ខេត្តសៀមរាប ៖ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកឃឹម ប៊ុនសុង បានចេញមុខបំភ្លឺរឿងការយល់ច្រឡំថា ភរិយារបស់លោក គឺលោកស្រីគួយ ណាលីន រំលោភយកដីប្រជាពលរដ្ឋនៅក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា “នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានទូរស័ព្ទនិងផ្ញើឯកសារមួយចំនួន មកលោក ដោយបំភ្លឺថា ភរិយារបស់លោកអភិបាល គឺលោកស្រីគួយ ណាលីន មិនបានរំលោភយកដីឈ្មោះផាន់ ភារម្យ ទំហំ៩០៨ម៉ែត្រក្រឡា នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដូចការប្តឹងរបស់ឈ្មោះ ផាន់ ភារម្យ នោះទេ។ លោកឃឹម ប៊ុនសុង ក៏បានបដិសេធចំពោះព័ត៌មានដែលថា លោកបានប្តឹងខ្ញុំទៅអគ្គស្នងការនគរបាលជាតិដែរ តែលោកបានទទួលស្គាល់ថា លោកពិតជាបានទូរស័ព្ទទៅសាកសួរអគ្គស្នងការនគរបាលជាតិ ដើម្បីទាក់ទងរកខ្ញុំសុំបំភ្លឺព័ត៌មានតែប៉ុណ្ណោះ”។
គួរបញ្ជាក់ថា ការឆ្លើយតបពីលោកអភិបាលខេត្តសៀមរាបខាងលើនេះ ធ្វើឡើងក្រោយពេលដែលលោកផែង វណ្ណៈ បានបង្ហោះចែករំលែក (Share) នូវសំណេរពីគណនីហ្វេសប៊ុក ឈ្មោះ “Meas Bunna” នៅក្នុងហ្វេសប៊ុករបស់ លោក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដែលសរសេរថា “លោកស្រីគួយ ណាលីន ភរិយាលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ធ្លាប់ត្រូវបានពលរដ្ឋឱ្យដឹងថា បានរំលោភយកដីគាត់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទំហំ៩០៨ម៉ែត្រក្រឡា។ នេះគ្រាន់តែជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលថ្នាក់ដឹកនាំគួរពិចារណា ពាក់ព័ន្ធនឹងការចាញ់ឆ្នោតនៅខេត្តសៀមរាប។ បើធ្វើល្អគ្មានពលរដ្ឋណាទៅបោះឆ្នោតឱ្យបក្ស ប្រឆាំងនោះទេ”។ បន្ទាប់មកទៀត លោកផែង វណ្ណៈ បានសរសេរបន្ថែមថា ឮថាមន្ត្រីជាន់ខ្ពស់ ខេត្តសៀមរាបប្តឹងខ្ញុំមកអគ្គស្នងការទៀតហើយ ព្រឹកនេះពេលឃើញខ្ញុំចុះផ្សាយលិខិតរបស់គណៈរដ្ឋមន្ត្រី ដែលនិយាយអំពីពលរដ្ឋប្តឹងប្រពន្ធចៅហ្វាយខេត្ត រឿងយកដីរាស្ត្រ។
ប្តឹងបានចេះតែប្តឹងទៅគំរាមបានចេះតែគំរាមទៅ ដេញចោលបានចេះតែដេញទៅ ខ្ញុំគ្មានស្តាយស្រណោះតួនាទីបុណ្យស័ក្តិរាល់ថ្ងៃប៉ុនក្រចកដៃទេ។ តួនាទី បុណ្យស័ក្តិរាល់ថ្ងៃ មិនមែនកេរម៉ែឪខ្ញុំចែកឱ្យទេ តែខ្ញុំទទួលបានមក ដោយការតស៊ូលះបង់បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ អស់រយៈពេល២៩ឆ្នាំមកហើយ។ បើអស់លោកមានអំណាចយល់ថា ខ្ញុំមិនមានតម្លៃ ដេញចោលចុះ ខ្ញុំមិនសោកស្តាយទេ។ ខ្ញុំធ្លាប់និយាយហើយថា បើមេដែលធ្វើឱ្យខ្ញុំគោរព ចេះឱ្យតម្លៃកូនចៅ មានគុណធម៌ចំពោះកូនចៅ ខ្ញុំធ្វើការបម្រើងាប់ចោល តែបើមេអាងអីប្តឹងកូនចៅ អាងអីគំរាមដកតួនាទី បុណ្យស័ក្តិ អាងអីដេញចោល ខ្ញុំសុខចិត្តគោរពអ្នកសុំទានល្អជាង”។
ទោះយ៉ាងណា នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ជម្រាបជូនលោកផែង វណ្ណៈ បានបញ្ជាក់ថា លោកស្រីគួយ ណាលីន ពិតជាមិនបានរំលោភយកដីទំនាស់ដូចការលើកឡើងតាមបណ្តាញ សង្គមហ្វេសប៊ុកនោះឡើយ។
លិខិតរបស់រដ្ឋបាលខេត្តសៀមរាប មានខ្លឹមសារថា “នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ការបង្ហោះចែកចាយតាមបណ្តាញសង្គម (Facebook) មួយចំនួន ដែលបានផ្សព្វផ្សាយអំពីករណីលោកស្រីគួយ ណាលីន ភរិយាលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ធ្លាប់បានពលរដ្ឋប្តឹងថា បានរំលោភយកដីនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ទំហំ៩០៨ម៉ែត្រក្រឡា។ ដូចនេះ រដ្ឋបាលខេត្ត សូមបំភ្លឺករណីនេះដូចខាងក្រោម ៖
ករណីទំនាស់ដីធ្លីទំហំ ៩០៨ម៉ែត្រក្រឡា ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលលោកផាន់ ភារម្យ បានប្តឹងចោទប្រកាន់ឈ្មោះគួយ ណាលីន ថា បានរំលោភយកដីរបស់គាត់នេះ តាមការពិតជារឿងទំនាស់ រវាងលោកផាន់ ភារម្យ (តំណាងឱ្យលោកស្រី កែវ ពិន) ជាមួយលោកគង់ សំណាង នោះទេ។ រឿងនេះ លោកស្រីគួយ ណាលីន ធ្លាប់បានបំភ្លឺជូនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយបានអះអាងថា ករណីទំនាស់នេះ ពុំមានជាប់ពាក់ព័ន្ធនឹងរូបគាត់ទេ (លោកស្រីគួយ ណាលីន)។
ជាលទ្ធផល តាមរយៈលិខិតលេខ១១៤២ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចតាមសំណូមពររបស់ក្រសួងទំនាក៉ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឱ្យអាជ្ញាធរខេត្តសៀមរាប និងមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសុរិយោដីខេត្ត ផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនលោកស្រីប៉ូ លីន បានគ្រប់គ្រងកាន់កាប់ដីដែលបានស្នើសុំចុះបញ្ជីបំពេញបន្ថែម ស្របតាមនីតិវិធី។ បច្ចុប្បន្ននេះ មន្ទីររៀបចំ ដែនដីនគររូបនីយកម្មនិងសំណង់និងសុរិយោដីខេត្ត កំពុងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រជូន។
សូមបញ្ជាក់ថា ដីទំនាស់នេះ ត្រូវបានលោក ស្រីកែវ ពិន លក់ទៅឱ្យលោកស្រីប៉ូ លីន តាមលិខិតលក់ផ្តាច់ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២។
តាមរយៈការបំភ្លឺខាងលើ លោកស្រីគួយ ណាលីន ពិតជាមិនបានរំលោភយកដីទំនាស់ ដូចការលើកឡើងឡើយ”។ ដោយឡែក យោងតាមរយៈលិខិតរបស់សាលាខេត្តសៀមរាប លេខ ០១២/១៦ សបក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកឃឹម ប៊ុនសុង ជម្រាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រតិភូ ដឹកនាំដោយលោកហាក់ ហួត អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងក្រុមការងារខេត្ត បានចុះពិនិត្យ វាស់វែងកំណត់ព្រំដីទំនាស់រួចរាល់ហើយ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបើកកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ឈ្មោះផាន់ ភារម្យ ដែលមានក្បាលដីលេខ២០៦៦ ទំហំ៩០៨ម៉ែត្រការ៉េ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យស្រាវជ្រាវឃើញថា ឯកសារបានបញ្ជាក់ ថា ដីនេះមិនជាន់គ្នាឡើយ។ ម៉្យាងទៀត អង្គប្រជុំបានឯកភាពជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីសម្របសម្រួលដោះស្រាយ។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ដីជូនអាជ្ញាធរខេត្តសៀមរាប ពីលោកគង់ សំណាង និងលោកផាន់ ភារម្យ ដើម្បីធ្វើការសម្របសម្រួល តាមយុទ្ធសាស្ត្រឈ្នះឈ្នះ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរខេត្តសៀមរាប បាន ប្រជុំសម្របសម្រួលដោះស្រាយករណីដីទំនាស់នេះ ដោយមានការចូលរួមពីលោកគង់ សំណាង និងលោកផាន់ ភារម្យ។ ជាលទ្ធផល ភាគីលោក ផាន់ ភារម្យ បានស្នើរយៈពេល១០ថ្ងៃ ដើម្បីពិចារណាឡើងវិញ ដោយហេតុថា ភាគីលោក ផាន់ ភារម្យ ពុំមានឯកសារគតិយុត្ត ដើម្បីលើកជាទឡ្ហីករណ៍។ ចំពោះភាគីលោកគង់ សំណាង មានឆន្ទៈបន្តការដោះស្រាយ។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាធរខេត្តសៀមរាប បានធ្វើការសម្របសម្រួលដោះស្រាយជាលើកទី២ ជាមួយភាគីលោកគង់ សំណាង (អវត្តមាន) និងលោកផាន់ ភារម្យ (លោកស្រីកែវ ពិន)។ ជាលទ្ធផល ភាគីលោកផាន់ ភារម្យ (លោកស្រី កែវ ពិន) នៅតែរក្សាជំហរចង់បានដីរបស់ខ្លួនមកវិញ។ ដោយពិនិត្យឃើញថា ភាគីទាំងពីរមិនអាចបន្តសម្របសម្រួលគ្នាបានតទៅទៀត អាជ្ញាធរខេត្តសៀមរាប បានសម្រេចបញ្ចប់ការសម្របសម្រួលដោះស្រាយ និងបានណែនាំឱ្យគូភាគីបន្តនីតិវិធីដោះស្រាយតាមយន្តការតុលាការ។
ដោយឡែក លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ១១៤២ សជណ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោកប៊ុន អ៊ុយ រដ្ឋមន្ត្រីស្តីទី គោរពជូនលោកស្រី ឧបនាយករដ្ឋមន្ត្រីមែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាបនោះ បានបញ្ជាក់ថា “ចំពោះករណីរបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវករណីបណ្តឹងរបស់ឈ្មោះ ផាន់ ភារម្យ ប្តឹងពីឈ្មោះគួយ ណាលីន ថា បានរំលោភយកដីរបស់គាត់ទំហំ៩០៨ម៉ែត្រការ៉េ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមតាមសំណូមពររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឱ្យអាជ្ញាធរខេត្តសៀមរាប និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្តុ ជូនលោកស្រីប៉ូ លីន បានគ្រប់គ្រងកាន់កាប់ដី ដែលបានស្នើសុំចុះបញ្ជី បំពេញបន្ថែម ស្រមតាមនីតិវិធីរួចហើយ លើ ក្បាលដីលេខ២០៦៦ ទំហំ៩០៨ម៉ែត្រការ៉េ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប”៕
កុលបុត្រ