ដោយការធ្វេសប្រហែសតែបន្តិច តារាឯក ម៉ស់ ប៉ៈទិផាន ស្ទើរតែបាត់បង់ជីវិតកូនស្រីនៅក្នុងអាងហែលទឹកទៅហើយ ។
សារព័ត៌មានថៃ បានឱ្យដឹង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះថា លោក ម៉ស់ ប៉ៈទិផាន និងភរិយា បាននាំកូនស្រី ណង សាវ៉ាន់ ទៅហែលទឹកលេង ហើយស្ទើរតែនាំជីវិតកូនស្រីទៅចោលក្នុងអាងហែលទឹកទៅហើយ។
អ្នកស្រី កេម ភរិយារបស់លោក ម៉ស់ បានឱ្យដឹងថា គ្រោះថ្នាក់នឹកស្មានមិនដល់នោះ កើតឡើងក្នុងពេលកូនស្រីលេងនៅក្នុងអាងទឹកសម្រាប់កុមារ។ តែដោយនិស្ស័យកូនក្មេងរពិសនៅមិនសុខ នាងក៏បានវារឡើងទៅរកអាងហែលទឹកមនុស្សចាស់ ខណៈដែលអ្នកស្រី និងប្តី (លោក ម៉ស់) ភ្លេចខ្លួនមិនបានចាប់អារម្មណ៍។ នៅអាងហែលទឹកមនុស្សចាស់មានការតុបតែងចរន្តទឹកបាញ់ខ្លាំងគួរសម ហើយចរន្តទឹកបាញ់នោះបានបាញ់ចំ ណង សាវ៉ាន់ ឱ្យខ្ទាតធ្លាក់ក្នុងអាងហែលទឹកមនុស្សចាស់ បណ្តាលឱ្យនាងលង់ឈ្លក់ទឹកមួយរំពេច។
សំណាងល្អពេលនោះ ណងស្នូ ដែលជាបងស្រីរបស់ ណង សាវ៉ាន់ ដែលកំពុងលេងក្នុងអាងហែលទឹកកុមារ ចោលភ្នែកទៅឃើញប្អូនស្រីលង់ទឹក ក៏ស្រែកហៅប៉ាម៉ាក់ឱ្យជួយ។
ខណៈដែលអ្នកទាំងអស់គ្នាភ័យស្លន់ពេលឃើញ ណង សាវ៉ាន់ លង់ទឹកបែបនេះ លោក ម៉ស់ បែរជាមានស្មារតីលោតចូលទៅជួយស្រង់កូនស្រីទាន់ពេលវេលា។ បើយឺតយ៉ាវតែបន្តិចទៀត មច្ចុរាជច្បាស់ជាឆក់យកជីវិតក្មេងស្រីដ៏គួរឱ្យស្រលាញ់នេះទៅហើយ។
នេះអាចជាមេរៀនមួយសម្រាប់មាតាបិតាទូទៅ ព្រោះការធ្វេសប្រហែសភ្លេចខ្លួនតែបន្តិច អាចនាំឱ្យបាត់បង់ជីវិតក្មេងដែលមិនទាន់ដឹងក្តីបាន៕