កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ពិធីការិនី CTN អ្នកនាងយុគ ចិន្ដា បាននាំម្ដាយនិងកូនៗរបស់លោកអិុត សេដ្ ឋាទៅមើលផ្ទះល្វែងមួយជុង នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវក រាជធានីភ្នំពេញ ក្បែរវត្តទួល ដើម្បីឲ្យក្រុមគ្រួសារនេះបានរួចផុតពីជីវិតរស់នៅផ្ទះជួល នៅផ្លូវចូលសាលាបឋមសិក្សាឬស្សីកែវ នោះ។ ប៉ុន្ដែផ្ទះល្វែងនោះមិនទាន់ទិញ បើទោះជាម្ដាយលោកអិុត សេដ្ឋា និងកូនៗទាំង៣ស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ តែវាមានតម្លៃដល់ទៅ៩ម៉ឺនដុល្លារឯណោះទើបពេលនេះក្រុមមូលនិធិ CTN ដែលកាន់ប្រាក់ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភជួយគ្រួសារលោកអិុត សេដ្ឋា នោះកំពុងសិក្សាឲ្យបានច្បាស់សិន ព្រោះតែមិនចង់ទិញផ្ទះឲ្យអស់លុយហើយ មិនមានសល់ប្រាក់សម្រាប់បង្កើតមុខរបរនោះឡើយ។
អ្នកនាងយុគ ចិន្ដា បានសរសេរនៅលើ Facebook របស់អ្នកនាងថា ខ្ញុំបាននាំកូនៗនិងម្ដាយរបស់លោកអិុត សេដ្ឋា ទៅមើលផ្ទះល្វែងមួយជុង ដែលជាក្ដីប្រាថ្នារបស់លោកសេដ្ឋា មុនពេលគាត់ចែកឋានទៅ ចង់បានផ្ទះសម្រាប់កូនៗនិងម្ដាយគាត់រស់នៅ។ បន្ទាប់ពីអ្នកម្ដាយនិងកូនៗលោកអិុត សេដ្ឋា ពេញចិត្តផ្ទះល្វែងនោះ ហើយនាងខ្ញុំនឹងមានផែនការប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបណ្ដាញទូរទស្សន៍ CTN លើកគម្រោងនៃការទិញផ្ទះនេះ ដើម្បីប្រគល់ជូនពួកគាត់នាពេលឆាប់ៗនេះ។
អ្នកនាងយុគ ចិន្ដា បានវិលត្រឡប់មកពីអាមេរិក វិញ កាលពីថ្ងៃទី១៦ ខែមិថុនា ហើយគ្រាន់តែចុះពីកាំជណ្ដើរយន្ដហោះភ្លាម អ្នកនាងចិន្ដា បានបង្ហួសទៅគោរពវិញ្ញាណខណ្ឌលោកអិុត សេដ្ឋា នៅផ្ទះជួលរបស់ក្រុមគ្រូសារលោកសេដ្ឋា ដោយបាននាំយកថវិកាពីសប្បុរសជននៅអាមេរិក ចំនួន៤០៦១ដុល្លារ ទៅជូនគ្រូសារលោកសេដ្ឋា ផងដែរ ខណៈដែលពិធីករសាយ រតនៈ ក៏បានប្រមូលថវិកាបន្ថែមចំនួន២២០០ដុល្លារ ទៅជូនអ្នកម្ដាយលោកសេដ្ឋា ដែរ។
តាមប្រភពថា ពេលនេះមូលនិធិដែលសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បានឧបត្ថម្ភជូនគ្រូសារលោកអិុត សេដ្ឋា នោះត្រូវបានបិទហើយ ដោយប្រមូលបានទឹកប្រាក់១២ម៉ឺនដុល្លារ។
ប្រភពបានឲ្យដឹងថា ទឹកប្រាក់ទាំងអស់នេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ CTN ដើម្បីជាសុវត្ថិភាពដល់គ្រួសារលោកសេដ្ឋា និងការចាត់ចែងទិញផ្ទះ១ល្វែង ជូនក្រុមគ្រួសារលោកសេដ្ឋានិងសល់ប្រាក់ខ្លះដើម្បីបង្កើតជាមុខរបររកស៊ីមួយចិញ្ចឹមជីវិតផងដែរ។
លោកសាយ រតនៈ បានប្រាប់អ្នកយកព័ត៌មានយើងកាលពីថ្ងៃទី២១ ខែមិថុនា ថា ផ្ទះដែលអ្នកនាងយុគ ចិន្ដា ជូនអ្នកម្ដាយនិងកូនៗលោកអិុត សេដ្ឋា តែយើងទៅមើលក្បែរវត្តទួល នោះ តាមពិតក្រុមគ្រូសារលោកសេដ្ឋា ពេញចិត្តនិងស្រលាញ់ផ្ទះនោះណាស់ តែយើងមិនទាន់បានទិញទេព្រោះក្រុមការងារកាន់មូលនិធិលោកសេដ្ឋា កំពុងសិក្សាជាមុនសិន។
លោករតនៈ បញ្ជាក់ថា ”ផ្ទះដែលអ្នកនាងយុគ ចិន្ដា ជូនម្ដាយនិងកូនៗលោកសេដ្ឋា ទៅមើលម្សិលមិញនេះ ១ជុង មានតម្លៃដល់ទៅ៩ម៉ឺនដុល្លារឯណោះ អីចឹងយើងមិនទាន់សម្រេចចិត្តទិញទេ ព្រោះអីយើងមិនចង់ទិញផ្ទះឲ្យគាត់ ហើយអស់លុយ មិនអាចឲ្យគាត់បង្កើតមុខរបរបាននោះទេ គឺទិសដៅយើងចង់បានផ្ទះ១ជុងឲ្យគាត់ ហើយឲ្យគាត់សល់លុយមានមុខរបរផងដែរ។ខាង CTN នឹងពិភាក្សាគ្នាលើរឿងនេះ ហើយហើយយើងចង់ទិញផ្ទះឲ្យគាត់ត្រឹមតែតម្លៃ៦ម៉ឺនដុល្លារអីទេ ដើម្បីឲ្យគាត់នៅសល់លុយកាក់ខ្លះសម្រាប់រកស៊ីអ្វីមួយ។ បើតាមខ្ញុំដឹង ទឹកប្រាក់ដែលមូលនិធិសម្រាប់ជួយដល់គ្រូសារលោកអិុត សេដ្ឋា នៅពេលនេះ គឺបានបិទទៅហើយ គឺមានចំនួនទឹកប្រាក់សរុបគឺ១២១.០០០ដុល្លារ ហើយលុយនេះនៅក្រោមការគ្រប់គ្រងរបស់CTN”។
ប៉ុន្តែបើយើងតាមហ្វេសប៊ុកអ្នកនាងយុគ ចិន្តា កាលពីម្សិលមិញ បានសរសេរថា “បន្ទាប់ពីមានការប្រជុំជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CSB រួចរាល់ ព្រឹកនេះនាងខ្ញុំក៏បាននាំអ្នកម្តាយរបស់លោកអិុត សេដ្ឋា ដើម្បីមកធ្វើកុងត្រាទិញផ្ទះ នឹងធ្វើការកក់ប្រាក់ដើម្បីទិញផ្ទះមួយល្វែងប្រគល់ជូនដល់ក្រុមគ្រួសារលោកអិុត សេដ្ឋា ដែលផ្ទះនេះជាផ្ទះដែលបានប្រមូលថវិកាពីសំណាក់រាជរាដ្ឋាភិបាល ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំនឹងបុគ្គលិកនៃបណ្តាញស្ថានីយទូរទស្សន៌ CTN នឹងបងប្អូនប្រជាជនខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែង សូមអរគុណដល់សន្តានចិត្តដ៏ថ្លៃថ្លារបស់អស់លោក លោកស្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គលរហូតទៅ !”។
លោកអិុត សេដ្ឋា បានទទួលមរណៈភាពក្នុងអាយុ៤៧ឆ្នាំ កាលពីថ្ងៃទី០៤ ខែមិថុនា ដោយជំងឺមហារីកថ្លើម បន្សល់ទុកកូន៣នាក់ (ស្រី២) ហើយកូនស្រីពៅ អាយុ១០ឆ្នាំ ត្រូវបានអ្នកនាងយុគ ចិន្ដា ទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សាឲ្យរៀនរាំរបាំបុរាណជាមួយកូនស្រីអ្នកនាង ឈ្មោះអម អាយុ១២ឆ្នាំ ហើយអ្នកនាងចិន្ដា ប្រាប់ថា អ្នកនាងសោកស្ដាយបំផុតដែលបានបាត់បង់ដៃគូយល់ចិត្ត ដែលរួមការងារជាមួយគ្នា ២៣ឆ្នាំម្នាក់ គ្មានថ្ងៃត្រឡប់វិញ ហើយពេលនេះ អ្នកនាងកំពុងសិក្សាស្វែងរកដៃគូថ្មីមកជំនួសលោកសេដ្ឋា ដែលត្រូវចាប់ដៃជាមួយអ្នកនាងបន្ដទៀត៕