បឹងជើងឯក មានទីតាំងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯខ្ទមអ្នកតាពីមុននៅក្បែរមាត់បឹង តែបច្ចុប្បន្ននៅក្នុងរបងនៃបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
លោកតាហង្ស ឌុល អាយុ៧២ឆ្នាំ មានលំនៅជាប់មាត់បឹងជើងឯក បានឱ្យដឹងថា អ្នកតាជើងឯក ឬអ្នកតាដំបូកធាតុ មានអាយុកាលរាប់រយឆ្នាំមកហើយ គឺតាំងពីគាត់នៅក្មេងបានឃើញអាស្រមអ្នកតាតាំងនៅកណ្តាលបឹងលើដីដំបូក ដែលមានទឹកព័ទ្ធជុំវិញដូចកូនកោះ។ នៅសម័យសេនាប្រមុខលន់ នល់ មានការចាក់ដីលុបបឹងមួយចំណែក ប៉ះដល់ដំបូកអ្នកតាផង ប៉ុន្តែពួកទាហានតែងធ្វើពិធីបន់ស្រន់សុំសេចក្តីសុខ ព្រោះតំបន់នោះជាបន្ទាយទាហានខ្សែក្រវាត់ការពារក្រុងភ្នំពេញ។ ជំនាន់ដើម បើអ្នកមានជំនឿចង់ឃើញក្រពើស ឬពស់ធំៗ ឱ្យតែមកបន់សុំលោកតាមើល ច្បាស់ជាសត្វទាំងនោះ បណ្តែតខ្លួនលើទឹកបឹងឱ្យឃើញមិនខាន។ សត្វទាំងនោះ មិនដែលយាយីមនុស្សណាទេ ព្រោះជាសេនាអ្នកតា ទោះជាអ្នកស្រុកយកជាកន្លែងដាំត្រកួន កញ្ឆែត ឬចាប់ត្រី ក៏អ្នកតាមិនប្រកាន់ទោសអូសដំណើរអ្វីដែរ។
លោកតាឌុល បន្តទៀតថា ចូលមកដល់សម័យប៉ុល ពត គេបានយកទីនេះជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ តាមគ្រប់រូបភាព។ ទោះជាពួកឃាតករកាចសាហាវយ៉ាងណាក៏ពួកគេធ្វើតាមបញ្ជាអង្គការ មិនហ៊ានរឹងទទឹង ហើយបើតាមគាត់ដឹង ពួកឃាតករទាំងនោះក៏មានការគោរពចំពោះអ្នកតាដំបូកធាតុនោះដែរ ជាក់ស្តែង ពួកអាវខ្មៅបាតដៃ លោហិតមិនបានកាប់បំផ្លាញដំបូក និងដើមឈើធំ ជាលំនៅអ្នកតានោះទេ រហូតនៅសល់ជាភ័ស្តុតាងដល់សព្វថ្ងៃ។ គាត់មិនបំផ្លើសទេ កាលពីក្មេង ពេលគាត់ដើរតាមមាត់បឹងនៅវេលាយប់ ធ្លាប់បានឃើញអ្នកតាកាឡាខ្លួនជាមនុស្សខ្មៅដូចធ្យូង កម្ពស់ប្រហែល៣ម៉ែត្រ ដោយស្លៀកសំពត់ចងក្បិន មានកន្សែងក្រវាត់ចង្កេះ និងជួតក្បាលដោយក្រណាត់ជាតីពណ៌ក្រហម ដៃកាន់ដំបងខ្លឹម។ អ្នកតាអង្គនេះ តែងបង្ហាញខ្លួននៅរាត្រីថ្ងៃសីល ពិសេសថ្ងៃ១៥កើត អមដោយសេនាអ្នកតារាប់រយ ដែលសេនាទាំងនោះមើលឃើញតែស្រមោលខ្មៅៗ អង្គុយតម្រៀបគ្នាជាជួរនៅលើទំនប់ចំពីមុខអាស្រមអ្នកតា។
លោកតាហង្ស ឌុល បន្តទៀតថា យប់មួយ គាត់អុំទូក ទៅដោះត្រីជាប់មងក្នុងបឹង លុះឃើញស្រមោលខ្មៅ ក៏អែបទូកទៅពិនិត្យ ស្រាប់តែឮសំឡេងសូត្រធម៌ ម្តងតិច ម្តងខ្លាំង ក៏យល់ថា អ្នកតាបឹងជើងឯក បានកោះហៅព្រលឹងខ្មោច ដែលស្លាប់នៅក្នុងរបបប៉ុល ពត មកបង្រៀនធម៌ ដើម្បីឆាប់បានទៅចាប់ជាតិទៀត។ ត្រង់ចំណុចមាត់បឹងនេះ អ្នកទោសគុក ទួលស្លែងរាប់ម៉ឺននាក់ ត្រូវពួកពេជ្ឈឃាតដឹកមកសម្លាប់ កប់ចោលគ្មានប្រណី ដែលសព្វថ្ងៃ ឆ្អឹងជនរងគ្រោះទាំងនោះ បានលើងចេញពីក្នុងដី យកទៅតម្កល់ក្នុងស្តូប ប៉ុន្តែ ដោយសារមុនស្លាប់មិនបានស្តាប់ព្រះធម៌ ទើបព្រលឹងគ្មានវិលវល់ ហើយត្រូវអ្នកតាអាណិតអាសូរ ក៏ប្រមូលមកបង្រៀនធម៌ នៅរៀងរាល់យប់ថ្ងៃសីល។
លោកសូ សាវឿន អាយុ៣៧ឆ្នាំ ជាអ្នកម៉ៅការសំណង់នៅក្បែរនោះ ក៏បានអះអាងដូចគ្នា លោកក៏ធ្លាប់ឮ និងបានឃើញអ្នកតាបឹងជើងឯកនិម្មិតកាយ បង្រៀនធម៌ដល់ស្រមោលខ្មៅៗ រាប់រយនៅលើខ្នងទំនប់ពិតមែន តែបានឃើញម្តងគត់ចំថ្ងៃពេញបូណ៌មី ម៉ោង១យប់ ពេលលោកចេញទៅបត់ជើងតូច។ ដោយសារតែលោកមិនចេះខ្លាចខ្មោច ក៏សសៀរៗទៅអើតមើលតាមសំណាញ់លួស មើលទៅក្នុងបរិវេណកន្លែងកប់ខ្មោច ក៏ឮសូរដូចមនុស្សសូត្រធម៌ឱ្យទ្រហឹង លោកក៏លង់ស្តាប់ធម៌មួយភាំងទៅ។ លុះប្រមូលស្មារតីបានវិញ ក៏ស្ងាត់ជ្រងំ ក៏ជឿថា អ្នកតាដែលផ្លាស់អាស្រមមកគង់នៅក្បែរកន្លែងកប់ខ្មោច បានកោះហៅព្រលឹងខ្មោច ដែលត្រូវគេសម្លាប់មកបង្រៀនធម៌ និងអនុញ្ញាតឱ្យមនុស្សណាដែលមាននិស្ស័យ បានស្តាប់ផង តែបើអត់និស្ស័យស្តាប់មិនឮ មើលមិនឃើញទេ។
ដោយឡែក មន្ត្រីម្នាក់សុំមិនប្រាប់អត្តសញ្ញាណ បានឱ្យដឹងថា លោកក៏ធ្លាប់ឮ និងបានឃើញភ្លើងទៀនជាច្រើនឆេះព្រោងព្រាត ក្បែររណ្តៅសពជនរងគ្រោះ ដូចមានអ្នកមកអុជបំភ្លឺ ដែលតាមពិត កន្លែងនេះ ពេលយប់គ្មានអ្នកណាហ៊ានចូលទៅជិតទេ។ លោកជាមន្ត្រីអនុរក្សមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នេះ ដល់វេនយាមចំរាត្រីថ្ងៃសីល ពិតជាបានឮមនុស្សសូត្រធម៌រងំៗ ក៏ជឿថា អ្នកតាជើងឯកបង្រៀនធម៌ដល់ខ្មោច ដើម្បីបានជាយានឈានទៅសុគតិភព។
សូមបញ្ជាក់ថា ក្នុងរបបប៉ុល ពត បានបង្កើតគុកទួលស្លែង ឬមន្ទីរស២១ សម្រាប់ឃុំឃាំងអ្នកទោស ដែលអង្គការចោទប្រកាន់ពីបទក្បត់បដិវត្តន៍។ កាំង ហ្គេចអៀវ ហៅឌុច ប្រធានពន្ធនាគារដ៏ធំនោះ តែងបញ្ជាឱ្យដឹកអ្នកទោសពេញៗរថយន្តបិទដំបូលជិតឈឹង យកមកសម្លាប់ចោលមាត់បឹងជើងឯកនេះ។ ក្រោយឆ្នាំ១៩៧៩ ទីតាំងប្រល័យពូជសាសន៍នេះ ត្រូវបានរៀបចំជាមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលពិនិត្យស្រាវជ្រាវ ដោយបានលើកយកអដ្ឋិធាតុទៅតម្កល់ទុកគរគ្នាក្នុងស្តូប។ ទោះជារដ្ឋាភិបាល ក៏ដូចជាពុទ្ធបរិស័ទធ្វើបុណ្យឧទ្ទិសជូនរាល់ឆ្នាំ ក៏អ្នកស្រុកនៅតំបន់នេះ អះអាងថា ព្រលឹងសពមិនទាន់ទៅចាប់ជាតិអស់ទេ ទើបល្បីថា អ្នកតាចាស់ស្រុកគ្រប់គ្រងបឹងជើងឯក មកជួយបង្រៀនធម៌ដល់ខ្មោច៕