អតីតតារាសម្ដែងភាពយន្ដ ខារ៉អូខេ និងស្ពត អ្នកនាងឈាន នីហ្សា ដែលបានបោះបង់អាជីពសិល្បៈជាង៣ឆ្នាំនោះ ពេលនេះកំពុងតែរស់នៅប្រទេសបារាំង ជាមួយស្វាមីនិងកូនប្រុសស្រី យ៉ាងមានសុភមង្គល បើទោះជាតាំងពីរៀបការ ហើយអ្នកនាងនីហ្សា ទើបតែបានមកលេងស្រុកខ្មែរជាមួយស្វាមីនិងកូនៗតែម្ដង កាលពីឆ្នាំ២០១៥ក្ដី។ ដោយឡែកថ្មីៗនេះ តាមប្រភពព័ត៌មានពីតារាចម្រៀងម្នាក់ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសបារាំង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ឈាន នីហ្សា ពេលនេះកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយនាងមានអារម្មណ៍ឯកោបន្ដិច ទើបពេលខ្លះនឹកស្រុកខ្មែរ ហើយចង់វិលត្រឡប់មករស់នៅស្រុកកំណើតនិងបន្ដអាជីពសិល្បៈជាថ្មីឡើងវិញទៀតផង។
តាមរយៈការឆ្លើយឆ្លងតាមសារអេឡិត្រូនិច FaceBook កាលពីពេលថ្មីៗនេះ អ្នកនាងឈាន នីហ្សា បានថ្លែងថា អ្នកនាងពិតជាមានអារម្មណ៍នឹកស្រុក ហើយនឹងមានគម្រោងចង់ត្រឡប់ទៅរស់នៅនិងរកស៊ីនៅស្រុកខ្មែរវិញ ប្រាកដមែន ព្រោះនៅបារាំង នាងគ្មានសាច់ញាតិទេ ហេតុនេះហើយ ពេលខ្លះអផ្សុកខ្លាំងណាស់។
តារាសាច់សស្រលនរូបនេះ រៀបរាប់ថា ”ខ្ញុំស្ដាយដែរហ្នឹង ដែលមករស់នៅស្រុកបារាំង យើងអត់សូវមានស្គាល់អ្នកណាអីចឹង ឯកោមែន ហើយខ្ញុំចោលការថតរឿងនៅស្រុកខ្មែរច្រើនរឿងដែរពិសេសគឺផលិតកម្មចក្រវាឡពេជ្រភាពយន្ដ គាត់បានធ្វើរឿងច្រើនសម្រាប់ខ្ញុំ តែដល់ពេលយើងមានគ្រួសារមករស់នៅតាមស្វាមីទៅ គាត់ក៍ដាក់តួផ្សេងវិញ។ នៅស្រុកបារាំង នេះស្វាមីខ្ញុំមិនឲ្យធ្វើការអីទេ គឺខ្ញុំនៅផ្ទះមើលថែកូនៗ និងឆ្លៀតរៀនភាសារខ្លះៗដែរ ហើយថ្ងៃមុនខ្ញុំបានទៅមើលបងអែនឌី សម្ដែងច្រៀងរាំនៅបារាំង ហ្នឹងដែរ មានអារម្មណ៍ថា នឹកការងារសិល្បៈ ព្រោះនៅបារាំង ពេលខ្លះមានអារម្មណ៍ថាកណ្ដោចកណ្ដែងខ្លះៗដែរ”។
ឈាន នីហ្សា បានប្រឡូកសិល្បះជិត១០ឆ្នាំ ដោយមានមហាជនជាច្រើនបានចងចាំរូបនាងតាមរយៈភាពយន្ដនិងខារ៉ាអូខេ តែតារាកូនកាត់ចិនសាច់សខ្ចីរូបនេះ បានបោះបង់អាជីពចាស់ចោល បន្ទាប់ពីនាងបានរៀបការ និងចេញទៅរស់នៅជាមួយស្វាមីជាអាណិកជនខ្មែរ នៅបារាំង កាលពីឆ្នាំ២០១៣ និងបានចេញទៅរស់នៅប្រទេសបារាំង រយៈពេលជាង៣ឆ្នាំនេះ ដោយទទួលបានសុភមង្គលយ៉ាងកក់ក្ដៅ ក្នុងការសាងជីវិតថ្មីលើដីបារាំងនេះ។ ពេលនេះ ឈាន នីហ្សាទទួលបានចំណងដៃស្នេហ៍ជាកូន២នាក់ទៅហើយ គឺកូនប្រុសឈ្មោះ Richard អាយុ៣ឆ្នាំ និងកូនស្រីឈ្មោះ Laura អាយុ៦ខែ។
តាមប្រភពថា ឈាន នីហ្សា គ្រោងវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ នាពេលដែលកូនប្រុសស្រីរបស់នាងធំធាត់ជាងនេះបន្ដិច ហើយអតីតតារាសម្ដែងរូបនេះនឹងចង់បើកអាជីវកម្មមួយ នៅរាជធានីភ្នំពេញ ហើយនាងនឹងរស់នៅជាអចិន្ត្រៃយ៍នៅកម្ពុជា ច្រើនជាងទៅបារាំង ទៀតផង។
ឈាន នីហ្សា ថ្លែងថា ”ជាការពិត ខ្ញុំមិនអាចរស់នៅប្រទេសបារាំង ជារៀងរហូតបានទេ ព្រោះនៅស្រុកគេ មិនដូចស្រុកយើងឡើយ។ ខ្ញុំមានគម្រោងចង់មករកស៊ីនៅស្រុកខ្មែរវិញ នាពេលអនាគត ចង់បង្កើតមុខរបរអ្វីមួយដែលទាក់ទងសិល្បៈដែរ ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ទេ។ ខ្ញុំនៅតែស្រលាញ់អាជីពសិល្បៈអីចឹង គ្រាន់តែថាពេលនេះ យើងត្រូវដល់ពេលបង្កើតគ្រូសារមើលថែកូនៗរបស់ខ្ញុំ ដើម្បីឲ្យពួកគេមានអនាគត”។
ក្រៅពីឈាន នីហ្សា តារាដែលមានស្វាមីនឹងចេញទៅរស់នៅប្រទេសបារាំង មានដូចជា អ្នកស្រីសូ សារឿន ជិន សិរីយ៉ា ដែលពេលនេះអតីតតារាល្បីឈ្មោះទាំងនេះ បានចុះមកលេងស្រុកខ្មែរ ជាញឹកញាប់ ហើយអ្នកខ្លះនៅតែឆ្លៀតច្រៀងសម្ដែងនៅបារាំង ពេលដែលមានតារាខ្មែរយើងបានទៅសម្ដែងនៅទីនោះ។ ដោយឡែកអ្នកនាងឈាន នីហ្សា មិនបានបន្ដអាជីពចម្រៀងសម្ដែងនៅបារាំងទៀតទេ គឺអ្នកនាងយកពេលច្រើនទៅមើលការថែរក្សាកូនប្រុសស្រីប៉ុណ្ណោះ ព្រោះស្វាមីនាងមិនឲ្យនីហ្សា ចង់ឲ្យនាងដើរតួជាស្រី្ដមេផ្ទះនៅជាមួយកូនៗច្រើនជាងការចង់ចាប់អាជីពសិល្បៈឡើងវិញ៕