ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាចាញ់បោកអ្នកណារឿងអីឲ្យពិតប្រាកដទេ បានយកម៉ូតូទៅបញ្ចាំចំនួន៥៥០ដុល្លារ ហើយត្រឡប់មកផ្ទះវិញបានប្រាប់ប្រពន្ធថា ត្រូវថ្នាំសណ្តំអស់ម៉ូតូមួយគ្រឿង តែមានក្រដាសបញ្ចាំម៉ូតូតម្លៃ៥៥០ដុល្លារ នៅក្នុងហោប៉ៅខោ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្ទះជួល អត់លេខមួយកន្លែង ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលអះអាងថា គេដាក់ថ្នាំសណ្តំយកម៉ូតូទៅបញ្ចាំនោះ មានឈ្មោះ មាង ឈុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្តុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្រពន្ធឈ្មោះ សាន ចន្នី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកម៉ូតូដែលថាគេដាក់ថ្នាំយកទៅបញ្ចាំ គឺម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង 1G- 3530 ។
តាមសម្ដីបុរសដែលថាត្រូវថ្នាំសណ្ដំរបស់គេ បានឲ្យដឹងថា នៅម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមិថុនា រូបគាត់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីដើររកការងារធ្វើតាមរោងចក្រ លុះពេលម៉ោង៩ព្រឹកថ្ងៃដដែល រូបគាត់ទៅរកការងារនៅម្ដុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៍ស្រាប់តែបុរសម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាសោះ បានយកកាហ្វេមួយថង់ ឲ្យគាត់ផឹក លុះពេលគាត់ផឹកកាហ្វេរួចហើយ ស្រាប់តែរូបគាត់លែងដឹងអ្វីទាំងអស់ គ្រាន់តែដឹងថា មានបុរសម្នាក់ដែលឲ្យកាហ្វេគាត់ហូប បានឌុបគាត់ទៅម្តុំស្តុបទេពផន ក្រៅពីនោះគាត់លែងដឹងអ្វីទាំងអស់ ។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលរូបគាត់បានដឹងខ្លួនវិញ ស្រាប់តែរូបគាត់បានអង្គុយនៅក្រោមដើមឈើមួយកន្លែង តែមិនដឹងនៅទីណានោះទេ បាត់ម៉ូតូបាត់ហើយ តែនៅក្នុងហោប៉ៅមានសំបុត្របញ្ចាំម៉ូតូមួយសន្លឹក ដែលស្នាមមេដៃរបស់គាត់បានបញ្ចាំម៉ូតូ យកប្រាក់ចំនួន៥៥០ដុល្លារ ។ បន្ទាប់មករូបគាត់បានហៅម៉ូតូអោយជូនរូបគាត់ទៅផ្ទះវិញ ឲ្យប្រពន្ធមើលក្រដាសបញ្ចាំម៉ូតូនោះ គ្រាន់តែប្រពន្ធឃើញក្រដាសនោះ គិតតែពីអង្គុយយំឱបប្តី។
បន្ទាប់ពីដឹងរឿងនេះហើយ រូបគាត់ព្រមទាំងប្រពន្ធបាននាំគ្នាទៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ លុះពេលនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សាកសួរពីដំណើររឿងទៅ ហាក់បីដូចជាមិនស៊ីសង្វាក់គ្នានិងរឿងនេះសោះ ពីព្រោះបុរសដែលថាត្រូវថ្នាំ មានសភាពមាំទាំធម្មតា មិនដូចជាអ្នកដែលត្រូវថ្នាំសណ្តំដទៃសោះ បន្ទាប់ពីសាកសួរ ដឹងថា មិនមែនជាករណីកើតឡើងនៅខណ្ឌមានជ័យ នោះទេ គឺនៅខណ្ឌទួលគោក អញ្ចឹងហើយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យជនរងគ្រោះទៅពាក្យបណ្តឹងនៅខណ្ឌទួលគោក តែពេលជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅខណ្ឌទួលគោកនោះទេ សុខចិត្តទូរស័ព្ទឲ្យបងប្អូននៅស្រុកកំណើតលក់មាសយកលុយមកលស់ម៉ូតូវិញ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចសង្ស័យថា មិនមែនត្រូវថ្នាំសណ្តំទេ សង្ស័យថាជាករណី ចាញ់បោកគេ ហើយយកម៉ូតូទៅបញ្ចាំ ព្រោះនៅជាប់នឹងខ្លួនមានក្រដាសបញ្ចាំម៉ូតូ ដែលមានស្នាមមេដៃរបស់ម្ចាស់ម៉ូតូនៅលើក្រដាសបញ្ចាំម៉ូតូ ៕