Wednesday, January 22, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បញ្ចប់ដំណើររំលឹកការចងចាំប្រវត្តិតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត

សម្តេចហ៊ុន សែន បញ្ចប់ដំណើររំលឹកការចងចាំប្រវត្តិតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព បន្ទាប់ពីបានធ្វើដំណើរពេញមួយថ្ងៃ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧  ពីតំបន់ព្រំដែននៃខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទឹកដីនៃប្រទេសវៀតណាម ក្នុងឱកាសខួបលើកទី៤០ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧) នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

យោងតាមទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងដំណើររំលឹកនៃការចងចាំនេះ សម្តេចហ៊ុន សែន បានដឹកនាំក្រុមប្រតិភូមកកាន់ទីតាំងសំខាន់ៗចំនួន០៧ ទាំងក្នុងទឹកដីកម្ពុជា និងក្នុងទឹកដីនៃប្រទេស វៀតណាម ដែលសម្តេចធ្លាប់មានអនុស្សាវរីយ៍ដ៏ជូរចត់បំផុតក្នុងការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមទីតាំងនីមួយៗ សម្តេចហ៊ុន សែន ក៏បានមានប្រសាសន៍រៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងអ្នកសារព័ត៌មាន ឱ្យបានដឹងព្រឹត្តិការណ៍នីមួយៗផងដែរ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារឰខួបលើកទី៤០ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧) នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបាន ធ្វើឡើងនៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាទីតាំងដំបូងបំផុត  (ចំណុចប្រវត្តិសាស្ត្រទី១) ដែលសម្តេចហ៊ុន សែន បានដឹកនាំសហការី ចំនួន០៤រូប រួមមាន នុច ថន, ញឹក ហួន, ស៊ូ គីមស៊្រាង (ហៅសាញ់) និងវ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភគាំទ្រ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅពេលអញ្ជើញមកដល់ចំណុចប្រវត្តិសាស្ត្រទី១នេះ សម្តេចនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅសាលាបឋមសិក្សាហ៊ុន សែន កោះថ្ម ក្នុងបរិយាកាសរីករាយក្រៃលែង ដោយសម្តេចបានរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេច នាគ្រានោះ ប្រាប់ដល់មហាជន ក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា ថា គ្រាដ៏គ្រោះថ្នាក់របស់សម្តេច នាពេលនោះ គឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស បានរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។

នាឱកាសនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលធ្លាប់បានស្គាល់គ្នាក្នុងសម័យតស៊ូនោះផងដែរ។ នៅទីនោះ សម្តេចក៏ផ្តល់ជូននូវការសាងសង់អគារសាលាបឋមសិក្សាកោះថ្ម ១ខ្នង ២ជាន់ផងដែរ ដែលពេលនេះសាងសង់បានប្រមាណជាង៥០%ហើយ ព្រមទាំងផ្តល់តាមការស្នើសុំរបស់ប្រជាពលរដ្ឋនូវអគារសាលាបុណ្យ១ខ្នង និងប្រឡាយទឹក១ខ្សែផងដែរ។

បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី និងក្រុមប្រតិភូ ក៏បានបន្តដំណើរទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចដើមទ្រយឹង (ចំណុចប្រវត្តិសាស្ត្រទី២) ដែលជាទីតាំងសម្តេចបានឆ្លងចូលប្រទេសវៀតណាម។

នៅព្រឹកថ្ងៃដដែលនោះ បន្ទាប់ពីបានធ្វើដំណើរដោយរថយន្ត ចាកចេញពីសាលាបឋមសិក្សាហ៊ុន សែន កោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងចម្ងាយ១៤គ.ម តែក្នុងសម័យនោះ សម្តេចធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាយ៩.៩គ.ម ដែលការធ្វើដំណើរពេលនេះ អមដោយលោកនុជ ថន លោកវ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូ បានមកដល់ចំណុចប្រវត្តិសាស្ត្រទី២ ត្រង់ព្រំប្រទល់កម្ពុជា-វៀតណាម ដើមទ្រយឹង។

បន្ទាប់ពីបានអញ្ជើញអុចធួបសុំសេចក្តីសុខនៅទីនេះរួចហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រៀបរាប់ដោយទឹកភ្នែកពីរឿងរ៉ាវដ៏ឈឺចាប់នៅទីនេះ។ សម្តេចហ៊ុន សែន បានថ្លែងថា សម្តេចបានយកជីវិតមកធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាង នៅឆ្នាំ១៩៧៥។ នៅត្រង់ចំណុចនេះ សម្តេចហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាម ឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿហើយ សុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជា ប្រជាធិបតេយ្យ? សំណួរចុងក្រោយ តើវៀតណាម អាចចាប់បញ្ជូនមកឱ្យប៉ុល ពត វិញឬទេ?

សម្តេចហ៊ុន សែន បានបញ្ជាក់ថា ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ។ សម្តេចពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់បំផុត ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ប៉ុល ពត នៅឡើយ។ បន្ទាប់ពីថ្លែងរឿងរ៉ាវដ៏ជូរចត់ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងក្រុមអ្នកសារព័ត៌មាន រួចរាល់ហើយ សម្តេចហ៊ុន សែន អមដំណើរដោយលោកនុជ ថន និងលោកវ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូ បានធ្វើដំណើរដោយថ្មើរជើងពីព្រំប្រទល់កម្ពុជា ត្រង់ចំណុចដើមទ្រយឹង ឆ្លងចូលព្រំប្រទល់ប្រទេសវៀតណាម ដល់ភូមិថាញ់តី ឃុំឡុកតឹន ស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក រួចបន្តដំណើរដោយរថយន្តមកចំណុចប្រវត្តិសាស្ត្រទី៣ ជាបន្តទៀត។

បន្ទាប់ពីធ្វើដំណើរចាកចេញព្រំដែនកម្ពុជា-វៀតណាម ដោយរថយន្ត ក្នុងចម្ងាយ១៦គ.ម តែក្នុងសម័យនោះ សម្តេចហ៊ុន សែន បានធ្វើដំណើរតាមផ្លូវកាត់ ក្នុងចម្ងាយ៦គ.ម គឺបានមកដល់ស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម ដែលជាទីតាំងដែលសម្តេចបានលាក់អាវុធ (ចំណុចប្រវត្តិសាស្ត្រទី៣)។ សម្តេចហ៊ុន សែន អមដំណើរដោយលោកនុជ ថន លោក វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូជាច្រើនទៀត ដោយមានទទួលបដិសណ្ឋារកិច្ចពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស ខុទ្ទកាល័យរដ្ឋាភិបាល គណបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

សម្តេចហ៊ុន សែន បានមានប្រសាសន៍រៀបរាប់ពីស្ថានភាពនាគ្រានោះថា ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង១១ៈ០០នាទីជិតថ្ងៃត្រង់ ក្រុមរបស់សម្តេច បានទៅជួបផ្លូវលំមួយក្រាលក្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម។ ការលាក់អាវុធនៅទីនេះ គឺជាការគិតគូរដ៏ឈ្លាសវៃមួយ ពីព្រោះកងទ័ពវៀតណាម ឱ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លប អាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សម្តេច និងក្រុមយុទ្ធមិត្ត មិនអាចធានាបានឡើយ។

នៅថ្ងៃនេះដដែល បន្ទាប់ពីបានអញ្ជើញធ្វើដំណើរចាកចាកចេញពីកន្លែងលាក់អាវុធ ដែលជាចំណុចប្រវត្តិសាស្ត្រទី៣ ហើយនោះ សម្តេចហ៊ុន សែន និងក្រុមប្រតិភូ ក៏បានបន្តដំណើរចម្ងាយ៧៥០ម. ដើម្បីមកជួបសំណេះសំណាលជាមួយសាក្សីដឹងឮចំនួនពីររូប ដែលកាលនោះ ជាកម្មករចម្ការកៅស៊ូ នៅភូមិហ័រលី (ចំណុចប្រវត្តិសាស្ត្រទី៤ និងទី៥)។ សាក្សី២នាក់នោះ មានឈ្មោះង្វៀន វ៉ាន់ហ៊ុង និងយឿង វ៉ាន់ថឺក។

សម្តេចហ៊ុន សែន បានមានប្រសាសន៍រៀបរាប់ពីស្ថានភាពនាគ្រានោះថា នៅវេលាម៉ោង១៤ៈ០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច និងក្រុមយុទ្ធមិត្ត បានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ ពីព្រំដែន ពេលនោះប្រទះនឹងកម្មករចម្ការកៅស៊ូវៀតណាម ដែលកំពុងធ្វើដំណើរ សម្តេចក៏បានដើរសំដៅកម្មករនោះ ហើយក្រុមកម្មករ ក៏បានឱ្យក្រុមសម្តេចរង់ចាំនៅទីនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាម មកដល់ ដោយមានអាវុធមកជាមួយផង។ ដំបូង វៀតណាម សង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះថា ជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ប៉ុល ពត ហើយបានធ្វើការសាកសួរ។ ថ្ងៃនេះ សម្តេចក៏បានជួបពួកគាត់ទាំងពីរនាក់ និងរំលឹកពីអនុស្សាវរីយ៍ទាំងអស់នោះផងដែរ។

ចំណុចចុងក្រោយ សម្តេចហ៊ុន សែន និងក្រុមប្រតិភូ បានអញ្ជើញទៅដល់សារមន្ទីរអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (ចំណុចប្រវត្តិសាស្ត្រទី៦) ក្នុងទឹកដីនៃប្រទេសវៀតណាម ដោយធ្វើដំណើរចម្ងាយ៣,៤គ.ម ពីចំណុចប្រវត្តិសាស្ត្រទី៤ និងទី៥ ហើយសម្តេចក៏បានអញ្ជើញកាត់ខ្សែបូ សម្ពោធផ្ទាំងសិលាចារឹក និងដាំដើមឈើទុកជាអនុស្សាវីយ៍ ជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល។

ក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មាភិបាលប្រជាជន សាក្សីដឹងឮប្រវត្តិសាស្ត្រ និងអតីតយុទ្ធជនប្រចាំការនៅសារមន្ទីអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ព្រមទាំងបានអញ្ជើញពិសាអាហារថ្ងៃត្រង់នៅទីនោះ ក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង មុននឹងអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧៕

RELATED ARTICLES