Sunday, November 24, 2024
Homeនយោបាយបក្សកាន់អំណាចថា គ្មានការពន្យារពេលបោះឆ្នោត២០១៨

បក្សកាន់អំណាចថា គ្មានការពន្យារពេលបោះឆ្នោត២០១៨

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបញ្ជាក់ថា គ្មានការពន្យារពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ នាពេលខាងមុខនេះទេ ដែលការបញ្ជាក់បែនេះ បន្ទាប់ពីប្រធាន សមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងពន្យារពេលការបោះឆ្នោតថ្នាក់ជាតិនេះ រហូតដល់ឆ្នាំ២០១៩។

លោករស់ សារ៉ុម ដែលទើបតែបានប្រកាសមោឃភាពលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកថា តាមប្រភពព័ត៌មានដែលលោកទទួលបានគឺការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទំនងជាពន្យារពេលរហូតដល់ឆ្នាំ២០១៩។

លោករស់ សារ៉ុម បានមានប្រសាសន៍ប្រាប់ “នគរធំ” ជុំវិញបញ្ហានេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ថា “ខ្ញុំសូមជម្រាបន្តិចថា ពាក់ព័ន្ធជាមួយនឹងចំណុចនេះ គឺយើងខ្ញុំបានទទួលនូវព័ត៌មាន ដែលគួរឱ្យទុកចិត្តមួយ។ អ៊ីចឹងមូលហេតុដែលសម្រាប់ធ្វើការពន្យារពេលបោះឆ្នោត ២០១៨ ទៅ២០១៩ ហ្នឹង ទី១ ដោយសារការបោះឆ្នោតព្រឹទ្ធសភានេះ គឺប្រពឹត្ត្រទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ អាហ្នឹងមួយ។ ទី២ ពាក់ព័ន្ធជាមួយនឹងការធ្វើឱ្យកម្សោយចរន្តនៃការផ្លាស់ប្តូរ ធ្វើឱ្យខ្សោយតាមរយៈការពន្យារពេល ព្រោះប្រជាជនចង់បានឱ្យធ្វើយ៉ាងម៉េច ការបោះឆ្នោតហ្នឹងឆាប់មកដល់។ អ៊ីចឹងវិធីដែលល្អហ្នឹង មានតែការពន្យារពេល។ ទី២ ពាក់ព័ន្ធជាមួយនឹងគណបក្សប្រជាជនកម្ពុជា ផងដែរ តាមដែលខ្ញុំទទួលបានហ្នឹង គឺយើងឃើញថា មិនមែនគណបក្សប្រជាជនកម្ពុជាអត់លុយទេ សម្រាប់ចុះមូលដ្ឋានពង្រឹងសកម្មជនហ្នឹង ក៏ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺភាគច្រើននៃអ្នកដែលចុះមូលដ្ឋាន ហៅថា ក្រុមការងារចុះជួយមូលដ្ឋានមានថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ-សង្កាត់ មួយៗហ្នឹង ហាក់ដូចជាអត់សូវមានកម្លាំង គឺ ចង់និយាយថា គណបក្សប្រជាជនកម្ពុជា មើលឃើញពីចរន្តនៃការផ្លាស់ប្តូរហ្នឹង វាខ្លាំង វាលើសលប់ ពីព្រោះប្រសិនយើងនិយាយអំពីសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នេះ យើងឃើញថា ថ្វីត្បិតគណបក្សប្រជាជនកម្ពុជា នាំមុខប្រហែល៤០ម៉ឺនសំឡេង នាំមុខគណបក្សមែន តែបើប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៨ នោះ សំឡេងនៅដដែល។ ហើយពាក់ព័ន្ធនឹងការពន្យារនៅក្នុងការបោះឆ្នោតហ្នឹង ខ្ញុំសូមបញ្ជាក់ជូនបន្តិចទៀតចុះ គឺទឡ្ហីករណ៍ដែលសំខាន់ហ្នឹង គឺ CPP ក៏ត្រូវការម៉ោង ត្រូវការពេលវេលា ដើម្បីរៀបចំខ្លួនដែរ ពីព្រោះរឿងកណ្តាប់ដៃដែក រឿងបច្ចេកទេស រឿងស្អីផ្សេងទៀតហ្នឹង  គឺមិនអាចទប់ទល់នៃចរន្តនៃការផ្លាស់ប្តូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានទេ ពីព្រោះបើសិនទទួលបានព័ត៌មានពីគ្រប់ទីកន្លែង មានន័យថា ប្រជាជនហ៊ាននៅក្នុងបញ្ចោញមតិ អត់ខ្លាចការគំរាមកំហែងទេ ពីព្រោះប្រជាជនចង់បានសេរីភាព ចង់បានយុត្តិធម៌ពិតប្រាកដនៅ ក្នុងសង្គមនេះ។ អ៊ីចឹងអ្នកនយោបាយ មិនថា បក្សណាទេ ត្រូវតែច្បាស់លាស់ជាមួយប្រជាជន។ បើសិនជាមិនច្បាស់លាស់ជាមួយប្រជាជនទេ ២០១៨ នេះ វាម៉្យាងម្នាក់ទេ បើសង្គ្រោះជាតិ ធ្វើមិនស្រួល ក៏មិនអាចទទួលចរន្តនៃការផ្លាស់ប្តួរហ្នឹងបានទេ ហើយបើសិនជា CPP នៅតែទំនើង អត់អាចធ្វើអីស្រេចចិត្តទៀត អាហ្នឹងប្រជាជន នឹងដូរ CPP ចោលទៀត គឺដូរតាមរយៈសន្លឹកឆ្នោត។ អ៊ីចឹងកន្លែងហ្នឹងហើយ ដែលគណបក្សប្រជាជនកម្ពុជា ត្រូវការពេលវេលានេះ គឺប្រភពមួយទុកចិត្តមែនទែន ដែលខ្ញុំអាចយកជាផ្លូវការបានថា គឺជាការពិត នៅក្នុងគោលបំណងមួយ ដែលចង់ពន្យារបោះឆ្នោតមួយក្រិកទៀត”។

ក្រៅពីលើកឡើងបែបនេះ លោកក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងបញ្ហានយោបាយរបស់គណបក្សកាន់អំណាចថា “សម្តេចប្រឹងបំប៉នបញ្ញើក្អែកក្លាយ ជាដើម ពោធិព្រឹក្ស ដាក់រូបអ្នកតាឱ្យអ្នកធ្លាប់ជ្រកម្លប់ និងរាស្ត្រថ្វាយបង្គំបន្ត ក្រោមបារមីទេវតា មេត្តាសួរចិត្តរាស្ត្រខ្លះផង។

ដង្កូវ ពិតជាអាចក្លាយជាមេអំបៅបាន។ ផ្ទុយទៅវិញ បញ្ញើក្អែក អាចក្លាយជាដើមពោធិព្រឹក្ស បានដែរឬយ៉ាងណា?

ពិតមែនហើយ ទេវតា ជប់អ្វីក៏បានដែរ ប៉ុន្តែមនុស្សមិនមែនទេវតាឯណា? កុំថាឡើយ  ប្រទេសកម្ពុជា សូម្បីគណបក្សប្រជាជនកម្ពុជា  ក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ត្រកូល “ហ៊ុន” ឯណា? ទៅពឹងយួន ផ្តួលខ្មែរក្រហម ក៏មិនមែន មានតែត្រកូល “ហ៊ុន” ឯណា? នៅមានត្រកូល “ហេង” និងត្រកូល “ជា” ដែរតើ! ឬមួយចង់ យកត្រកូល “ហ៊ុន” ទិញភាគហ៊ុនផ្តាច់មុខខាងពឹងយួន ដែលលោកខៀវ សំផន ថា ជាអ្នកបើកដៃឱ្យយួនសម្រេចផែនការលេបទឹកដីខ្មែរ?

ខ្ញុំមិនចង់និយាយទេ ប៉ុន្តែប្រវត្តិសាស្ត្រខ្មែរ ធ្វើឱ្យពលរដ្ឋខ្លួនឯងវង្វេងទៅហើយ បច្ចុប្បន្ននេះ។ រឿងគណបក្សប្រជាជនកម្ពុជា ចង់ដាក់អ្នកណាបន្តវេន បន្ទាប់ពីសម្តេចតេជោ ជារឿងផ្ទៃក្នុងរបស់ CPP ប៉ុន្តែបើដាក់ហើយមានបញ្ហាក្តាប់អំណាចមិនជុំ ឆ្ពោះទៅរកភាពផ្តាច់ការជាងមុន ឬធ្វើឱ្យបក្សខ្សោយ អ្នកដែលរងទុក្ខ គឺមានខ្ញុំ និងរាស្ត្រមួយនគរ តើឱ្យរាស្ត្រខ្មែរមិនខ្វល់ម្តេចបាន?

លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា

បើខ្ញុំនិយាយ សូមសម្តេចកុំខឹងនឹងខ្ញុំជាពលរដ្ឋសាមញ្ញ ចំណេះដឹងនិងធនធានស្តួចស្តើង។ ខ្ញុំចង់និយាយថា សម្តេចកំពុងដើរខុសគន្លង “របបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សហើយ”។ ម៉្យាងវិញទៀត ក្នុងនាមសម្តេចជា ប្រធានបក្ស សម្តេចកំពុងអនុញ្ញាតឱ្យធ្វើ និងលើកទឹកចិត្តមន្ត្រីអមសម្តេចឱ្យ “បណ្តុះបណ្តាល យុវជនស្នងត្រកូលបន្តវេន” តាមតំបន់កាន់កាប់រៀងៗខ្លួន បង្កើតឱ្យមានអំពើអយុត្តិធម៌ គ្រប់ទីកន្លែង ក្នុងបក្សនិងសង្គម ដោយមានសម្តេចផងដែរជាគំរូដ៏អាក្រក់ ដឹងថាខុសហើយ នៅតែប្រព្រឹត្តទៀត សម្តេចដឹងហើយតើ កាលពីម្សិលមិញ សម្តេចមានប្រសាសន៍ថា “រាស្ត្រខ្មែរស្អប់ណាស់ រឿងប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូន ស័ក្តិ៥”។ តើសម្តេចបច្ចុប្បន្នពិតជាមានសុទិដ្ឋិនិយមថា សម្តេចធ្វើបានល្អហើយមែនឬទេ ចំពោះរឿងនេះ? សម្តេចកុំភ្លេច សម្តេចអាចក្លាយជាមេបង្កបញ្ហាធំជាងគេបានគ្រប់ពេលក្នុងសង្គម ព្រោះអាចថា “សម្តេចផ្កាយ៥ ភរិយា សម្តេចផ្កាយ៦ កូនសម្តេចផ្កាយ៧”។ ឧបមាថា សម្តេចគ្រប់គ្រងគ្រួសារសម្តេចបានចុះ ថាតើ សម្តេចអាចលូកដៃគ្រប់ពេលទៅគ្រួសារផ្សេងបានទេ? ខណៈតុលាការមួយ ស្តង់ដារយុត្តិធម៌ ពីរអំពើពុករលួយជាប្រព័ន្ធ (ខ្លាស៊ីគោមួយទាំងមូល សម្តេចអត់ដេញដោល ប៉ុន្តែបើឆ្មាគ្រាន់តែ ស៊ីត្រីអាំង សម្តេចវាយគ្នាចង់ងាប់) សម្តេចកែទម្រង់អត់ចេញផង តើឱ្យរាស្ត្រសង្ឃឹមអី?

រឿងមួយទៀត សម្តេចមានប្រសាសន៍ថា កូនច្បងសម្តេច លោកហ៊ុន ម៉ាណែត ជា “អ្នកតា” ។ ខ្ញុំអាចយល់ពីសេណារីយោមួយនេះ។ ហើយបន្ថែមពីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា របស់កូនសម្តេច លោកហ៊ុន ម៉ានី ត្រឹម ជាសាខាបក្ស មិនមែនជាគណៈចលនាមហាជនរបស់បក្សទេ ប៉ុន្តែសម្តេចហាក់ដាក់ជីជ្រុល មានតែស្លឹក ហើយគ្មានផ្លែ ថ្ងៃណាមួយ ច្បាស់ជាត្រូវឥតប្រយោជន៍មិនខានឡើយ។ ចំណែក កូនសម្តេចមួយទៀត លោកហ៊ុន ម៉ានិត ពិតជាអាចស្នងលោកសៅ សុខា បានដែរឬយ៉ាងណា?

សម្រាប់ខ្ញុំ រឿងសម្តេចធ្លាប់ទៅពឹងយួន  ដែលជាសត្រូវសួពូជរបស់ខ្មែរ ដើម្បីផ្តួលរំលំខ្មែរក្រហម ហើយបានកាន់អំណាចដល់បច្ចុប្បន្ន ខ្ញុំមិនខឹងនឹងសម្តេចទេ ព្រោះប្រវត្តិសាស្ត្រខ្មែរ ក្រោយសម័យអង្គរមក បើអតីតស្តេចខ្មែរ ឬ មេដឹកនាំខ្មែរ ដើម្បីបានកាន់អំណាច ចៀសមិនផុតពីពឹងយួន ពឹងសៀម និងកាត់ទឹកដីជូនពួកគេឡើយ។

ហើយទៅចុះ រំលឹកប្រវត្តិសាស្ត្របានត្រឹម ជូរចត់ ខ្ញុំចង់ឃើញខ្មែរជំនាន់នេះ រកការផ្សះផ្សាជាតិ និងឯកភាពជាតិពិតឱ្យឃើញ ដើម្បីកុំឱ្យបរទេសឈ្លានពានមានឱកាសមើលងាយខ្មែរថា “មិនបាច់វាយទេ គ្រាន់តែឱ្យវាលាបពណ៌ ខ្មែរគ្នាវា បែកបាក់សាមគ្គីគ្នា ក៏យកប្រយោជន៍ពីខ្មែរបានហើយ”។

ទោះបីយ៉ាងណា ទាក់ទងនឹងការលើកឡើងរបស់លោករស់ សារ៉ុម ថាគណបក្សប្រជាជនកម្ពុជា នឹងពន្យារការបោះឆ្នោតនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់បដិសេធថា គ្មានព័ត៌មានបែបនេះកើតឡើងទេ ព្រោះតាមស្ថានភាពជាក់ស្តែង ដែលគណបក្សប្រជាជនកម្ពុជា កើនសំឡេងឆ្នោតនៃការនាំមុខបក្សប្រឆាំង គណបក្សមានតែចង់ឱ្យបោះឆ្នោតបានឆាប់រឹតតែល្អ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “អានេះភាសាពួកគ្រូទាយ ហើយគាត់អត់មានមូលដ្ឋានសម្អាងអីផង ហើយពួកគាត់ច្រើនតែប្រើតាមអារម្មណ៍នៃការទាយ ការមាក់ងាយ ការមើលស្រាលតែប៉ុណ្ណឹង តែការពិត យោង តាមច្បាប់ ទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់បោះឆ្នោត គឺការលើកពេលបោះឆ្នោត ទាល់តែមានលក្ខខណ្ឌជាក់លាក់មួយ ដែលប្រទេសមិនអាចធ្វើបាន ប៉ុន្តែមកដល់ពេលនេះ ប្រទេសយើងដូចអត់ទាន់មានទឡ្ហីករណ៍ណាមួយ សម្រាប់លើកពេលបោះឆ្នោតផងហ្នឹង។ អាហ្នឹងយើងនិយាយពីលក្ខខណ្ឌប្រទេស ដល់លក្ខខណ្ឌនយោបាយទៅទៀត គណបក្សប្រជាជនកម្ពុជា ទើបតែនឹងឈ្នះឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ ហើយមានហេតុផលអីដែលគណបក្សប្រជាជនកម្ពុជា ត្រូវលើកថ្ងៃបោះឆ្នោត? អត់មានអីផង មានតែជ័យជម្នះ២០១៧ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានកំណើនសំឡេងឆ្នោតដល់ជាងបីសែនប្រាំម៉ឺននាក់ វារឹតតែជំរុញឱ្យគណបក្សប្រជាជនកម្ពុជា ចង់បោះឆ្នោតឆាប់ៗទៅផង បើយើងនិយាយពីឆន្ទៈនៃជោគជ័យនោះ ប៉ុន្តែយើងមិនអាចរំកិលពេលទេ គឺពេលវេលាប្រាំឆ្នាំ គឺនៅតែ៥ឆ្នាំ ហើ់យគ្មានហេតុអ្វី ដែលត្រួវអូសបន្លាយពេលវេលាផង ហើយទាំងលក្ខខណ្ឌប្រទេស ទាំងលក្ខខណ្ឌនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត២០១៧ នេះ គឺជាការឈ្នះឆ្នោតដ៏ធំធេង ដូចជានៅកំពង់ស្ពឺ យើងដណ្តើមលំដាប់ថ្នាក់លេខ១ ពីគណបក្សសង្គ្រោះជាតិវិញ ហើយនៅព្រៃវែង កណ្តាល តាកែវ ក៏យើងបានដណ្តើមបានលំដាប់លេខ១ ឯនៅកំពង់ចាម ដែល២០១៣ យើងអត់ទាន់បំបែកទៅត្បូងឃ្មុំទេ ដល់១០៧ យើងបំបែកទៅត្បូងឃ្មុំ តែបើយើងយកលទ្ធផលសំឡេងឆ្នោតនេះ នៅត្បូងឃ្មុំ បូកជាមួយកំពង់ចាមបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាទទួលសំឡេងឆ្នោតច្រើនជាងគណបក្សសង្គ្រោះជាតិទៅទៀត។ គណបក្សសង្គ្រោះជាតិទេ ដែលចាញ់ឆ្នោតនៅកំពង់ចាម ត្បូងឃ្មុំ បើយើងគិតចំនួនសន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាកើន។ ឯនៅភ្នំពេញ ថ្វីត្បិតគណបក្សប្រជាជនកម្ពុជានៅចាញ់គណបក្សសង្គ្រោះជាតិក៏ពិតមែន ប៉ុន្តែបើគិតពី ២០១៣ គណបក្សប្រជាជនកម្ពុជាកើនសន្លឹកឆ្នោត ជិត១សែនសន្លឹក ដែលធ្វើឱ្យគណបក្ស ប្រជាជនកម្ពុជា តាមជិតទាន់គណបក្សសង្គ្រោះជាតិ។ ដូច្នេះជោគជ័យនេះ វាគ្រប់គ្រាន់ហើយ វាគ្មានហេតុផលអ្វីត្រូវអូសបន្លាយ”។

លោកឈឹម ផលវរុណ មានប្រសាសន៍បន្ត ថា “យោងតាមទាំងវិទ្យាសាស្ត្រ ទាំងទឡ្ហីករណ៍ ដែលយើងមើលសន្ទុះប្រជាពលរដ្ឋ ហើយនិងមើលឆន្ទៈប្រជាពលរដ្ឋ គឺគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សមុតមាំ និងរឹងមាំ ដែល ទទួលបានការគាំទ្រដ៏លើសលប់ពីប្រជាពលរដ្ឋខ្មែរ។ កាលពី២០១៣ គណបក្សប្រជាជនកម្ពុជា ឈ្នះលំដាប់លេខ១ ប៉ុន្តែគាំទ្រ ៤៨%ទេ ឯគណបក្សសង្គ្រោះជាតិ ៤៤% ប៉ុន្តែនៅឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា ឡើងពី៤៨% ទៅ៥១% ឯគណបក្សសង្គ្រោះជាតិ ធ្លាក់ពី៤៤% មកនៅ ៤៣% នៃចំនួនសន្លឹកឆ្នោត ដូច្នេះគឺផ្អែកលើមូលដ្ឋាននៃឆន្ទៈប្រជាពលរដ្ឋដែលសម្តែងនៅក្នុងឆ្នាំ២០១៧នេះ ធៀបនឹង២០១៣ យើងឃើញថា សន្ទុះរបស់គណបក្សប្រជាជនកម្ពុជា នឹងដណ្តើមបានជោគជ័យនៅឆ្នាំ២០១៨ ជាបន្តទៀត” ៕

កុលបុត្រ

RELATED ARTICLES