Tuesday, January 21, 2025
Homeព័ត៌មានជាតិវេជ្ជបណ្ឌិតវ័យក្មេងវះកាត់រួច ឃើញសភាពមិនស្រួល បញ្ជូនអ្នកជម្ងឺទៅស្លាប់កន្លែងផ្សេង

វេជ្ជបណ្ឌិតវ័យក្មេងវះកាត់រួច ឃើញសភាពមិនស្រួល បញ្ជូនអ្នកជម្ងឺទៅស្លាប់កន្លែងផ្សេង

បន្ទាយមានជ័យ: វេជ្ជបណ្ឌិតវ័យក្មេងស្ទើរភ្លើងរងការចោទប្រកាន់ថា បានវះកាត់ដុំគីសលើខ្នងស្ត្រី ចំណាស់ម្នាក់ដែលមានជម្ងឺទឹកនោមផ្អែម លើសឈាម បណ្តាលឲ្យសភាពជម្ងឺធ្ងន់ធ្ងរ ខ្លាចស្លាប់នៅកន្លែង ក៏ស្ទុះស្ទារបញ្ជូនជនរងគ្រោះទៅស្លាប់នៅកន្លែងផ្សេង ដើម្បីគេចវេសពីការទទួលខុសត្រូវ.។

រឿងរ៉ាវដ៏គួរឲ្យហួសចិត្តនេះ បានបែកធ្លាយឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីកូនៗស្ត្រីរងគ្រោះមិនអស់ចិត្ត ព្រោះអយុត្តិធម៌ពេទ្ក ដោយសារតែគ្រូពេទ្យនោះ គ្មានការទទួលខុសត្រូវ។

លោកនូវ ប៊ុនលី អាយុ៣៧ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលត្រូវជាកូនប្រុសបង្កើតរបស់សពស្ត្រីរងគ្រោះ ឈ្មោះឈុន ខុន អាយុ៦៦ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា លោកវេជ្ជបណ្ឌិត ជា ពុទ្ធារ៉ា ដែលមានវ័យទើបតែ៣១ឆ្នាំ ជាបុគ្គលិកបំរើការនៅក្នុងមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងឆ្លៀតបើកបន្ទប់ពិគ្រោះជម្ងឺយីហោអេកូពណ៌ ភ្នំតូច ដែលមានទីតាំងនៅខាងត្បូងផ្សារភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជាឃាតករសម្លាប់ម្តាយរបស់លោក ព្រោះតែភាពស្ទើរភ្លើងនេះ បានវះកាត់ដុំគីសលើចង្កេះ បណ្តាលឲ្យប៉ះពាល់ដល់សសៃរតម្រងនោម ទើបបណ្តាលឲ្យមនុស្សស្លាប់។

ទោះយ៉ាងណា ចំពោះការចោទប្រកាន់ខាងលើ “នគរធំ” មិនហ៊ានសន្និដ្ឋានថាច្បាស់លាស់ប៉ុន្មានភាគរយនោះទេ យើងនៅរង់ចាំការបកស្រាយពីលោកវេជ្ជបណ្ឌិត ជា ពុទ្ធារ៉ា ដែលរងការចោទប្រកាន់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះជានិច្ច៕

RELATED ARTICLES