ភ្នំពេញ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ទើបនឹងចេញពីសាលារៀន ក៏ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ល្បួងនាំយកទៅបាត់ ធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោតាមស្វែងរកគ្រប់ច្រកល្ហកនៅតែមិនឃើញ ក៏សម្រេចរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ ស្ថិតក្នុងខណ្ឌចំការមន។ ប៉ុន្តែបានរកឃើញក្មេងស្រីរងគ្រោះវិញ នៅវេលាម៉ោង៦និង៣០នាទី រសៀលថ្ងៃដដែល។
ក្មេងស្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខល្បួងយកទៅ មានឈ្មោះអេនណា អាយុ៩ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ នៅពេលបាត់ខ្លួនស្លៀកសំពត់ពណ៌ខៀវ និងពាក់អាវពណ៌ស (ឯកសណ្ឋានសិស្ស)។
តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់ពួកគាត់ឈ្មោះអេនណា ហើយពេលដែលបាត់ខ្លួននោះ នាងស្លៀកសំពត់ខៀវ អាវស។ នៅមុនពេលកើតហេតុ កូនស្រីរបស់ពួកគាត់បានចេញទៅរៀនដូចសព្វមួយដង លុះដល់៩ព្រឹក ស្រាប់តែខាងសាលារៀនបានផ្តល់ដំណឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះថា បាត់ក្មេងស្រីរងគ្រោះមិនឃើញនៅសាលារៀន ឃើញតែកាតាបសៀវភៅ។ ភ្លាមនោះ ក្រុមគ្រួសារបាននាំគ្នាដើររក និងបានសាកសួរនៅម្តុំកន្លែងកើតហេតុ ក៏ទទួលបានដំណឹងថា នៅមុនពេលកើតហេតុគេឃើញមានជនសង្ស័យម្នាក់ បើកម៉ូតូម៉ាកវីវ៉ា ពាក់មួកសុវត្ថិភាព បិទមុខជិត ហើយបានមកល្បូងកូនស្រីរបស់ពួកគាត់ ដោយភូតថា ម្តាយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឱ្យទៅមើលជាបន្ទាន់។ បន្ទាប់មក កូនស្រីរបស់គាត់ក៏ប្រញាប់ឡើងជិះម៉ូតូជាមួយជនសង្ស័យចាកចេញទៅបាត់ទៅ និងមិនដឹងជាទៅណានោះទេ។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានី ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រីរបស់ពួកគាត់ត្រឡប់មកវិញ។
ជុំវិញករណីបាត់ក្មេងស្រីខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ ស្រាវជ្រាវតាមស្វែងរកក្មេងស្រីរងគ្រោះ។ លុះមកដល់វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល ជនសង្ស័យបានយកក្មេងស្រីរងគ្រោះមកទម្លាក់ចោលនៅផ្សារម៉ុងឌីយ៉ាល់ រួចគេចខ្លួនបាត់។
តាមសម្តីក្មេងស្រីរងគ្រោះបានប្រាប់ទាំងភិតភ័យថា មុនពេលកើតហេតុ នាងត្រូវបានបុរសម្នាក់មកប្រាប់ថា ម្តាយនាងជួបគ្រោះថ្នាក់ចរាចរណ៍បែកក្បាល កំពុងព្យាបាលនៅមន្ទីរពេទ្យ ទើបនាងបានឡើងជិះម៉ូតូជាមួយជនសង្ស័យ ហើយជនសង្ស័យបានដឹកនាងទៅដល់មន្ទីរពេទ្យមួយ (មិនស្គាល់ឈ្មោះ) រួចជនសង្ស័យបានយកស្កុតរុំដៃនាង និងបិទមាត់ កុំឱ្យស្រែក លុះមកដល់រសៀលថ្ងៃដដែល ទើបជនសង្ស័យបានដឹកនាំមកទម្លាក់ចោលនៅផ្សារម៉ុងឌីយ៉ាល់ (ផ្សារឃ្លាំងរំសេវ) រួចគេចខ្លួន បាត់ ទើបនាងបានជិះម៉ូតូឌុបមកកាន់សាលារៀនវិញ ហើយក៏បានជួបឪពុកម្តាយនាងដែលកំពុងភ័យស្លន់ស្លោដើររកនាង ធ្វើឱ្យពួកគាត់រំភើបត្រេកអរជាពន់ពេក។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីប្រមាញ់ចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕