ភ្នំពេញ ៖ យុវជនមួយក្រុម ខឹងខ្ចីទូរស័ព្ទអត់ឲ្យ បានយកដុំថ្មគប់ម៉ូតូនិងម្ចាស់ម៉ូតូរងរបួសស្រាល ហើយគេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចមុខផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ធី រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាកនិច (Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GJ-6439 ជិះម្នាក់ឯង រងរបួសស្រាល។ ចំណែកជនបង្កមានឈ្មោះ តយ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្រែញ៉រ សង្កាត់ពងទឹក ខណ្ឌដង្កោ និងម្នាក់ទៀតអត់ស្គាល់ឈ្មោះ។
តាមការនិយាយប្រាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្សារជម្ពូវ័ន្ត លុះនៅម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា បានចេញមកវិញហើយបានលេចមុខបុរសមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក បានសុំខ្ចីទូរស័ព្ទមិនឲ្យ បានជេរប្រមាថទៅលើជនរងគ្រោះ ហើយបានយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យបែកស្តុបម៉ូតូនិងរបួសស្រាល ចំណែកជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ទាមទារសំណងចំនួន៥០០$ ៕