ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកសុខ ឥសាន បានថ្លែងបែបនេះ ឆ្លើយតបទៅនឹងមេបក្សប្រឆាំង ដែលជារឿយៗ តែងតែអះអាងថា បក្សប្រឆាំងនឹងឈ្នះឆ្នោត បានដឹកនាំប្រទេសនៅឆ្នាំ២០១៨ ក៏ដូចជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធាន សមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលថា ឆ្នាំ២០១៨ បក្សកាន់អំណាចនឹងចាញ់ឆ្នោត ក្លាយជាបក្សប្រឆាំងវិញម្តងនោះ។
ដោយឡែក ជុំវិញការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើឱ្យតំណាងរាស្ត្រធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀត កំណត់មិនឱ្យអ្នកមានទោសធ្វើនយោបាយ ដែលមជ្ឈដ្ឋានមួយចំនួនថា ដើម្បីបិទផ្លូវនយោបាយរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង នោះ លោកសុខ ឥសាន បានបញ្ជាក់ថា “ខ្ញុំយល់ថា អាហ្នឹងវាស្វ័យប្រវត្តិរួចហើយ រឿង សម រង្ស៊ី បដិសេធចេញពីឆាកនយោបាយរួចទៅហើយ ដោយសារគាត់លាលែងខ្លួនគាត់ គ្មានអ្នកណាធ្វើបាបគាត់ទេ គឺគាត់ធ្វើខ្លួនឯង។ អ៊ីចឹងទេ ប្រសាសន៍របស់សម្តេចប្រធានគណបក្សហ្នឹង គ្រាន់តែសង្កត់ធ្ងន់ឡើងវិញ ដើម្បីចាត់រាល់វិធានការដើម្បីកុំឱ្យមនុស្សហ្នឹងធ្វើសកម្មភាព អនាធិបតេយ្យនៅក្នុងសង្គមជាតិកម្ពុជា តែប៉ុណ្ណោះ”។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះពាក្យសង្គ្រោះជាតិ វាគ្មានន័យអីមក ប្រើពាក្យសង្គ្រោះជាតិ នៅពេលដែលប្រទេសជាតិយើងកំពុងមានសន្តិភាព មានការរីកចម្រើន មានការអភិវឌ្ឍទេ។ អ៊ីចឹង ឱ្យគាត់សង្គ្រោះតែគ្នាគាត់ទៅបានហើយៗខ្លួនគាត់ខ្លួនឯងហ្នឹង។ អាហ្នឹងពេលដែលយើង សង្គមយើង ក៏ដូចជា ប្រជាពលរដ្ឋយើងទូទាំងប្រទេស ស្ថិតនៅគ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ អាហ្នឹងបានប្រើពាក្យសង្គ្រោះ វាស្រប តែឥឡូវប្រទេសកំពុងរីកចម្រើន កំពុងតែមានបានថ្កុំថ្កើងរុងរឿង មូលហេតុទៅសង្គ្រោះអីទៀត? វាអត់មានសង្គ្រោះអីទៀតទេ។ គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីដណ្តើមយកជ័យជម្នះ នៃការបោះឆ្នោត នាឆ្នាំ២០១៨ ក្នុងការជ្រើសតាំងតំណាងរាស្ត្រនេះឯង។ អ៊ីចឹងទេ លទ្ធភាពដែលចាញ់ឆ្នោតគ្មាន ហើយការដែលប្រគល់អំណាចឱ្យគណបក្សប្រឆាំង ក៏អត់មានទាល់តែសោះ ដោយសារគណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ នេះ”។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “រឿងគណបក្សកាន់អំណាចចាញ់ឆ្នោត លទ្ធភាពហ្នឹងអត់ដែលមាន សោះខ្ញុំសូមជម្រាបជូន។ គណបក្សប្រជាជនកម្ពុជាប្រៀបដូចព្រះជិនវង្សអ៊ីចឹង លិចអណ្តែតៗ វាមានថយវាមានឡើងមែន ប៉ុន្តែអត់ចាញ់ឆ្នោតទេ គឺនៅតែដើរតួជាកម្លាំងស្នូល ហើយជាកត្តាកំណត់នៅក្នុងសង្គមកម្ពុជា ក្នុងការដឹកនាំសង្គមកម្ពុជា។ បានន័យថា នៅតែជាគណបក្សកាន់អំណាចដ៏មានឥទ្ធិពល អត់មានទេ ចំពោះការយល់សប្តិថា ប្រគល់ឱ្យគណបក្សប្រឆាំង អត់មានដាច់ខាត”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្រទៅលើគណបក្សប្រឆាំង ឬចរន្តនៃការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋកំពុងតែផុសផុលខ្លាំង ការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខនេះ គណបក្ស ប្រឆាំង អាចនឹងឈ្នះឆ្នោត ក្លាយជាគណបក្សកាន់អំណាចម្តង ឯគណបក្សកាន់អំណាច អាចនឹងចាញ់ឆ្នោត ក្លាយជាគណបក្សប្រឆាំងវិញ។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោករស់ សារ៉ុម បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “បទបញ្ជាសម្តេចហ៊ុន សែន ឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយសាជាថ្មី ដើម្បីរារាំងសកម្មភាព លោកសម រង្ស៊ី កុំឱ្យពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ គឺគ្មានន័យ និងហួសពេលបាត់ទៅហើយ ខណៈទស្សនៈនយោបាយបែបនេះ មានតែជំរុញបន្ថែមឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសកាន់តែខ្ពស់ ក្លាយជាគណបក្សប្រឆាំងវិញម្តង នៅឆ្នាំ២០១៨។
លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា “លោកសម រង្ស៊ី មិនបាច់ចង់ធ្វើបេក្ខជននាយករដ្ឋមន្ត្រីទេ ឆ្នាំ២០១៨ នោះ នាំពិបាកដល់ CPP ជាពិសេស សម្តេចតែម្តង ដែលត្រូវធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ម្តងជាពីរដង ចាំបោះឆ្នោតហើយ CNRP ឈ្នះឆ្នោត មកធ្វើនាយករដ្ឋមន្ត្រីមែនទែនតែម្តងទៅ ព្រោះក្នុងចិត្តម្ចាស់ឆ្នោត ទោះ CNRP ដាក់បេក្ខជននាយករដ្ឋមន្ត្រីជាសុនខ ក៏អាចប្រជែងឈ្នះបេក្ខជននាយករដ្ឋមន្ត្រី គណបក្សកាន់អំណាចបានដែរ ហើយក៏កុំខ្វល់នឹងការចងសម្ព័ន្ឋភាពជាមួយគណបក្សតូចៗ វាឥតប្រយោជន៍ទេ ប៉ុន្តែបើគណបក្សតូចៗ ព្រមរំលាយបក្សខ្លួនឯង មកចូលរួមដោយសុទ្ឋចិត្តទទួលដៃពីរ។ ចំណែករូបមន្ត សម រង្ស៊ី និង កឹម សុខា គឺតែមួយ រក្សាដដែល”។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកដដែល លោករស់ សារ៉ុម ក៏បានលើកឡើងពីពាក្យសង្គ្រោះជាតិថា ពាក្យ “សង្គ្រោះជាតិ” ជារបស់ពលរដ្ឋខ្មែរទូទៅប្រើប្រាស់ ជាកាតព្វកិច្ចនៅពេលជាតិមានគ្រោះថ្នាក់ ឬមានអាសន្ន តាំងពីសម័យ បុរាណ ហើយពាក្យនេះមិនមែនជារបស់ឯកជនទេ។ ដូច្នេះ តើស្ថានភាពប្រទេសខ្មែរ នាពេលបច្ចុប្បន្ន ចាំបាច់ត្រូវប្រើពាក្យ “សង្គ្រោះជាតិ” ដែរឬយ៉ាងណា?
១-ពាក្យ “សង្គ្រោះជាតិ” ចាំបាច់ណាស់ ត្រូវតែប្រើគ្រប់ពេល មិនអាចធ្វេសប្រហែសបានឡើយ។ គ្រប់ជនជាតិខ្មែរ ប្រកាន់ស្មារតី ចូលរួមសង្គ្រោះជាតិហ្នឹងហើយ ទើបគំនិតជាតិនិយមមានជានិច្ច ក្នុងបេះដូងអ្នកស្នេហាជាតិ មាតុភូមិខ្មែរគ្រប់ជំនាន់។ ប៉ុន្តែពាក្យ “សង្គ្រោះជាតិ” ពេលខ្លះ ត្រូវបានអ្នកនយោបាយថោក ទាប ឬបុគ្គលឱកាសនិយម យកមកធ្វើអាជីវកម្ម ច្បាមអំណាច ហ៊ានលួចនិងលក់ជាតិទឹកដី អង្គុយ លើច្បាប់ ពុករលួយ ជិះជាន់គាបសង្កត់ប្រជារាស្ត្រ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និងបក្ខពួកមួយក្តាប់តូច មិនខ្វល់ពីទុក្ខវេទនារបស់រាស្ត្រ។
២-សម័យបច្ចុប្បន្ន ពលរដ្ឋខ្មែរគ្រប់រូបអាច ចូលរួម “សង្គ្រោះជាតិ” ដោយងាយ គឺតាមរយៈការប្រើប្រាស់សន្លឹកឆ្នោត ឱ្យបានចំគោលដៅ និងត្រឹមត្រូវក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន គ្រប់ជាន់ថ្នាក់ តាមឆន្ទៈរៀងៗខ្លួន។ កត្តានេះហើយដែលជំរុញឱ្យអ្នកនយោបាយ ដែលមិនស្មោះត្រង់ជាមួយជាតិ និងប្រជាជន គ្មាន ឱកាសបង្កភាពមហន្តរាយចំពោះជាតិ សង្គម និងប្រជាជនបានឡើយ”។
គួរបញ្ជាក់ដែរថា ការលើកឡើងរបស់លោករស់ សារ៉ុម ខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៦ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្នើឱ្យសមាជិកសភា នៃគណបក្សកាន់អំណាច ធ្វើវិសោធនកម្មម្តងទៀតចំពោះច្បាប់ស្តីពីគណបក្ស នយោបាយ ដើម្បីកំណត់កុំឱ្យអ្នកមានទោសធ្វើ សកម្មភាពនយោបាយ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “…ហើយខ្ញុំក៏សុំយកឱកាសនេះ បើវាមិនច្បាស់ យើងត្រូវតែធ្វើឱ្យច្បាស់ តើអ្នកទោសមានសិទ្ធិនឹងផ្សាភ្ជាប់ខ្លួនជាមួយនឹងបក្សនយោបាយឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីច្បាប់បក្សនយោបាយ ដែលមុននេះ មិនតម្រូវឱ្យអ្នកទោសទទួលតួនាទីជាមួយនឹងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់ វាយ៉ាងម៉េច? អ្នកទោស វាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្កសង្គ្រាមឥតចេះឈប់? ខ្ញុំស្នើសមាជិក-សមាជិកានៃសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ពិនិត្យមើលអាចស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែល កុំឱ្យអ្នកទោសធ្វើសកម្មភាពតាមរបៀបនេះ ព្រោះរឿងនេះ គឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ នៅក្នុងដំណើរការប្រជាធិបតេយ្យ។ យើងមិនបានខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឱ្យអ្នកមកច្របូកច្របល់ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ បើអ្នកចិត្តសឿង អញ្ជើញមក ទ្វារបើកចំហរួចហើយ។ មុននេះ បានប្រកាសថា បើកទ្វារភ្លាមទៅភ្លាម ទោះបីជាប់គុកក៏ដោយចុះ ឬក៏ស្លាប់ ឱ្យតែទ្វារបានបើកចំហ តែឥឡូវបានបញ្ជាក់ពីលេសនេះលេសនោះ។ យើងមិនអាចទទួលយកបាននូវការដែលគេជេរប្រមាថគណបក្សរបស់យើង ដែលម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជា អត់ធ្មត់លែងកើត”៕
កុលបុត្រ