Monday, November 25, 2024
Homeនយោបាយអតីតមេបក្សប្រឆាំងថា សម្តេច ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី

អតីតមេបក្សប្រឆាំងថា សម្តេច ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី

ភ្នំពេញ ៖ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា ប្រធានគណបក្សកាន់អំណាច សម្តេចហ៊ុន សែន ខ្លាចស្រមោលរបស់លោក ទើបព្យាយាមកែច្បាប់ចុះឡើង ក្នុងបំណងរារាំងសកម្មភាពនយោបាយរបស់លោក។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ថា “អ្នកដឹកនាំប្រទេសសព្វថ្ងៃ មិនចាំបាច់កែច្បាប់ចុះឡើង ហើយមិនចាំបាច់ខ្លាចរូបខ្ញុំ ឈ្មោះខ្ញុំ សំឡេងខ្ញុំ និងស្រមោលខ្ញុំ ដល់ ថ្នាក់ហ្នឹងទេ បើពួកខ្លួនមិនធ្វើអំពើអាក្រក់”។

សំណេរខ្លីខាងលើនេះ ជាខ្លឹមសារដែលលោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំង អន្តរជាតិ (RFI) នៅប្រទេសស្វីស។

លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះថា “…ពីព្រោះធម្មតា គេធ្វើឡើង ដើម្បីការពារផលប្រយោជន៍សាធារណៈ ដើម្បីបម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្ត្រ គេមិនដែលធ្វើច្បាប់ ដើម្បីគ្រាន់តែសំដៅទៅបុគ្គលម្នាក់ទេ ហើយវិសោធនកម្មច្បាប់បោះឆ្នោតលើកទី១ ហើយឥឡូវចង់ធ្វើវិសោធនកម្មលើកទី២ទៀត គឺគេធ្វើសំដៅមករូបខ្ញុំសម រង្ស៊ី ព្រោះគេចង់កម្ចាត់រូបខ្ញុំពីឆាកនយោបាយនៅប្រទេសកម្ពុជា គួរឱ្យអស់សំណើចណាស់ ព្រោះច្បាប់នេះ គឺជាច្បាប់លេងសើច ដើម្បីកម្ចាត់បុគ្គលម្នាក់ ឈ្មោះសម រង្ស៊ី។ តើ រដ្ឋាភិបាល ហ្នឹងមានពេលច្រើនណាស់ទៅអ្ហី? មិនគិតធ្វើច្បាប់ដើម្បីឱ្យប្រទេសយើងមានការរីកចម្រើនពិតប្រាកដ នេះធ្វើច្បាប់ដើម្បីតែកម្ចាត់រូបខ្ញុំសម រង្ស៊ី ម្នាកហ្នឹង មានន័យថា ដូចជា ខ្លាចសម រង្ស៊ី ហ្នឹង ហួសហេតុហើយ។ ហ្នឹង ដោយសារគេខ្លាចខ្ញុំ ពីព្រោះខ្ញុំអាចមានឥទ្ធិពលទៅលើប្រជាពលរដ្ឋខ្មែរ នៅប្រទេសកម្ពុជា ហើយមិនមែនតែខ្លាចរូបខ្ញុំទេ ខ្លាចឈ្មោះខ្ញុំ ខ្លាចសំឡេងខ្ញុំ ខ្លាចស្រមោលខ្ញុំ ឱ្យតែឮថា សម រង្ស៊ី ហ្នឹង ដូចញ័រ ដូចខ្លាចយក្ស ដូចខ្លាចអ្វីអ៊ីចឹង ប៉ុន្តែខ្ញុំជាមនុស្សធម្មតា ខ្ញុំជាអ្នកស្នេហាជាតិមួយរូប មិនគួរខ្លាចខ្ញុំអ៊ីចឹងទេ។ បើរដ្ឋាភិបាលមិន ធ្វើអំពើអាក្រក់ មិនគួរខ្លាចខ្ញុំអ៊ីចឹងទេ ពីព្រោះ ទី១ ខ្ញុំហ៊ាននិយាយការពិត ហើយខ្ញុំមានមធ្យោបាយស្រាវជ្រាវការពិត ហើយលាតត្រដាងការពិត ហើយមនុស្សដែលធ្វើអាក្រក់ ឬមួយក្រុមណាដែលធ្វើអាក្រក់ គឺខ្លាចការពិតណាស់ ខ្លាច គេលាតត្រដាងការពិត។ ដូច្នេះធ្វើម៉េចត្រូវតែបំបិទមាត់ខ្ញុំ ប៉ុន្តែសម័យនេះមិនអាចបំបិទមាត់អ្នកណាបានងាយៗអ៊ីចឹងទេ ក្នុងពិភពលោក យើងអាចប្រើមធ្យោបាយទំនាក់ទំនងគ្នា ផ្សព្វផ្សាយព័ត៌មាន ចែករំលែកឯកសារព័ត៌មានអី។ អ៊ីចឹងបិទអត់ជិតទេ អ្នកដែលធ្វើអំពើអាក្រក់ គង់តែថ្ងៃណាមួយ គេដឹងអំពីអំពើអាក្រក់ របស់ខ្លួន ហើយនឹងទទួលទោសតាមច្បាប់”។

លោកសម រង្ស៊ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) នៅប្រទេសស្វីស

លោកសម រង្ស៊ី បន្តថា “អត់មានប្រែប្រួលអ្វី ខ្ញុំកំពុងតែធ្វើអ្វី ខ្ញុំនៅតែធ្វើបន្ត គ្មាននរណាមានមធ្យោបាយមកបំបិទមាត់ខ្ញុំ មកចងដៃខ្ញុំទេ ខ្ញុំនៅប្រទេសបារាំង ឥឡូវនេះ ខ្ញុំនៅប្រទេសស្វីស ហើយខ្ញុំប្រើមធ្យោបាយទំនើប ដើម្បីទំនាក់ទំនងមកផ្សព្វផ្សាយព័ត៌មាន តើមកបិទមាត់ខ្ញុំ មកចងដៃខ្ញុំ មកដេរបបូរមាត់ខ្ញុំ ធ្វើអ៊ីចឹងអត់កើតទេ គេផ្តន្ទាទោសខ្ញុំ ថាខ្ញុំមានទោសមានអី អាហ្នឹងតុលាការអាយ៉ង តុលាការអយុត្តិធម៌ ប៉ុន្តែមិនអាចបំបិទខ្ញុំបានទេ។ ដូច្នេះ ខ្ញុំនឹងបន្តសកម្មភាពរបស់ខ្ញុំដូចមុន គ្មានអ្វីប្រែប្រួលទេ។ ខ្ញុំគាំទ្រនរណាជាសិទ្ធិរបស់ខ្ញុំ អ្នកដែលខ្ញុំគាំទ្រនោះអត់មានកំហុសអីទេ បើរដ្ឋាភិបាលធ្វើអ្វីល្អ ខ្ញុំគាំទ្ររដ្ឋាភិបាលៗក៏អត់មានកំហុសអ្វីដែរ។ ដូច្នេះមិនមានពាក់ព័ន្ធអ្នកណា ដែលខ្ញុំគាំទ្រទេ គឺពាក់ព័ន្ធនឹងខ្ញុំៗចង់និយាយអី គួរឱ្យប្រជារាស្ត្រខ្មែរបានដឹងឮ ខ្ញុំនៅតែនិយាយ អ៊ីចឹងតទៅទៀត។ គេចង់បំបិទសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការសម្តែងមតិ ប៉ុន្តែធ្វើអត់កើតទេ សម័យនេះ។ ខ្ញុំមានទំនាក់ទំនងជាមួយអ្នកស្នេហាជាតិជានិច្ច អ្នកណាធ្វើល្អ អ្នកណាការពារប្រជារាស្ត្រ អ្នកណាជួយផ្តល់យុត្តិធម៌ជូន ជនរងគ្រោះ អ្នកណាការពារផលប្រយោជន៍ជាតិ ដូចជារឿងព្រៃឈើ ដូចជារឿងរ៉ែ ដូចជារឿង ទឹកដី ដូចជារឿងព្រំដែន ដូចជារឿងអំពើពុករលួយ ដែលយើងត្រូវថ្កោលទោស ដែលយើងត្រូវលាតត្រដាង ដើម្បីកុំឱ្យអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ជិះសេះលែងដៃ ទង្វើអាក្រក់ទាំងអស់ហ្នឹង សកម្មភាពទាំងអស់ហ្នឹង ខ្ញុំនៅតែបន្ត។ ដូច្នេះខ្ញុំអត់មានការព្រួយបារម្ភចំពោះច្បាប់ វិសោធនកម្មច្បាប់ ឬមួយគេកាត់ទោសខ្ញុំមួយរយដង មួយពាន់ដងទៀត ក៏ខ្ញុំមិនខ្វល់ដែរ…”។

គួរបញ្ជាក់ថា ក្នុងពិធីរំលឹកខួបលើកទី  ៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្នើឱ្យសមាជិកសភាគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មទៅលើច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀត ដើម្បីកំណត់ឱ្យច្បាស់លាស់កុំឱ្យអ្នកទោសអាចធ្វើសកម្មភាពនយោបាយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា ៖ “យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីច្បាប់បក្សនយោបាយ ដែលមុននេះ មិនតម្រូវឱ្យអ្នកទោសទទួលតួនាទី ជាមួយនឹងឋានៈណាមួយ នៅក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្ស ដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? អ្នកទោសវាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជា អ្នកដែលបង្កសង្គ្រាមឥតចេះឈប់?”។

ក្រោយពេលដែលមានការបញ្ជាក់របស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ លោកសម រង្ស៊ី ក៏បានធ្វើការឆ្លើយតបតាមហ្វេសប៊ុករបស់លោកថា “តើធ្វើច្បាប់ដើម្បីអ្នកណា?”។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៩ មិថុនា ២០១៧ថា “ធ្វើច្បាប់ដើម្បីអ្វី ឬដើម្បីនរណា? ចម្លែកណាស់ នៅប្រទេសកម្ពុជាសព្វថ្ងៃ គេធ្វើច្បាប់ ដើម្បីផលប្រយោជន៍រូបគេ ឬបក្សគេ មិនមែនដើម្បីផលប្រយោជន៍សាធារណៈទេ។ ថ្មីៗនេះ គេបានកែច្បាប់ស្តីពីគណបក្សនយោបាយ ហើយគេចង់កែច្បាប់ដដែលនេះម្តងទៀត ដោយគេចង់សំដៅតែមកលើរូបខ្ញុំ សម រង្ស៊ី តែប៉ុណ្ណោះ។ គេកែចុះកែឡើង ហើយយកច្បាប់នេះមកលេងសើចគ្រាន់តែក្នុងគោលបំណងចង់កម្ចាត់ខ្ញុំពីឆាកនយោបាយ កុំឱ្យខ្ញុំអាចប្រកួតប្រជែងជាមួយគេបានទៀត។ តែអ្នកដែលមានគំនិតបែបនេះ ជាមនុស្សល្ងង់ផុតលេខ ពីព្រោះសម័យនេះ មិនអាចរារាំង ឬទប់ស្កាត់ការផ្សព្វផ្សាយការពិត គំនិតស្នេហាជាតិ គំនិតយុត្តិធម៌ និងគំនិតជឿនលឿនបានទេ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជាអ៊ីនធើរណេត (Internet) និងហ្វេសប៊ុក (Facebook) ។ មនុស្សបែបនេះ ក៏ជាជនផ្តាច់ការយ៉ាងព្រៃផ្សៃថែមទៀត ពីព្រោះក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើច្បាប់ ដើម្បីគ្រាន់តែសំដៅក្នុងគោលបំណងកម្ចាត់បុគ្គលណាម្នាក់ទេ។ អ្នកប្រជាធិបតេយ្យ យល់យ៉ាងច្បាស់ថា ច្បាប់ធ្វើឡើងជាធម្មតាដើម្បីការពារផលប្រយោជន៍ ជាតិ និងផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ  ហើយមិនត្រូវយកច្បាប់មកលេងសើច ដើម្បីគ្រាន់តែការពារផលប្រយោជន៍បុគ្គលណា ឬបក្សណាឡើយ។ តែខ្ញុំក៏យល់ដែរថា មានបុគ្គលម្នាក់ កំពុងតែក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង បន្ទាប់ពីគាត់បានទទួលលទ្ធផលនៃការស្ទង់មតិមួយដែលបក្សគាត់បានជួលឱ្យក្រុមហ៊ុន ជំនាញអន្តរជាតិមួយ ធ្វើឡើងថ្មីៗនេះ ដើម្បីស្ទាបស្ទង់ទឹកចិត្តប្រជារាស្ត្រ ហើយដែលលទ្ធផលនោះបង្ហាញថា ប្រជាប្រិយភាពរបស់គាត់ធ្លាក់ ចុះយ៉ាងខ្លាំង ហើយមានកម្រិតទាបជាងប្រជាប្រិយភាពរបស់ខ្ញុំឆ្ងាយណាស់។ ខ្ញុំស្នើឱ្យអ្នក ដឹកនាំប្រទេសសព្វថ្ងៃ ខិតខំធ្វើច្បាប់ ឬកែច្បាប់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាយើងមានការរីកចម្រើនពិតប្រាកដ ហើយធ្វើឱ្យប្រជារាស្ត្រខ្មែរ អាចរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌។ ល្មមឈប់ធ្វើច្បាប់ ឬកែច្បាប់ ដើម្បីគ្រាន់តែកម្ចាត់គ្នាទៅវិញទៅមកទៀតទៅ”។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងដាក់ឱ្យរដ្ឋសភាពិភាក្សា និងអនុម័ត នៅពេលឆាប់ៗខាងមុខនេះ នឹងបិទច្រកលោក សម រង្ស៊ី មិនឱ្យធ្វើសកម្មភាពនយោបាយបាន ដូចកាលពីជាង២០ឆ្នាំមុន។

ដោយឡែក ជុំវិញករណីនេះដែរ ក្រុមអ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកតាមដាននយោបាយ បានចាត់ទុកថា ជាការគាបសង្កត់បន្ថែមទៀត ទៅលើគណបក្សប្រឆាំង ដោយចង់រារាំងមិនឱ្យលោកសម រង្ស៊ី ធ្វើនយោបាយបាន។

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា មិនមែនជារឿងថ្មីទេ ដែលច្បាប់ស្តីពីគណបក្សនយោបាយ ជាច្បាប់កាត់ក្បាលតម្រូវមួក ដែលគណបក្សប្រជាជនកម្ពុជា (CPP) ធ្វើដើម្បីបំបាក់គូប្រកួត។

លោករស់ សារ៉ុម

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ថា “ច្បាប់ស្តីពីគណបក្សនយោបាយ ជាច្បាប់កាត់ក្បាលតម្រូវមួក ដែល CPP ធ្វើដើម្បីបំបាក់គូប្រកួត ហើយករណីនេះ មិនមែនជារឿងថ្មីទេ ធ្វើសង្គ្រាមប្រដាប់អាវុធដណ្តើមអំណាចពិបាកផង CPP អត់ខ្លាច ចុះងាយៗ ត្រឹមកែច្បាប់ បង្កើតច្បាប់ អង្គុយលើច្បាប់ និងប្រើប្រាស់តុលាការ អាចរក្សាអំណាចបន្ត មានអីទៅពិបាក ស៊ីផុយតែម្តង ! ព្រឹត្តិការណ៍ ១៩៧៩-១៩៩៣ ក្រោយចាញ់ឆ្នោត និង៥-៦ កក្កដា ១៩៩៧ ជាឧទាហរណ៍ ស្រាប់។ ខ្ញុំនិយាយបែបនេះ ពិតជាខ្លាច CPP ប្តឹង ប៉ុន្តែភាពភ័យខ្លាចនេះ នៅតូចណាស់ បើប្រៀបធៀបជាមួយការភ័យខ្លាចដែលខ្ញុំមានធំបំផុត គឺជាតិខ្ញុំត្រូវវិនាសអន្តរាយ ដោយសារច្បាប់គ្មានតម្លៃ។ ចំណែកការអភិវឌ្ឍបច្ចុប្បន្ន ដែលកើតចេញពីការដោះដូរសុទ្ឋសាធ វាមិនខុសអ្វីពីវីរបុរសក្រុមង៉ុយថា “នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម”។ ហ៊ឺយ! អួត សុទ្ឋតែថា ខ្មែរមានសមត្ថភាពផលិតអគ្គិសនីសល់ ដើម្បីលក់ឱ្យប្រទេសជិតខាង មានអី គ្រាន់តែយួនច្រឡំបិទកុងតាក់ សម្រួលបច្ចេកទេស ងងឹតពេញក្រុងភ្នំពេញ បាត់ទៅហើយ។ តើពេលណា ពាក្យថា “ស្មើគ្នាចំពោះមុខច្បាប់” អាចប្រើប្រាស់ បាន ក្នុងសង្គមខ្មែរដ៏តូចហើយកម្សត់មួយនេះ?”៕

កុលបុត្រ

RELATED ARTICLES