំទ្រច្រើនហើយមិនអនុវត្តទេ។ អ៊ីចឹងសុំ ឱ្យច្បាប់ថ្លឹងថ្លែងឱ្យវាជាកណ្តាល ដើម្បីឆ្ពោះ ទៅរកភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងការ កាត់ក្តីឱ្យប្រជាពលរដ្ឋគ្រប់រូប និងទូទៅ។ អ៊ីចឹង អ្វីដែលខ្ញុំថ្លែងចុងក្រោយគឺសុំឱ្យអ្នកគាំទ្រសង្គ្រោះ- ជាតិ កុំទាន់ខឹងសម្បាជាមួយបក្សយុវជន ចាំ មើលលទ្ធផលសិន ហើយចេតនារបស់គេពិត ប្រាកដសិន មិនមែនចេះតែមកជេរគេជេរឯង ហ្នឹង វាអសីលធម៌សង្គមទៅទៀត”។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ ហាក់មិនចាប់អារម្មណ៍នឹងការប្តឹងនេះទេ ដោយ ក្នុងនោះ អ្នកនាំពាក្យគណបក្សលោកយឹម សុវណ្ណ បានបញ្ជាក់យ៉ាងខ្លឺ ប្រាប់អ្នកសារព័ត៌មានថា អត់បានការអីទេ មិនបាច់ទៅឆ្លើយតបទេ៕
កុលបុត្រ