ប្រជាពលរដ្ឋដែលរកស៊ីដឹកផលនិងអនុផលព្រៃឈើ បានខ្សឹបឱ្យឮតាមរយៈ “នគរធំ” ថា សង្កាត់រដ្ឋបាលព្រៃឈើតាសាល ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយខ្លួនទៅជាកុងត្រូលជជុះទៅហើយ ដោយមានមនុស្សឈរចាំយកលុយពីឈ្នួញដឹកឈើតាមរថយន្ត សូម្បីប្រជាពលរដ្ឋដឹកអនុផលព្រៃឈើតិចតួច តាមគោយន្ត ម៉ូតូ កង់ ក៏មិនអាចរំលងកុងត្រូលជជុះរបស់លោកមេព្រៃជជុះនេះបានឡើយ។
ប្រជាពលរដ្ឋស្រុកឱរ៉ាល់ បានខ្សឹបឱ្យឮថា ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋតែងដឹកអុស និងអនុផលព្រៃឈើ ឆ្លងកាត់ទីតាំងរដ្ឋបាលព្រៃឈើតាសាលនេះ តែងឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើឈរស្ទាក់ទារលុយមិនដែលខានឡើយ មិនថាគោយន្ត ឬរថយន្ត ម៉ូតូ កង់ ឱ្យតែដឹក។
ប្រជាពលរដ្ឋស្រុកឱរ៉ាល់ ខ្សឹបបន្តថា កាលពីជំនាន់លោកនាយសង្កាត់ចាស់ ពួកគាត់មិនសូវពិបាកនោះទេ ព្រោះលោកមេព្រៃនោះ គាត់មានការយោគយល់ដល់ប្រជាពលរដ្ឋមូលដ្ឋានច្រើន មិនតម្រូវឱ្យបង់លុយច្រើននោះទេ តែមកដល់ជំនាន់លោកស៊ី ប៉ូលឡែត សព្វថ្ងៃនេះ មិនដែលលើកលែងឡើយ សូម្បីតែ១០០រៀល បើគាត់ថាប៉ុន្មាន គឺត្រូវបង់ប៉ុណ្ណឹងហើយ។ តាមហាងឆេងរបស់សង្កាត់រដ្ឋបាលព្រៃឈើតាសាល រាល់ថ្ងៃនេះ គឺគោយន្តដឹកអុសឡ ត្រូវបង់ចាប់ពី៣ទៅ៥ម៉ឺនរៀល រីឯឡានដឹកធ្យូង ក្នុង១គ្រឿង បង់ចាប់ពី១០ម៉ឺនទៅ១៥ម៉ឺនរៀល។ ចំណែកឡានដឹកអុសបង្កប់ឈើប្រណីតវិញ គឺត្រូវបង់ចាប់ពី២០ទៅ៣០ម៉ឺនរៀល ក្នុង១គ្រឿង។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮបន្តទៀតថា តាមអ្វីដែលពួកគាត់មើលឃើញជាក់ស្តែង សព្វថ្ងៃនេះ សង្កាត់រដ្ឋបាលព្រៃឈើតាសាល គឺកំពុងក្លាយជាកុងត្រូលជជុះ ដែលចាំតែស្ទាក់ទារយកលុយញាត់ហោប៉ៅខ្លួន និងបក្ខពួកប៉ុណ្ណោះ។ ចំណែកការងារជំនាញរបស់ខ្លួន ដូចជាការពារអភិរក្សព្រៃឈើ ឬបង្ក្រាបក្រុមឈ្មួញឈើប្រណីតដឹកឈើខុសច្បាប់អីនោះ ដូចជាគ្មានបានលទ្ធផលអីទាល់តែសោះ ហេតុនេះទើបគេនាំគ្នាហៅថា លោកមេព្រៃជជុះ ដាក់កុងត្រូលជជុះ។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮបន្ថែមទៀតថា អស់លោកមេព្រៃ នៅសង្កាត់រដ្ឋបាលព្រៃឈើតាសាល មិនដែលឃើញបង្ក្រាបបានឈើឈ្មួញដឹកឈើប្រណីតធំៗម្តងណាឡើយ តែបើគោយន្តប្រជាពលរដ្ឋតូចតាចមិនមានខ្នងបង្អែក សូម្បីដឹកអុសធ្យូង បើបង់លុយមិនគ្រប់ មិនអាចវិលកង់ទៅមុខបានឡើយ។ ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ សូមខ្សឹបឱ្យឮដល់លោកឈាង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ស្ពឺ ដែលជាអ្នកគ្រប់គ្រងលើអស់លោកមេព្រៃ សូមមានវិធានការផង បើបណ្តែតបណ្តោយរបៀបនេះទៀត ថ្ងៃក្រោយច្បាស់ជាប្រជាពលរដ្ឋដាច់បាយស្លាប់មិនខាន។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពី លោកនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាល និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕