Wednesday, January 22, 2025
Homeព័ត៌មានជាតិឃើញគ្រោះថ្នាក់ចរាចរណ៍ រពឹសមាត់ស្រែកថាចោរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឃើញគ្រោះថ្នាក់ចរាចរណ៍ រពឹសមាត់ស្រែកថាចោរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ មន្រ្តីអាវុធហត្ថខណ្ឌចំការមន បើករថយន្តបុកម៉ូតូរងរបួសធ្ងន់២នាក់ និងស្រាល​ម្នាក់​ បែរជាបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងមកដល់ បានស្រែកថាចោរៗ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវ៤៨៤ កែងផ្លូវ៩៩ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

 

ជនរងគ្រោះត្រូវបានគេ​ស្គាល់ឈ្មោះ ចាន់ ណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកនៅភោជនីយដ្ឋាន ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន រងរបួសបាក់ជើងឆ្វេងសម្រាកនៅគ្លីនិកឯកជន ។ ចំណែកអ្នកបើករថយន្តបង្កហេតុ មានឈ្មោះប៉ិន ណុប ហៅពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថខណ្ឌចំការមន ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។

អ្នកបើករថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុ គាត់បើករថយន្ត Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២AF-១៩០៧ ​ដឹកស្រ្តីម្នាក់ ​តាមផ្លូវ៤៨៤ ក្នុងទិសដៅពីជើងទៅត្បូង មកចំណុចផ្លូវកែងលេខ៩៩ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៍ខ្មៅ ដឹកស្រ្តី២នាក់ បើកចេញពីផ្លូវ៩៩ ក្នុងទិសដៅពីលិចទៅកើត បានជិះកាត់មុខរថយន្ត​គាត់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូជាប់ពីមុខរថយន្ត និងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និង​ស្រាលម្នាក់ ។ ភ្លាមៗនោះ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានធ្វើការឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ តែម្ដង ។ ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីនគរបាលរដ្ឋបាលផ្សារដើមថ្កូវ ​បានប្រាប់ថា ​ក្រោយកើតហេតុដោយមានការអនុញ្ញាតពីផ្នែកជំនាញវាស់វែង បាន​ហៅអ្នកបើកបរបង្កហេតុចុះពីរថយន្តដឹកយកទៅប៉ុស្តិ៍ ដើម្បីសុវត្ថិភាពខ្លាចប្រជាពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះទ្រាំមិនបានប្រើហិង្សា ខណៈ​ពេលដឹកអ្នកបើកបរបានបន្តិច ស្រាប់តែលេចមុខបុរស២នាក់ សង្ស័យស្រវឹងស្រាជិះម៉ូតូម៉ាកអាគុបជ្រុង ផ្ទៃមេឃពាក់ស្លាកលេខ​ ៦៧៨៦ ភ.ព១ ស្រែកចោរៗ ទាំងសមត្ថកិច្ច២នាក់ មានទាំងឯកសណ្ឋានត្រឹមត្រូវ រហូតទាល់តែសមត្ថកិច្ចប្រាប់ថា មិនមែនចោរទេ គឺរឿងគ្រោះថ្នាក់ចរា​ចរណ៍ទេ ទើបសមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ដែលស្រែកបំប៉ោងសភាពការណ៍នោះ យកទៅសួរនាំនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ហើយនៅតែស្រែកថាចោរទៀត សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន​ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ​ពីបទបំប៉ោងសភាពការណ៍ ។

​ចំណែករថយន្ត និងអ្នកបើករថយន្តបង្ក រួមទាំងម៉ូ​តូជនរងគ្រោះបានប្រគល់ឲ្យទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីយករក្សាធ្វើការដោះស្រាយ​៕

RELATED ARTICLES