ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋានឲ្យសក្តិសមទៅនឹងលក្ខណៈសម្បត្តិទាំង៩ចំណុច របស់ភូមិឃុំមានសុវត្តិភាព កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះប្រតិបត្តិការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសកើតមានឡើងក្នុងមូលដ្ឋាន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមផ្លូវរថភ្លើង សំណង់គ្មានរបៀបរៀបរយ ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្រ្តី២នាក់ ញៀនវក់នឹងល្បែងសុីសង «បៀ » ។
ស្រ្តីសង្ស័យញៀនល្បែងបៀ២នាក់ខាងលើ ទី១. ឈ្មោះទន់ ណេង ហៅពៅ អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦៥ ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ទី២. ឈ្មោះមុី រស្មី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្រៅពីឃាត់ខ្លួនស្រ្តីញៀនល្បែងទាំង២នាក់ នគរបាលដកហូតបានបៀចំនួន១០ហ៊ូ ម៉ាសុីនគិតលេខ១ ប្រាក់ចំនួន១៥មុឺនរៀល និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕