ម៉ារគី រ៉ាស៊ី អនាគតកូនក្រមុំ (អាពាហ៍ពិពាហ៍) ដ៏ស្រស់ស្អាតសោភា សម្តែងក្តីរំភើប និងបង្ហោះសារអរគុណគ្រប់ប្រិយមិត្តដែលបានផ្ញើសារជូនពរ បន្ទាប់ពីសង្សារប្រុស ប៉ក ផាត់សៈរៈកន ពញ្ញាក់អារម្មណ៍សុំនាងរៀបការ ។
វាជាដំណឹងល្អ សម្រាប់ប្រិយមិត្តរបស់គូស្នេហ៍ ប៉ក-គី នៅពេលដែលកំលោះ ប៉ក ផាត់សៈរៈកន ពញ្ញាក់អារម្មណ៍សង្សារស្រី ដោយការលុតជង្គង់សុំនាងរៀបការ។ ហេតុការណ៍គួរឱ្យ រំភើបព្រឺព្រួចនេះ កើតឡើងនៅឌីសនីវើល អរឡែនដូ ជាទីកន្លែងដែល ម៉ារគី ពេញចិត្តបំផុត ដោយមិត្តភក្តិរបស់ ប៉ក ក៏បានចូលរួមពញ្ញាក់អារម្មណ៍ជាមួយ នឹងការពាក់អាវមានអក្សរថា “Will You Mary Me” ទៀតផង។
ទីបំផុត អនាគតកូនក្រមុំដ៏ស្រស់សោភា ម៉ារគី បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ប្រិយមិត្តដែលបានចូលរួមជូនពរក្នុងទិវាដ៏សែនមានសេចក្តីសុខបំផុតនៅក្នុងជីវិតនេះថា “អរគុណ មិត្តៗទាំងអស់ដែលបានរួមគ្នាបង្កការពញ្ញាក់អារម្មណ៍ក្នុងគ្រានេះ។ អ្នកទាំងអស់គ្នាតាំងចិត្ត និងត្រៀមខ្លួនរាប់ឆ្នាំមកហើយ។ ពិតជាអរគុណខ្លាំងណាស់”។
ព្រមជាមួយគ្នានេះ នាងក៏បានអរគុណដល់ប្រិយមិត្តដែលបានផ្ញើសារមកជូនពរគូស្នេហ៍នាងផងដែរ។
ចំណែកភាគីប្រុស ប៉ក ផាត់សៈរៈកន ក៏បានសម្តែងការថ្លែងអំណរគុណដល់បណ្តាប្រិយមិត្តដែលបានចូលរួម អបអរចំពោះគូស្នេហ៍គេទាំងពីរដែរ។
គួរបញ្ជាក់ថា ម៉ារគី ជាតារាល្បី ខណៈដែល ប៉ក ជាកូនប្រុសក្នុងត្រកូលអភិជន។ អ្នកទាំងពីរស្រលាញ់គ្នារាប់ឆ្នាំមកហើយ រហូតដល់មានពាក្យលេចឮថា ពួកគេរួមរស់ក្រោមដំបូលផ្ទះតែមួយដូចប្តីប្រពន្ធ។ បញ្ហានេះ ម៉ារគី ធ្លាប់បានបដិសេធថា នាងពុំបានរួមរស់ជាមួយ ប៉ក មុនពេលរៀបការនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តនាំគ្នាចូលរួមអបអរ នៅពេលភាគីប្រុសលុតជង្គង់សុំនាងរៀបការបែបនេះ៕