សុខ ពិសី បានចេញទៅច្រៀងសម្តែងក្រៅប្រទេសជាលើកដំបូង កាលពីខែមីនា ឆ្នាំ២០១៧នោះ គឺប្រទេសជប៉ុន ដោយរួមដំណើរជាមួយលោករតនៈ ពិសិដ្ឋ, អ៊ឹង និមល, ព្រះកាយច័ន្ទ ជាដើម ដើម្បីប្រមូលថវិកាយកមកជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយតារាចម្រៀងសាន់ដេ រូបនេះនិយាយថា នាងរីករាយបំផុតដែលក្នុងនាមជាសិល្បករ-សិល្បការិនីម្នាក់ ដែលបានចូលរួមជួយដល់សង្គមបានខ្លះៗនោះ។
ដោយឡែកកាលពីពេលថ្មីៗនេះ ពិសី ក៏បានចូលរួមការប្រគំតន្ត្រីសប្បុរសធម៌មួយចំនួន ដើម្បីយកថវិកាទៅជួនមន្ទីរពេទ្យគន្ធបុប្ផាដែរ ហើយតាមគម្រោង អ្នកចម្រៀងសាច់សខ្ចីរបស់ផលិតកម្មសាន់ដេ រូបនេះ នឹងហោះទៅប្រទេសកូរ៉េ ជាលើកដំបូងនៅដើមខែតុលា ដើម្បីចូលរួមសម្តែងក្នុងការប្រគំតន្ត្រីសប្បុរសធម៌ រៀបចំដោយមូលនិធិយុវជនខ្មែរ ស្មគ្រ័ចិត្តនៅកូរ៉េ ដែលការប្រគំតន្ត្រីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។
ប្រភពបានឱ្យដឹងថា សុខ ពិសី បានត្រៀមបទល្បីៗរបស់នាងជាច្រើនបទសម្រាប់ការប្រគំតន្ត្រីនោះ ហើយនាងក៏ចាប់ដៃគូជាមួយនាងពេជ្រ សោភា និងលោក Step ផងដែរ ដើម្បីឱ្យការប្រគំតន្ត្រីនោះ ទទួលបានការទាក់ទាញពីពលករកូរ៉េ រាប់ពាន់នាក់នោះ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាចម្រៀងសុខ ពិសី និយាយដោយសប្បាយរីករាយថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ព្រឹត្តិការណ៍នោះ ហើយនាងស្វាគមន៍ជានិច្ច សម្រាប់ការប្រគំតន្ត្រីសប្បុរសធម៌ ដែលយកថវិកាមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទោះជាក្នុងស្រុក ឬក្រៅប្រទេសក៏ដោយ។
សុខ ពិសី បានថ្លែងថា “មិនមែនតែនៅឆ្នាំ២០១៧នេះទេ ដែលខ្ញុំចូលរួមសម្តែង Concert សប្បុរសធម៌នោះ តាមពិតគឺជាយូរហើយ ដែលខ្ញុំតែងតែធ្វើ គ្រាន់តែពីមុនខ្ញុំមិនដែលនិយាយ ឬផ្សព្វផ្សាយប៉ុណ្ណោះ។ ដោយឡែកឆ្នាំនេះវិញ ខ្ញុំសប្បាយចិត្តដែលមុននេះ យើងបានទៅប្រទេសជប៉ុន រកបានថវិកាខ្លះៗមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅដើមខែតុលា ខ្ញុំនឹងចេញទៅប្រទេសកូរ៉េ វិញម្តង ដែលនោះ ក៏ជាលើកទី១ដែរសម្រាប់ខ្ញុំ តាមគម្រោង គឺចេញទៅ៤ថ្ងៃ ដែលការច្រៀងសម្តែង នោះគឺនឹងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហើយសម្រាប់គោលការណ៍ខ្ញុំរីករាយជានិច្ច សម្រាប់ការចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ ទោះជាក្នុងឬក្រៅស្រុកក៏ដោយ ឱ្យតែឆ្លៀតបាន គឺយើងនឹងទៅចូលរួម។ កាលពីឆ្នាំមុនៗ មានកម្មវិធីខ្លះខ្ញុំមិនបានចូលរួម គឺដោយសារតែខ្ញុំជាប់កុងត្រាជាមួយក្រុមហ៊ុនគេហើយ អីចឹងពេលខ្លះយើងមិនអាចទៅបានមែន តែភាគច្រើន គឺយើងបានទៅចូលរួមតន្ត្រីសប្បុរសធម៌ផ្សេងៗនោះ”។
ប្រភពបានឱ្យដឹងថា សុខ ពិសី ត្រូវបានបណ្តា Sponsor នៅអាមេរិក, បារាំង, អូស្ត្រាលី ជាដើម ព្យាយាមទាក់ទងឱ្យនាងទៅច្រៀងជាច្រើនលើកមកហើយ តែពិសី នៅតែមិនទាន់សម្រេចចិត្តទៅ ព្រោះតែនាងមានលក្ខខណ្ឌថា បើសិនជាមិនបានលោកឪពុក ឬប្អូនប្រុសនាងចេញទៅជាមួយ គឺនាងមិនទៅម្នាក់ឯងជាដាច់ខាត ទោះជាបានតម្លៃខ្លួនច្រើនប៉ុនណាក៏ដោយ។
តារាសិល្បៈមួយចំនួន បាននិយាយ ថា ពិសី បានចោលលុយក្រៅស្រុករាប់ម៉ឺនដុល្លារ ព្រោះនាងល្បីជាច្រើនឆ្នាំហើយ តែបែរជាមិនដែលទៅរកលុយនៅបែកអឺរ៉ុប ទាល់តែសោះ ខណៈដែលគម្រោងចេញទៅសម្តែងនៅអាមេរិក ជាលើកទី១ កាលពីឆ្នាំ២០១៥ ជាមួយលោកឆាយ វីរៈយុទ្ធ ត្រូវបានលើកពេលដោយគ្មានការកំណត់ជាក់លាក់ឡើយ។ តារាមួយចំនួននិយាយថា ការដែលពិសី មិនចង់ទៅច្រៀងនៅអឺរ៉ុបតែម្នាក់ឯង ដោយគ្មានសាច់ញាតិនាងទៅជាមួយនោះ ព្រោះស្រីស្អាតរូបនេះខ្លាចប្រុសបរទេស ចែចង់ស្នេហ៍ ហើយឃាត់មិនឱ្យមកស្រុកខ្មែរវិញ ទើបបានជានាងមិនហ៊ានប្រថុយដូចតារាផ្សេងៗទៀត ខណៈដែលនៅក្នុងស្រុកវិញ ដំណឹងដែលថា ពិសី បានភ្ជាប់ស្នេហ៍ជាមួយថៅកែក្មេងផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ហៅសេង កាន់តែមានមហាជនចាប់អារម្មណ៍ច្រើន បើទោះជាអ្នកទាំង២ ច្រានចោលជាបន្តបន្ទាប់ក្តី។
សុខ ពិសី បញ្ជាក់ថា “ខ្ញុំពិតជាមានលក្ខខណ្ឌថា បើសិនជាគ្មានប៉ាខ្ញុំឬប្អូនខ្ញុំទៅជាមួយ គឺខ្ញុំមិនទៅមែនការច្រៀងសម្តែងនៅក្រៅស្រុកប៉ែកអឺរ៉ុបនោះទេ ទោះជាគេឱ្យប៉ុន្មានក៏ដោយ។ សម្រាប់ខ្ញុំសូមអធ្យាស្រ័យបងប្អូន នៅអាមេរិក អូស្ត្រាលី បារាំង និងប្រទេសផ្សេងៗទៀតដែរ គាត់ទាក់ទងមកយើងចង់ឱ្យទៅ តែខ្ញុំមិនទាន់ទៅបាន ដោយសារតែការច្រៀងនៅប្រទេសទាំងនោះ គឺមានរយៈពេលវែងពី៣ខែទៅ៦ខែអីចឹង ខ្ញុំរវល់ក្នុងស្រុក មិនអាចទៅបាន។ ប៉ុន្តែដូចទៅជប៉ុន និងកូរ៉េ ខ្ញុំអាចទៅបាន ដោយសារតែការសម្តែង គឺមានរយៈពេលខ្លីៗ។ ចំពោះរឿងថា ខ្លាចមានអ្នកណាស្រលាញ់អីនោះ គឺជារឿងធម្មតាទេ ព្រោះយើងជាអ្នកសិល្បៈអីចឹង មានគេស្រលាញ់គាំទ្រអីចឹងហើយ មិនមែនតែស្នេហាទាំងអស់ទេ អ្នកខ្លះគាត់គាំទ្រយើងទេ”៕