ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ថ្វីត្បិតតែមានកូនមួយក៏ពិតមែន តែប្តីចិត្តល្អ អនុញាតិឲ្យទៅធ្វើជាស្រីបម្រើការងារខារ៉ាអូខេ មិនខុសណាយកសាច់ទៅផ្ញើមាត់ខ្លាអីចឹង រហូតដល់នឹកឃើញ ទើបតូចចិត្តផ្ទុះជារឿង ក្រោយពីមិត្តប្រុសនាំផឹកសុីស្រវឹងចូលដេកដល់ក្នុងបន្ទប់ ឃើញនឹងភ្នែក ទើបស្រែកចោទថា មានសាហាយទៅវិញ ផ្ទុះជម្លោះឈ្លោះផ្អើលនាំចូលប៉ុស្តិ៍ប៉ូលីសចោមចៅ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។
ភាគីខាងស្រីវ័យជាង២០ឆ្នាំ មុខរបរបម្រើការងារជាស្រីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ។ ភាគីខាងប្តី អាយុជាង៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារហេងលី សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមសម្តីភាគីខាងប្តីបានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលយូរមកហើយ មានទាំងកូនមួយទៀតផង បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយឯស្រុកកំណើត ខេត្តតាកែវ ។
ប្តីបានបន្តទៀតថា មួយរយៈក្រោយមកនេះ ប្រពន្ធបានសុំរកការងារធ្វើ ហើយក៏បានធ្វើការងារជាស្រីខារ៉ាអូខេ ដោយស្នាក់នៅផ្សេងគ្នា ប្តីស្នាក់នៅខណ្ឌទួលគោក រីឯប្រពន្ធស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រស់ជាទីទៃពីគ្នា យូរៗទើបជួបគ្នាម្តង ហើយការងាររបស់ប្រពន្ធនេះទៀតសោត ខ្លួនក៏បានដឹងដែរ ថាវាយ៉ាងម៉េច តែនឹកឃើញថាទុកចិត្ត ទើបអនុញាតិឲ្យធ្វើការ ទម្រាំដឹង ភ្ញាក់ខ្លួន មិនខុសណាដូចយកសាច់ទៅផ្ញើមាត់ខ្លា បន្ទាប់ពីមករកប្រពន្ធដល់បន្ទប់ជួល បែរជាប្រទះឃើញប្រុសផ្សេងនៅក្នុងបន្ទប់ទៅវិញ ខឹងចិត្តសឹងក្អួតឈាម ក៏ហួសពេលទៅហើយ ហើយខ្លួនក៏ចោទប្រកាន់ប្រពន្ធថា មានសាហាយ ទើបប្តឹងនាំចូលប៉ុស្តិ៍ប៉ូលីសចោមចៅ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ។
តាមភាគីខាងប្រពន្ធវិញ បានឲ្យដឹងថា វាជារឿងមិនពិត គ្រាន់តែមិត្តប្រុស រាប់អានគ្នាបបួលផឹក និងដើរលេងពេញមួយយប់ ព្រឹកឡើង មិត្តប្រុសឌុបជូនមកផ្ទះជួល ស្របពេលដែល មិត្តប្រុសដោះអាវផ្លាស់ប្តូរ គាប់ជួនប្តីមកដល់ ចោទប្រកាន់ថា មានសាហាយតែម្តង ទើបផ្ទុះជារឿង ។
ក្រោយពីនាំគ្នាចូលប៉ុស្តិ៍ប៉ូលីស ទោះជាខាងស្រីប្រកែក ខាងប្រុសនៅតែប្រកាន់ និយាយមិនត្រូវគ្នា ខាងប្តីនិយាយរកសុំលែងលះ សុំតែលុយ១០០០ដុល្លារ បញ្ចប់រឿង ប្រពន្ធយល់ព្រមឲ្យប្តី អង្គុយរងចាំ ប្រពន្ធចាកចេញទៅបាត់ បាត់រហូតគ្មានផ្លូវវិលវិញ ចាំយូរពេកប្តីបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ៕