កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ហាងផ្សារផ្លែឈើបានបើកសម្ពោធជាផ្លូការហើយ ដែលមានទីតាំងនៅផ្ទះលេខ៥៩ ផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអតិថិជននិងអ្នកសារព័ត៌មានជាច្រើនកុះករបានចូលរួម។
លោកមាស កេត្យា ប្រធានផ្នែកលក់ហាងផ្សារផ្លែឈើ បានឲ្យដឹងថា ហាងយើងមានផ្លែឈើស្រស់ៗគ្រប់ប្រភេទ ដែលនាំចូលពីក្នុងនិងក្រៅប្រទេស ដែលគ្មានជាតិគីមីឡើយ។

លោកកេត្យា រៀបរាប់ថា ”ផ្លែឈើដែលនាំចូលពីក្រៅប្រទេស មាន២០ប្រទេស ចំណែកនៅក្នុងស្រុក គឺយើងមាននៅតាមខេត្ត ដូចជា បាត់ដំបង កំពត កំពង់ចាម និងកំពង់ស្ពឺ ជាដើម។ចំណែកដៃគូរបស់យើង គឺមកពីប្រទេសថៃ ដែលគាត់មានបទពិសោធន៍ និងការផ្គត់ផ្គង់ផ្លែឈើ រយៈពេល៣០ឆ្នាំមកហើយ ព្រមទាំងមានការផ្គត់ផ្គង់ទីផ្សារទំនើបៗ នៅប្រទេសថៃ ជាច្រើនទៀតផង។ ផ្លែឈើរបស់យើង គឺធានានូវគុណភាព ព្រោះការដឹកជញ្ជួនរបស់យើង គឺរៀបចំឡានដែលមានសីតុណ្ហភាពត្រឹមត្រូវ យើងមានកម្រិតស្ដង់ដារនៃការទុកដាក់ យើងវាស់សីតុណ្ហភាពរបស់វាដែលត្រឹមត្រូវតាមស្ដង់ដារ ផ្លែឈើទាំងអស់យើងក៏មានសេវាកម្មខ្ចប់ជាកាដូ និងវេចខ្ចប់សម្រាប់ពិធីបុណ្យទាន ឬមង្គលការផ្សេងៗ ហើយយើងក៏មានសេវាកម្មដឹកជញ្ជួនដល់ផ្ទះផងដែរ។ទៅថ្ងៃអនាគត យើងមានគម្រោងពង្រីកសាខាថែមទៀត ដែលអាចមាន២០ហាងឯណោះ ឲ្យតែមានអតិថិជនគាំទ្រ។ យើងមានផ្លែឈើក្នុងស្រុក ដូចជា ធូរេន ក្រូចពោធិ៍សាត់ សៅម៉ាវ ផ្លែភ្ញៀវ… ចំណែកនៅក្រៅ យើងនាំចូលដូចជា ស្ត្របប៊ឺរី ឈឺរី លូប៊ើរី ផ្លែប៉ោម និងផ្លែសារី ជាដើម”។
គួរបញ្ជាក់ថា វិស័យផ្លែឈើរនៅកម្ពុជាបានរីកចម្រើនជាងមុននៅរយៈពេលចុងក្រោយនេះ ទើបមានហាងជាច្រើនបានកំពុងដំណើរការ ហើយអត្ថប្រយោជន៍សម្រាប់អ្នកហូបផ្លែឈើ គឺសម្រាប់អ្នកចង់រក្សារាង សុខភាពល្អ គឺដើម្បីបំប៉ននូវសុខភាពមនុស្សទូទៅ តាមរយៈការពិសារផ្លែឈើធម្មជាតិដែលគ្មានជាតិគីមី។ ដោយឡែកហាងផ្សារផ្លែឈើនេះ បានបោះទុន៥០ម៉ឺនដុល្លារ ហើយមានផ្លែឈើជាង១០០មុខ សម្រាប់តម្រូវការអតិថិជន។
លោកណាត់ តាផុន ប្រធានគ្រប់គ្រងហាងផ្សារផ្លែឈើ បានឲ្យដឹងដែរថា ”ហាងផ្សារផ្លែឈើនេះយើងបោះទុន៥០ម៉ឺនដុល្លារ យើងនឹងមានកម្មវិធីផ្សព្វផ្សាយនូវកម្មវិធីពិសេស សម្រាប់ថ្ងៃសៅរិ៍ អាទិត្យ។ ខ្ញុំមានបទពិសោធន៍៤០ឆ្នាំហើយ ខាងទីផ្សារផ្លែឈើ ហើយមូលហេតុដែលយើងចាប់ដៃគូជាមួយហាងផ្សារផ្លែឈើនេះ ព្រោះយើងមើលឃើញទីផ្សារផ្លែឈើនៅកម្ពុជា កំពុងស្ទុះឡើងនៅរយៈពេលចុងក្រោយនេះ”៕