ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានសន្តិសុខរោងចក្រកាត់ដេ យីហោ ជិន សុវណ្ណ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ក្រោយពីផឹកស៊ីស្រវឹងនាំបក្ខពួកមកអុកឡុកនិងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងរោងចក្រ។ ករណីឃាត់ខ្លួនបុរសខាងលើ កាលពីម៉ោង២១និង០០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រជិន សុវណ្ណ ផ្លូវបេតុងភូមិច្រេសសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះយោល កុសល់ អាយុ២១ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅភូមិច្រេស សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិព្រៃវែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមសំដីដើមបណ្តឹងឈ្មោះអ៊ូ ចំរើន អាយុ៣១ឆ្នាំ ជាសន្តិសុខយាមនៅរោងចក្រខាងលើ បាន ប្រាប់ថា នៅមុនកើតហេតុ គាត់បានស្តីបន្ទោសទៅលើឈ្មោះយោល កុសល ដែលជាសន្តិសុខយាមនៅជាមួយគ្នាថា មិនគិតធ្វើការទេ បែជាដើរផឹកស៊ី ក្រោយពីស្តីឲ្យហើយ ធ្វើឲ្យបុរសខាងលើអាក់អន់ចិត្ត និងខឹងសម្បា ក៏ហៅបក្សពួក២នាក់ទៀត មកអុកឡុកក្នុងរោងចក្រ ដោយមានកូនកាំបិតកាន់ជាប់ដៃ និងយកដុំថ្មទៅកប់បែកកញ្ចក់ក្នុងរោងចក្រទៀតផង។
ប្រភពបានប្រាប់ទៀតថា ក្រោយពីឃើញអុកឡុក និងកប់បែកកញ្ចក់ក្នុងរោងចក្រដូចនេះខាងតំណាងរោងចក្រ ក៏ឲ្យឃាត់បុរសខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ដោយឡែកបក្្ខពួក២នាក់ទៀត បានរត់កេចខ្លួនអស់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លូនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕