Wednesday, January 22, 2025
Homeព័ត៌មានជាតិម្នាក់រៀនថា្នក់ទី៧ ម្នាក់ទៀតរៀនថ្នាក់ទី៩ ជាប់ខ្នោះ ព្រោះឆក់ទូរស័ព្ទ

ម្នាក់រៀនថា្នក់ទី៧ ម្នាក់ទៀតរៀនថ្នាក់ទី៩ ជាប់ខ្នោះ ព្រោះឆក់ទូរស័ព្ទ

​ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជិះស៊ីក្លូបានសម្រេច ហើយរត់គេចមិនបានសម្រេច ត្រូវអាវុធហត្ថខណ្ឌដូនពេញ ចាប់បាន ដែលហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមិថុនា តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៣០ នៅចំណុចខាងលិចពីផ្សារធំថ្មី ប្រមាណជា១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ ជាអ្នកឆក់ទូរស័ព្ទដៃ មានឈ្មោះ មាស ភីម ហៅអាប៉េងបោះ ភេទប្រុស អាយុ១៥ឆ្នាំ ​មុខរបរជាសិស្សថ្នាក់ទី7A ស្នាក់់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងជនសង្ស័យទី២ ជាអ្នកបើកម៉ូតូ មានឈ្មោះ ជួន វីរះសត្សា ហៅអាសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ​មុខរបរជាសិស្សថ្នាក់ទី៩ ស្នាក់នៅសង្កាត់ផ្ទះលេខ២១៣ ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AO-5557។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាមួយមិត្តភក្តិ​របស់គាត់ ទើបតែចេញមកពីធ្វើក្រចកនៅផ្សារកណ្តាល គោលបំណងត្រឡប់ទៅផ្ទះវិញ ​ដោយ​​ជិះស៊ីក្លូ​ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone 6 ដែលគាត់កំពុងតែកាន់ជាប់នឹងដៃបានសម្រេច ហើយជិះរត់គេចខ្លួន ​ក៏បានជួបនឹងកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញ ​ជិះរត់ដេញចាប់ប្រផាប់ចាប់ប្រផីងទៅដល់ផ្លូវលេខ១៣ ​ជនសង្ស័យបានជិះទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្តាលឲ្យដួល ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ក្របួចបានទាំង២នាក់ រួមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុថហត្ថខណ្ឌដូនពេញ ហើយជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពប្រាប់ថា ​ពួកគេពិតជាបានឆក់ទូរស័ព្ទដៃជនរងគ្រោះពិតមែន ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ជាង១០ដងមកហើយ ចំណែកម៉ូតូដែលជនសង្ស័យបុក ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ជួយសងថ្លៃខូចខាតអោយចំនួន50$ ដើម្បីបញ្ចប់រឿង កុំឲ្យមានរឿងរាវវែងឆ្ងាយ ។

 

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីឲ្យកងរាជអាវុធខណ្ឌដូនពេញ ចាត់ការទៅតាមនីតិវិធី ។ រីឯទូរស័ព្ទត្រូវបានអាវុធហត្ថប្រគល់អោយជនរងគ្រោះវិញ ៕

RELATED ARTICLES