នុម សនរ៉ាម ទេពពិថាក់ តួឯកល្បីចេញពីរឿង“ផ្កាយព្រឹក” និងនាង នីខូល ថេរិអូ កំពុងតែធ្វើឱ្យមហាជនសង្ស័យលើភាពស្និទ្ធស្នាលចម្លែករបស់ពួកគេ រហូតដល់អ្នកខ្លះចំអន់លេងថា អ្នកទាំងពីរជាគូស្នេហ៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ ភាគីប្រុសមិនបដិសេធរឿងនេះទេ។
មុននេះបន្តិច តារាចម្រៀងមុខក្មេង នីខូល ថេរិអូ និងតារាឯក រូបសង្ហា នុម សនរ៉ាម ទេពពិថាក់ បានស្រុះស្រួលគ្នាបង្ហោះរូប គូគ្នាក្នុងឥរិយាបថផ្សេងៗដូចជា ការបរិភោគអាហារ ការធ្វើការងារ ឬសូម្បីតែការដឹកដៃគ្នាដើរយ៉ាងស្និទ្ធស្នាល។ រូបភាពទាំងនេះ ធ្វើឱ្យ ប្រិយមិត្តគិតវែងឆ្ងាយ រហូតដល់អ្នកខ្លះយល់ថា អ្នកទាំងពីរជាគូស្នេហ៍ថ្មីទៀតផង។
ចុងក្រោយនេះ លោក នុម ថែមទាំងបង្ហោះរូបដែលប្រៀបដូចជាការអះអាងពីសម្ព័ន្ធភាពរបស់ពួកគេដ៏ស្អិតល្មួតថែមទៀត គឺរូបដែលលោក នុម ទៅចូលរួមបាយជាមួយនាង នីខូល និងកូនប្រុសរបស់នាងឈ្មោះ ធិកកឺរ។ មើលមួយភ្លែត អ្នកទាំងបី មិនខុសពីក្រុមគ្រួសារដ៏កក់ក្តៅមួយឡើយ។
រូបភាពនេះនាំមកនូវការសម្តែងមតិជាច្រើន ហើយអ្នកខ្លះថែមទាំងជំរុញឱ្យអ្នកទាំងពីរក្លាយជាសង្សារមែនទែនទៀតផង។ មតិភាគច្រើន បរិយាយថា ស្នេហាគឺជារឿងល្អ ស្រលាញ់មេបំពេកូន ឬក្នុងន័យចំអន់អ្នកទាំងពីរ។
សំខាន់ បើទោះជាមានការចំអន់ដូចម្តេច ក៏ នុម សនរ៉ាម មិនព្រមចេញមកបដិសេធ ឬបកស្រាយបំភ្លឺទាល់តែសោះ។ វាហាក់ដូចជាព្រមទទួលស្គាល់ស្ងាត់ៗថា នេះគឺជាការពិត៕