ភ្នំពេញ ៖ បុរសជាកម្មករស្លដែកម្នាក់បានបាត់ខ្លួន ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលចេញពីធ្វើការផឹកស៊ីស្រវឹង ជិះម៉ូតូខុសផ្លូវធ្លាក់ចូលទឹកក្រោមស្ពាន៧មករា ទាំងម៉ូតូនិងមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពាន៧មករា ស្ថិតក្នុងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ជនរងគ្រោះទាំង៣នាក់ ទី១. ឈ្មោះទួន សុឃៀម អាយុ២១ឆ្នាំ រងរបួសស្រាល រត់គេចខ្លួនចូលទៅក្នុងសិប្បកម្មស្លដែក ដែលធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាបានបាត់ខ្លួន ហើយស្លាប់ ទី២. ឈ្មោះ សុខ ដារ៉ា អាយុ១៩ឆ្នាំ រងរបួសស្រាល និងទី៣ លីនណា អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ទាំងបីនាក់មានមុខរបរកម្មករស្លដែក ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី០១៣ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW-6047 ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញបុរស៣នាក់ជិះ ម៉ូតូជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៍ខ្មៅ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជាកន្លែងងងឹតផងនោះ បានរេចង្កូតទៅបុកគំនរសំបកដូង ធ្វើឲ្យរអិលចូលទឹកស្ទឹងស្ពាន៧មករា ទាំងម៉ូតូទាំងមនុស្សបាត់ខ្លួនអស់ម្នាក់ រកមិនទាន់ឃើញ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ចំណែកម៉ូតូនៅក្នុងទឹកមិនទាន់ស្រង់ចេញនៅឡើយទេ ដោយសមត្ថកិច្ចនៅយាមរង់ចាំព្រឹក ទើបស្រង់ចេញពីក្នុងទឹក ។
បើតាមសម្តីអ្នករងរបួសស្រាលបានប្រាប់ទាំងរវើរវាយឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ ចេញពីធ្វើការបានផឹកស៊ីស្រវឹង ហើយបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅស្រុកបាទី ខេត្តតាកែវ ដោយសារតែពួកគេស្រវឹងខ្លាំងពេក ហើយផ្លូវងងឹតផងនោះ មើលអត់ឃើញ បានជិះខុសផ្លូវហោះធ្លាក់ចូលក្នុងទឹកស្ទឹងស្ពាន៧មករាតែម្តង ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពាន៧មករា បានសំណូមពរឲ្យអាជ្ញាធរដាក់ភ្លើងបភ្លឺផ្លូវផង ពីព្រោះផ្លូវនេះរាល់យប់មានមនុស្សគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ និងមានអ្នកបាត់បង់ជីវិតនៅចំណុចខាងលើនេះជាច្រើននាក់មកហើយ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នកដែលបាត់ខ្លួនរង់ចាំព្រឹក ទើបចុះរាវរកបន្តទៀត។
ម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនានេះ សមត្ថកិច្ចបានចុះទៅស្រង់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ៕