លោកម៉ាដូណា បានប្រារព្ធខួបកំណើតយ៉ាងអធិកអាធម កាលពីរាត្រីថ្ងៃទី២៦ ខែមិថុនានៅហាង Happy Family កោះពេជ្រ ដោយមានតារាប្រុសស្រីជាច្រើន បានសម្រុកចូលរួមពិសេសភេទទី៣តែម្ដង ដែលស្ទុះមកឱបថើបលោកដូណា ស្អិតមិនចង់ព្រលែងឡើយ។
ម៉ាដូណា បានឲ្យដឹងថា កម្មវិធីខួបលោកឆ្នាំនេះ គឺចម្រើនព្រះជន្មគម្រប់៣៦ឆ្នាំ ហើយចំណាយថវិកា៧ពាន់ដុល្លារឯណោះ ព្រោះនេះអាចជាខួបចុងក្រោយ ហើយឆ្នាំក្រោយមិនមានគម្រោងធ្វើកម្មវិធីនេះទៀតទេ។
ម៉ាដូណា ថ្លែងថា ”ខ្ញុំដឹងថា យប់ហ្នឹងច្បាស់ជាមានគេច្រៀងបទ “ចាស់ហើយធ្វើខួបទៀត” ជាមិនខាន មិនខឹងគេថាទេ ព្រោះឆ្នាំនេះខ្ញុំមានអាយុច្រើនមែន គឺ៣៦ឆ្នាំហើយបាទ! កម្មវិធីរាត្រីនេះខ្ញុំហៅភ្ញៀវ៤០០នាក់ (៤០តុ) ក្នុងនោះភាគច្រើនជាអ្នកសិល្បករ និងមានមិត្តភក្ដិរៀនជាមួយគ្នាតាំងពីនៅវិទ្យាល័យ រហូតដល់សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបទៀត ថ្ងៃហ្នឹងមកទាំងអស់ហ្នឹង។ ការធ្វើខួបនេះ ខ្ញុំមិនគិតថា ចំណេញឬខាតទេ តែក៍មិនចង់ខាតដែរ ព្រោះភ្ញៀវទាំងអស់ដែលមក គឺគេចងដៃ តែយើងមិនទាន់អាចទូទាត់ថាបានប៉ុន្មានទេ ហើយនៅឆ្នាំក្រោយ ខ្ញុំមិនមានគម្រោងធ្វើខួបធំបែបនេះទៀតទេ”៕