ខេត្តបាត់ដំបង ៖ រឿងរ៉ាវមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ដែលបានប្រើអំពើហិង្សាវាយស្ត្រីជាភ្នាក់ងារសារព័ត៌មាន “នគរធំ“ ប្រចាំខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ព្រោះតែខឹងនឹងស្ត្រីរងគ្រាះចុះទៅសាកសួរយកព័ត៌មាន ទាក់ទងទៅនឹងរឿងពុករលួយ ដែលពលរដ្ឋថា ប៉ូលិសសង្កត់ក ជំរិតទារលុយពីប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចេញទៅប្រទេសថៃ តាមទំនើងចិត្ត ផ្ទុយពីការកំណត់ក្នុងអនុក្រឹត្យរាជរដ្ឋាភិបាល ដើម្បីកើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួននោះ ត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមមន្ត្រីប៉ូលិសដែលប្រើកម្លាំងបាយលើស្ត្រីភេទ អាងអីអាងលុយបញ្ចប់រឿង។
គួរបញ្ជាក់ថា ភ្នាក់ងារសារព័ត៌មាន “នគរធំ” ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង វាយឱ្យរងរបួស និងដកហូតសម្ភារៈនោះ មានឈ្មោះអ្នកស្រីម៉ក់ វិច្ឆិកា។
បន្ទាប់ពីកើតមានករណីហិង្សាខាងលើ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងថ្នាក់ដឹកនាំផងនោះ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ លោកហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភប៉ះប៉ូវទឹកចិត្ត និងព្យាបាលរបួសដល់អ្នកស្រីម៉ក់ វិច្ឆិកា ចំនួន៥០០ដុល្លារ តាមរយៈលោកខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងត្រូវបាននាំយកមកប្រគល់ឱ្យអ្នកស្រីម៉ក់ វិច្ឆិកា ដោយលោកស៊ូ ចាន់ដារី នៅចំពោះមុខលោកគឹម ពន្លក អធិការនគរបាលស្រុកកំរៀង។
លោកស៊ូ ចាន់ដារី ជំនួយការផ្ទាល់លោកខេង សុមេធ បានបញ្ជាក់ថា លោកហ៊ុន ម៉ាណែត បានលើកឡើងថា ថ្នាក់ដឹកនាំមិនបានចាប់ទោសអូសដំណើរថា ខាងណាខុស ឬខាងណាត្រូវនោះទេ បញ្ហាមានការយល់ច្រឡំរវាងគ្នា វាតែងតែ មានដូច្នេះលោកមានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួច សម្រាប់ជួយលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ហើយសង្ឃឹមថា នឹងសម្របសម្រួលគ្នា ចាប់ដៃគ្នា ដើម្បីឈានដល់កិច្ចសហការល្អរវាងគ្នាទៅវិញទៅមក។
គួររំលឹកថា រឿងហេតុដែលឈានដល់អំពើហិង្សាខាងលើ គឺផ្តើមចេញពីការខ្សឹបប្រាប់របស់ប្រជាពលរដ្ឋខេត្តបាត់ដំបង ថា ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកសៅ ប៊ុនរិទ្ធ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋអាជីវករ ក៏ដូចជាពលករដែលឆ្លងដែនចេញទៅធ្វើការងាររកស៊ីនៅក្នុងទឹកដីថៃ ដោយលោកសៅ ប៊ុនរិទ្ធ បាននិងកំពុងគាបសង្កត់ពលរដ្ឋ ដើម្បីរកលុយមកដាក់ហោប៉ៅផ្ទាល់ខ្លួន និងបក្ខពួកមួយចំនួនតូច តាមរយៈការធ្វើប័ណ្ណព្រំដែន ក្នុងតម្លៃ៧៣០០០រៀល លើសពីការកំណត់ក្នុងអនុក្រឹត្យ។ មួយវិញទៀត មន្ត្រីអន្តោប្រវេសន៍ច្រកដូង បានដាក់លក់សំបុត្រចូលផ្សារថៃ ១សន្លឹក តម្លៃ១០០០រៀល ដោយដាក់លក់ គ្មានម៉ោងកំណត់ (ចាប់ពីព្រឹកទល់យប់) លក់ទាំងក្បាលប័ណ្ណ និងកន្ទុយប័ណ្ណ ពេលចូលបោះត្រាមួយ ហើយបណ្ណ័នោះ ប្រមូលទុកបោះត្រាម្តងទៀត សម្រាប់លក់ឱ្យពលករមកពីថៃ ត្រឡប់ចូលទឹកដីខ្មែរវិញ ក្នុងតម្លៃ១សន្លឹក ដែលមានបោះត្រាមូលនិងជ្រុង ១០០បាត ទៅ ២០០បាត ដោយប្រើរូបភាពឱ្យកម្មករអូសរទេះ ឬអ្នកចាប់ម៉ូយតាក់ស៊ីជាអ្នកលក់។
ជាមួយនេះ ប្រជាពលរដ្ឋខេត្តបាត់ដំបង បានខ្សឹបប្រាប់ទៀតថា ក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង ក៏បានបើកដៃឱ្យពលករខ្មែរចំណាកស្រុកចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការស៊ុមគ្រលុំគ្នា ជាមួយក្រុមមេខ្យល់ ដែលនាំពលករទៅថៃ ដោយខុសច្បាប់ផងដែរ។ ជាងនេះទៀត លោកសៅ ប៊ុនរិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក៏បានប្រើប្រាស់កម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួន លួចបើកច្រករបៀងមួយទៀត ដែលគេដាក់ឈ្មោះថា ច្រកស្វាយចេក (ដើមចាន់គីរី) ស្ថិតនៅខាងលិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពាក់កណ្តាលយប់ និងទៀបភ្លឺ ជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីច្រកទ្វារដូង កំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុក ដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ក្នុងនោះពលករទៅដោយខុសច្បាប់ តាមរយៈមេខ្យល់ នៅពេលត្រឡប់មកវិញ ម្នាក់ៗត្រូវបង់លុយចាប់ពី៣០០០បាត ទៅ៤០០០បាត។ ក្រៅពីនេះ ពលករណាដែលមានសត្វមាន់ ឬឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយឱ្យសមត្ថកិច្ចចំនួន២០០បាត ក្នុង១ក្បាល, ចំពោះធុងបាស់១គូ ៨០០បាត, ទូរទស្សន៍ ១គ្រឿង ៤០០បាត, ទូទឹកកក១គ្រឿង ៥០០បាត ប្រសិនបើមិនបង់លុយតាមការកំណត់នោះទេ គឺមិនអាចវិលចូលស្រុកកំណើតបានទាន់ពេលវេលាឡើយ នឹងត្រូវប្រឈមនឹងការគំរាមចាប់ខ្លួន ឬដកហូតរបស់ជាប់ខ្លួនទុកជាដើម។
អ្នកស្រីម៉ក់ វិច្ឆិកា បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ អ្នកស្រីក៏បានចុះផ្ទាល់ដល់ចំណុចច្រកទ្វារអន្តរជាតិដូង បំណងសាកសួរនិងយកព័ត៌មានពីមន្ត្រីពាក់ព័ន្ធដែលទទួលរងការចោទប្រកាន់ពាក់ព័ន្ធរឿងពុករលួយខាងលើ ដើម្បីសុំការបំភ្លឺថា តើរឿងរ៉ាវដែលប្រជាពលរដ្ឋខ្សឹបខ្សៀវបន្តគ្នាខាងលើនេះ មានការពិតកម្រិតណា?។ ស្រាប់តែពេលចុះទៅដល់ មិនអាចទាក់ទងសុំការពន្យល់ពីលោកសៅ ប៊ុនរិទ្ធិ បានទេ ប៉ុន្តែខណៈដែលអ្នកស្រីកំពុងថតផ្តិតយករូបភាព និងសាកសួរទៅកាន់ពលករ ស្រាប់តែខាងមន្ត្រីអន្តោប្រវេសន៍១ក្រុម ដឹកនាំដោយលោកប្រាក់ សំដារ៉ា មានគ្នាប្រមាណជាង១០ នាក់ បានមកគំរាម និងប្រើហិង្សា ចាប់អ្នកស្រីបោកផ្តួលទៅលើថ្នល់មាត់ច្រកព្រំដែន និងឡើងជិះជាន់នៅចំពោះមុខមហាជន រួចក៏ដណ្តើមយកសម្ភារៈរបស់អ្នកស្រី រួមមានទូរស័ព្ទដៃ ចំនួន២គ្រឿង កាតសម្គាល់ខ្លួន និងធ្វើឱ្យអ្នកស្រីបាត់ក្រវិលប្លាទីន ទម្ងន់១ជីទៀតផង។
ចំណែកលោកសុខ ផានិត ត្រូវជាស្វាមី អ្នកស្រីម៉ក់ វិច្ឆិកា បានសរសេរបញ្ជាក់នៅក្នុង គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ថា “ខណៈនេះ ក្រុមគ្រូពេទ្យពហុព្យាបាលឯកជន ហួត សុគុណ ក្រុងបាត់ដំបង កំពុងពិនិត្យលើសុខភាពភរិយាខ្ញុំ។ នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង ដាច់ខាតត្រូវទទួលខុសត្រូវទាំងស្រុងអំពីសុខភាពភរិយាខ្ញុំទាំងស្រុង។ ក្រោយពីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិដូង ដឹកនាំដោយលោកប្រាក់ សំដារ៉ា បានប្រើហិង្សាយ៉ាងព្រៃផ្សៃ ដោយចាប់ភរិយាខ្ញុំ គឺ (អ្នកស្រី ម៉ក់ វិច្ឆិកា) បោកបណ្តាលឱ្យដួលទៅលើថ្នល់ ខណៈគាត់ចុះបំពេញការងារនៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៨/០៦/២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ គាត់កំពុងតែទទួលរងការឈឺចុកចាប់យ៉ាងធ្ងន់ ហើយខណៈពេលនេះ ខ្ញុំនិងក្រុមគ្រួសារ កំពុងនាំគាត់មកឱ្យពេទ្យធ្វើការពិនិត្យបន្ត។ សូមថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ជូនដល់ភរិយា ខ្ញុំបាទដោយអនុគ្រោះផងចុះ”។
មហាជនដែលតាមដានករណីខាងលើនេះ បានថ្លែងរិះគន់ថា មិនគួរណាក្រុមមន្ត្រីច្រកព្រំដែនទាំងនោះ ប្រើសិទ្ធិជានគរបាលអន្តោប្រវេសន៍ ឃុបឃិតគ្នា បង្កើតរឿងពុករលួយគាបសង្កត់ និងកេងប្រវ័ញលើកម្លាំងពលករឆ្លងដែន និងប្រជាពលរដ្ឋស្លូតត្រង់ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ធ្វើឱ្យបាត់បង់ចំណូលជាតិ បង្កឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តចំពោះរាជរដ្ឋាភិបាល ទៅវិញ។ លុះដល់បែកធ្លាយរឿងអាស្រូវ មានអ្នកកាសែតទៅសាកសួរសុំការបំភ្លឺ ស្រាប់តែច្រឡោតខឹង ជះកំហឹងដាក់អ្នកកាសែតហ៊ានប្រើកម្លាំងបាយ ចាប់ផ្តួលវាយដំស្រីភេទយ៉ាងចាស់ដៃ នៅចំពោះមុខប្រជាពលរដ្ឋ ពលករ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ដោយមិនអៀនខ្មាស។
មហាជនលើកឡើងថា ហើយប្រសិនបើការខ្សឹបខ្សៀវចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះ មិនពិតដូចអ្វីដែលលើកឡើងនោះទេ គួរណាស់អស់លោកមន្ត្រីជំនាញ ចេញមុខបកស្រាយបំភ្លឺ ដើម្បីឱ្យមហាជនអស់សង្ស័យ មិនគួរប្រើសម្តីក្រអឺតក្រទម ច្រឡោមខាម និងផ្ទុះកំហឹងតាមរបៀប “គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ” រួចជះកំហឹងដាក់អ្នកកាសែត ហ៊ានព្រួតគ្នាវាយដំលើស្ត្រីភេទបែបនេះឡើយ។ ដូច្នេះ សូមសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តារកយុត្តិធម៌ជូនស្ត្រីភេទជាអ្នកកាសែត តែងរងការប្រើហិង្សាវាយដំជិះជាន់បំពានរាងកាយពីសំណាក់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងនោះផង ព្រោះបើបណ្តោយឱ្យមន្ត្រីធ្វើបាបពលរដ្ឋម្ចាស់ឆ្នោតបែបនេះ ច្បាស់ជាឆ្នាំ២០១៨ បាត់សន្លឹកឆ្នោត កាន់តែច្រើនថែមទៀតជាមិនខាន។
ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ “នគរធំ” នៅតែបន្តរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕