Wednesday, January 22, 2025
Homeព័ត៌មានជាតិប្ញស្សីផ្អែម ទំពាំងឆ្ងាញ់ របស់ភូមិហាងខូបាន

ប្ញស្សីផ្អែម ទំពាំងឆ្ងាញ់ របស់ភូមិហាងខូបាន

លោកអ៊ុន ភារម្យ ជាម្ចាស់ចម្ការប្ញស្សីផ្អែម នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានរៀបរាប់ដោយមោទនភាពថា គាត់មានដីចម្ការទំហំជាង២ហិកតារ ជាប្រភេទដីខ្សាច់ មិនសូវមានជីជាតិទេ និងធ្លាប់ដាំស្វាយកែវរមៀត ស្វាយចន្ទី និងដំណាំហូបផ្លែជាច្រើនប្រភេទ ដោយចំណាយដើមទុនអស់មិនតិចទេ តែវាឱ្យផលតិចតួចស្តួចស្តើងណាស់ ស្រង់ដើមមិនរួច។ គាត់បាក់ទឹកចិត្ត រហូតកាប់ដើមស្វាយចោលអស់ ចង់លក់ដីឱ្យគេទៀតផង តែគេឱ្យថោកពេក ទើបមិនព្រមលក់ និងរិះរកមធ្យោបាយរកដំណាំអ្វីមកដាំឱ្យសមប្រកបនឹងដីប្រភេទនេះ។ លុះស៊ើបសួរទៅក៏ដឹងថា កសិករនៅខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀត ដែលមានដីចម្ការមិនសូវមានជីជាតិ បាននាំពូជប្ញស្សីផ្អែមពីបរទេស មកធ្វើការដាំដុះនៅលើដីរបស់ខ្លួន ដោយទទួលបានផលជាទីគាប់ចិត្ត។ បទពិសោធន៍របស់កសិករតាមតំបន់មួយចំនួននោះ ទាក់ទាញអារម្មណ៍លោកយ៉ាងខ្លាំង ទើបលោកព្យាយាមទាក់ទងមន្ត្រីកសិកម្ម និងមិត្តភក្តិមួយចំនួន ឱ្យនាំទៅមើលដល់ចម្ការប្ញស្សីទាំងនោះ និងបានសុំរៀនបទពិសោធន៍ពីគេ យល់ថា ដំណាំនេះនឹងជួយជំរុញជីវភាពគ្រួសារលោកឱ្យងើបរួច ទើបលោកសម្រេចចិត្តរកដើមទុនទិញកូនប្ញស្សីមកដាំតែម្តង។

លោកអ៊ុន ភារម្យ បន្តទៀតថា លោកបានកុម្មង់ទិញកូនប្ញស្សីនៅខេត្តបាត់ដំបង ដែលគេនាំពូជពីខេត្តគីសុង ប្រទេសកូរ៉េខាងត្បូង យកមកដាំបន្តលើដីចម្ការទំហំជាង២ហិកតារ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ តម្លៃកូនប្ញស្សី គិតទាំងការដឹកជញ្ជូនក្នុង១ដើម ត្រឹមតែ៣ដុល្លារប៉ុណ្ណោះ ហើយការដាំដុះប្រើរយៈពេលត្រឹមតែ១ឆ្នាំ ក៏ទទួលផលជាទីគាប់ចិត្ត ព្រោះប្ញស្សីផ្អែម ចេញទំពាំងលឿនណាស់។ មុនដំបូង លោកត្រូវភ្ជួររាស់ដីឱ្យស្អាត រួចកាប់រណ្តៅឃ្លាតៗពីគ្នាតាមក្បួនកសិកម្ម ដាក់ជីអាចម៍គោ និងជីធម្មជាតិលាយគ្នា ទើបយកប្ញស្សីទៅដាំ។ បើដាំប៉ះរដូវវស្សា មិនព្រួយរឿងទឹកនោះទេ ព្រោះមានភ្លៀង តែសម្រាប់រដូវប្រាំង ទោះជាប្ញស្សីដុះលូតលាស់ចេញទំពាំងក៏ដោយ ចាំបាច់ត្រូវតែបូមទឹកស្រោចវាជាប្រចាំ ឱ្យសើមដីជានិច្ច។

អ្នកស្រីចាន់ ធីង អ្នកថែទាំចម្ការ បានឱ្យដឹងថា ការដាំប្ញស្សីផ្អែមនេះ មិនចាំបាច់ចំណាយដើមទុនច្រើនពេកទេ រីឯការថែទាំក៏មិនពិបាកដូចដំណាំហូបផ្លែឯទៀតដែរ។ នៅរដូវរាំងស្ងួត យើងគ្រាន់តែធ្វើស្មៅ បូមទឹក ស្រោច និងថែមជីបន្តិចបន្តួច ហើយក៏មិនបារម្ភពីសត្វល្អិតបំផ្លាញនោះដែរ។ អ្នកស្រីបញ្ជាក់ថា នេះជាលើកទី១ ដែលខេត្តស្ទឹងត្រែង មានចម្ការប្ញស្សីផ្អែម ដែលប្ញស្សីនេះហុចផលបានច្រើនមុខ ដូចជាផ្តល់ទំពាំងសម្រាប់ស្ល ឯដើមរបស់វាអាចយកទៅច្នៃជាឧបករណ៍ផ្សេងៗ ដូចជា ចង្អេរ កញ្ច្រែង ល្អី កញ្ឆោ បង្គី ជាដើម យកទៅលក់នៅទីផ្សារ បានកម្រៃដូចគ្នា។ ទំពាំងប្ញស្សីផ្អែមធំៗ ប៉ុនប្ញស្សីស្រុក មានឱជារសឆ្ងាញ់ណាស់ ក្រៅពីការស្ល ក៏អាចកែច្នៃជាទំពាំងក្រៀម ឬទំពាំងកំប៉ុង នាំទៅលក់នៅបរទេសបានទៀតផង។

ដោយឡែក លោកលាង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោកគាំទ្រ និងលើកទឹកចិត្តកសិករ ដែលផ្តើមគំនិតប្លែកៗ ក្នុងការដាំដុះ។ បើដីចម្ការពួកគាត់ដាំស្វាយមិនបានផល ហើយយកប្ញស្សីផ្អែមមកដាំជំនួស បានទទួលផលយ៉ាងកាក់កបនោះ លោកសូមចូលរួមចំណែកអបអរសាទរ និងបំផុសឱ្យកសិករឯទៀត ដែលសល់ដីចម្ការទំនេរច្រើន នាំគ្នាដាំប្ញស្សីផ្អែមឱ្យបានច្រើនថែមទៀត ហើយកុំបារម្ភពីរឿងលក់មិនអស់ ឬគ្មានអ្នកទិញ។ ធម្មតា ការដាំដុះត្រូវពឹងផ្អែកទៅលើស្ថានភាពដីជាប្រភេទខ្សាច់ ល្បាយខ្សាច់ ឬដីកណ្តេង ដីក្រហម មានលក្ខណៈខុសគ្នា ចំណែកប្ញស្សីផ្អែម មិនរើសដីទេ។

លោកប្រធានមន្ទីរ បន្តទៀតថា លោកបានចាត់ទុក ដំណាំប្ញស្សីផ្អែម ជាដំណាំផ្តល់ផល២យ៉ាង គឺទី១. យកទំពាំងធ្វើម្ហូបអាហារ និងទី២ ដើមរបស់វាកែច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ឬច្នៃជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យវិស័យទេសចរណ៍។

សូមបញ្ជាក់ថា ទំពាំងប្ញស្សីផ្អែម ទម្ងន់១គ.ក្រ មានតម្លៃចាប់ពី៤០០០ទៅ៦០០០រៀល តាមកន្លែង ដោយមានឈ្មួញទទួលទិញដល់ចម្ការ យកទៅលក់បន្តនៅតាមទីផ្សារក្នុងស្រុក។ ពូជប្ញស្សីនាំចូលពីបរទេសនេះ ចេញទំពាំងលឿនណាស់ ហើយគោលបំណងកសិករនៃការដាំប្ញស្សី គឺចង់បានទំពាំងលក់រាល់ថ្ងៃ មិនមែនដាំកាប់ដើមលក់នោះទេ។

ជាទូទៅ ប្ញស្សីក្នុងស្រុក មានច្រើនពូជ ដូចជា ប្ញស្សីស្រុក ប្ញស្សីព្រៃ ប្ញស្សីស្រុកចិន ប្ញស្សីពីងពង់ ប្ញស្សីដកម៉ៃ ប្ញស្សីត្រាច់ ប្ញស្សីឃ្លៃ សុទ្ធតែផ្តល់ទំពាំងសម្រាប់ស្លដូចគ្នា ប៉ុន្តែប្រជាពលរដ្ឋខ្មែរគ្រប់តំបន់ ទទួលស្គាល់ថា ទំពាំងប្ញស្សីព្រៃមានរសជាតិឆ្ងាញ់ជាងគេ។ គេអាចយកទំពាំងទួលដី ទៅចិតស្លបង់ប្រហុក ខួរក្តាម ឬពងត្រីឆ្ងាញ់ណាស់ តែបើទំពាំងហើរ គេចិតត្រាំទឹកធ្វើទំពាំងជូរ ជួនកាលទៀត គេចិតជាចំណិតហាលថ្ងៃឱ្យក្រៀម ធ្វើជាទំពាំងក្រៀម។ ចំពោះទំពាំងជូរសម្រាប់ស្ងោរជាមួយជើងជ្រូក តែបើទំពាំងក្រៀមសម្រាប់ខ បរិភោគជាមួយនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬខជើងជ្រូក សម្រាប់ទទួលភ្ញៀវក្នុងឱកាសរៀបមង្គលការនៅស្រុកស្រែ។ អ្នកស្រុកមិននិយមជីកទំពាំងប្ញស្សីស្រុកទៅស្លនោះទេ ព្រោះសម្រាប់ទុកយកដើមទៅផលិតជាអង្រុត ទ្រូ ឃ្នាង បង្គី កញ្ជើ ល្អី កញ្ច្រែង បង្គី កន្ត្រងប្រហុក ជាដើម។ ឥឡូវមានការនាំពូជទំពាំងប្ញស្សីផ្អែមមកដាំជាចម្ការ យកទំពាំងលក់ ដែលពីមុនមក ស្រុកខ្មែរមិនធ្លាប់មានទេ ព្រោះប្ញស្សីគ្រប់ប្រភេទ គេដាំតាមកៀនកោះចន្លោះរបង មិនដាំជាចម្ការធំៗយ៉ាងនេះឡើយ ដែលចាត់ទុកជាការពិសោធន៍សម្រាប់ប្រជាពលរដ្ឋ ដែលមានដីទំនេរច្រើន ដាំតៗគ្នាជួយបង្កើនសេដ្ឋកិច្ចជាតិ៕

RELATED ARTICLES