ជម្ពូ អារយ៉ា តារាឯកល្បីរបស់ថៃ បានឱ្យដឹងថា កូនភ្លោះក្នុងផ្ទៃនាងមានអាយុ៧ខែហើយ។ នាងត្រៀមខ្លួនសម្រាល កូនក្នុងខែកញ្ញាខាងមុខនេះ ហើយផ្អាកទទួលការងារសិល្បៈ១ឆ្នាំ ដើម្បីមើលថែទាំកូនដោយផ្ទាល់ដៃ ។
ថ្វីបើពពោះកូនភ្លោះរួចទៅហើយ តែរាជិនីបង្ហាញម៉ូដដូចជារូបនាងក៏ស៊ូទ្រាំស្ពាយពោះបោះជំហានលើកម្រាលព្រំក្រហម ក្នុងពិធីភាពយន្តអន្តរជាតិ ស៊ាងហៃ ២០១៧ នាប្រទេសចិន ដោយមានស្វាមី ណត់ វិសរុត តាមមើលបីបាច់យ៉ាងប្រកិត។
ជម្ពូ បានឱ្យដឹងពីការសម្រាលកូនរបស់នាងថា នាងបានជ្រើសរើសយកប្ញក្សពេលាល្អ សម្រាប់ការសម្រាលកូនក្នុងខែកញ្ញា ដោយតាំងចិត្តសម្រាលកូនពេលពពោះគ្រប់៣៧សប្តាហ៍ ដើម្បីឱ្យស្រួលខ្លួនទាំងម្តាយនិងទារក។
នាងប្រាប់ទៀតថា ពេលនេះនាងពពោះបាន៧ខែហើយ។ វាធ្វើឱ្យនាងឆាប់នឿយហត់អស់កម្លាំង។ គ្រូពេទ្យ ក៏ដូចជាស្វាមីរបស់នាងមិនចង់ឱ្យនាងដើរហើរច្រើនទេ ហើយណែនាំឱ្យនាងពាក់នាឡិកាវាស់អត្រា ដំណោលបេះដូង ព្រោះពេលនេះ នាងមានជីវិតបីនៅក្នុងរាងកាយ តែមួយ។ នាងប្រាប់ថា សំណាងល្អដែលនាងគ្មានអាការឈឺ ចង្កេះ ចុករួយស្រពន់ដៃជើងដូចស្ត្រីមានផ្ទៃពោះមួយចំនួន។
រីឯកូនក្នុងផ្ទៃ នាងប្រាប់ថា រើបម្រះផង ទាត់ផង រៀងរាល់ថ្ងៃ។ នាងមិនបារម្ភខ្វល់ខ្វាយអ្វីទេ ដោយព្យាយាម មានសុទិដ្ឋិនិយម។ អ្នកខ្លះបន្លាចនាងថា នាងនឹងលំបាកខ្លាំង ក្រោយពេលសម្រាលកូនភ្លោះ។ ប្រសិនបើកូនភ្ញាក់ ឬដេកមិនដំណាលគ្នា នាងនឹងមិនបានបិទភ្នែកដេកឡើយ។ នាងប្រាប់ទៅគេវិញថា មិនជាអ្វីទេ ព្រោះអ្វីៗនាងនឹងសិក្សាស្វែងយល់នៅពេលនោះផ្ទាល់។
នាងប្រាប់ថា នាងពុំបានចូលវគ្គសិក្សាត្រៀម ខ្លួនធ្វើជាម្តាយឡើយ ព្រោះមិត្តភក្តិដែលបានទៅ មុននាំគ្នាប្រាប់នាងថា ក្នុងវគ្គសិក្សា និងកូនយើងមិនដូចគ្នាទេ។
នាងប្រាប់ទៀតថា នាងមានបំណងចិញ្ចឹមថែទាំកូនដោយផ្ទាល់ដៃ ព្រោះនាងបានផ្អាកការងារសិល្បៈចំនួន១ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នាងប្រាប់ថា នឹងមានជួលគិលានុបដ្ឋាយិកាប្រចាំថ្ងៃ មកជួយរៀបចំប្រព័ន្ធឱ្យ។ ពេលអ្វីៗដំណើរការហើយ ទោះជាអ្នកគ្រូពេទ្យមក ឬមិនមកក៏គ្មានបញ្ហាអ្វីដែរ។
នាងសម្លឹងទៅអនាគតឆាប់ៗដែលនាងនឹងក្លាយជាម្តាយ ដោយនិយាយទាំងរំភើបថា ពេលកូនយំ នាងនឹងលួងលោម ពេលឃ្លាន នាងនឹងបំបៅទឹកដោះ។ លើសពីនេះ នាងក៏បានត្រៀមប្រដាប់ប្រដាលេងសម្រាប់កូនហើយ។
ដើម្បីត្រៀមខ្លួនសម្រាលកូននេះ នាងប្រាប់ថា នឹងទទួលការងារចុងក្រោយត្រឹមថ្ងៃ ២០ កក្កដា ២០១៧ ហើយចាប់ពីនោះទៅ នាងនឹងសម្រាករយៈពេលមួយឆ្នាំ។
ជូនពរនាងឱ្យមានសំណាងល្អ និងសម្រាល កូនភ្លោះដោយសុវត្ថិភាព៕