ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់ គួរឲ្យរន្ធត់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ទល់មុខកន្លែង កុងស៊ីកាប់ជ្រូក ផ្លូវវេងស្រេង ភូមិដំណាក់៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ជា សាវ៉ាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ គឺជិះម៉ូតូម៉ាក អាយខន ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AM-7854 បានធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច មិនដឹងថា គោលបំណងទៅណានោះទេ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ដែលជិះស្របទិសគ្នា បណ្តាលឲ្យបុរសជនរងគ្រោះដួលខ្ទាតចូលក្រោមរថយន្តសណ្តោងកុងតឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2694 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត អូរលែ ធ្វើដំណើរស្របទិសគ្នា ធ្វើឲ្យកង់រថយន្តកិនចំក្បាលជនរងគ្រោះដែលពាក់មួកការពារសុវត្ថិភាព បែកទាំងក្បាលមនុស្សនិងបែកមួកសុវត្ថិភាព ហូរឈាមស្លាប់នៅនិងកន្លែងយ៉ាងអណោចអធម។ ដោយឡែករថយន្តកុងតឺន័រ នៅពេលបង្កហេតុហើយ បានបន្ថែមល្បឿនរត់គេចពីកន្លែងកើតហេតុ៥០០ម៉ែត្រ បានឈប់រថយន្តទុកចោល រួចហើយអ្នកបើកបរបានរត់គេខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ឃើញមានសាច់ញាតិ ឪពុកម្ដាយបងប្អូនរបស់ជនរងគ្រោះ បានមកយំសោកបោកខ្លួនឱបសពជនរងគ្រោះទាំងអារម្មណ៍សោកស្ដាយបំផុត នៅកណ្តាលភ្លៀងតែម្តង ។ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕