ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច បានអះអាងជាចំហថា ច្បាប់គណបក្សនយោបាយថ្មី ដែលនឹងទៅដល់ដៃរដ្ឋសភា ដើម្បីសុំធ្វើវិសោធនកម្មជាលើកទី២នោះ នឹងបញ្ចប់ជីវិតនយោបាយទាំងស្រុងរបស់អតីតមេដឹកនាំបក្សប្រឆាំង លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការដែលគណបក្សកាន់អំណាច ព្យាយាមកម្ចាត់លោកសម រង្ស៊ី ចេញពីឆាកនយោបាយនោះ មិនអាចមានប្រសិទ្ធភាពទេ តែយ៉ាងណា គណបក្សប្រឆាំងចង់ឱ្យមានការចរចាគ្នា ដើម្បីដោះ ស្រាយបញ្ហានយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដើម្បីឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិ។
នៅមន្ទីររដ្ឋសភាថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាង៣០រូប បានចុះហត្ថលេខា រួមគ្នារួចហើយ ស្នើសុំឱ្យរដ្ឋសភា ពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយ ជាលើកទី២។
ការចុះហត្ថលេខារួមគ្នារបស់តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងតាមសំណើរបស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងឱកាសខួបលើកទី ៦៦ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ថា “យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីច្បាប់បក្សនយោបាយ ដែលមុននេះមិនតម្រូវឱ្យអ្នកទោសទទួលតួនាទី ជាមួយនឹងឋានៈណាមួយនៅ ក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែ ឥឡូវនេះ ការចេញមុខរបស់មនុស្ស ដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? អ្នកទោស វាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្ក សង្គ្រាមឥតចេះឈប់?”។
តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ខ្លឹមសារច្បាប់ដែលគ្រោងដាក់ឱ្យរដ្ឋសភាពិភាក្សា និងអនុម័តនៅពេលឆាប់ៗខាងមុខនេះ នឹងបិទច្រកលោកសម រង្ស៊ី មិនឱ្យធ្វើសកម្មភាពនយោបាយ កាលពីជាង២០ឆ្នាំមុនទាំងស្រុង។
លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ថា “បាទ ! ច្បាប់នេះ ក្រុមប្រឹក្សា អ្នកច្បាប់កំពុងតែពិនិត្យទេ មិនទាន់ចប់សព្វគ្រប់ទេ។ គេធ្វើតាមនីតិវិធី ពេលណាដែលពិនិត្យ ច្បាប់ចប់ហើយ គេនឹងជូនទៅរដ្ឋសភា ប៉ុន្តែឥឡូវមិនទាន់ដល់រដ្ឋសភានៅឡើយទេ។ ចំពោះខ្លឹមសារយើងមិនទាន់អាចនិយាយបាន ព្រោះវានៅកែចុះកែឡើងមិនទាន់ដឹងខ្លឹមសារហ្នឹងជាក់ច្បាស់ទេ លុះត្រាតែគេជូនទៅដល់គណៈកម្មការជំនាញរបស់រដ្ឋសភា អាហ្នឹងបានយើងដឹងខ្លះៗ។ ប៉ុន្តែ ចំពោះមជ្ឈដ្ឋានថា ការធ្វើច្បាប់លើកទី២នេះ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោកសម រង្ស៊ី នៅកម្ពុជានោះ ខ្ញុំយល់ថា ជនណាដែលប្រព្រឹត្ត យាយីទៅដល់សេចក្តីសុខសាន្តត្រាណរបស់ប្រជាពលរដ្ឋរបស់ប្រទេសជាតិ ធ្វើឱ្យប្រទេសជាតិ មិនបានមានស្ថិរភាព មានសុខសន្តិភាព ច្បាស់លាស់ ពេញលេញនោះ ខ្ញុំយល់ថា មិនត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋទេ។ អ៊ីចឹងទេ មិនថា ជន ណាម្នាក់ ចំឈ្មោះថា ក ខ ទេ ឱ្យតែជនណាដែលធ្វើប្រទូសរ៉ាយជាមួយជាតិឯង អាហ្នឹងវាត្រូវតែមានច្បាប់ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រទូសរ៉ាយទាំងនោះ។ ចំពោះគាត់ (សម រង្ស៊ី) មានអី គាត់និយាយនៅក្រៅ គាត់ដើរនិយាយទៅ ក៏ប៉ុន្តែកុំឱ្យតែមានពាក់ព័ន្ធ ជាមួយគណបក្សប្រកួតប្រជែង អាហ្នឹងវាមានឥទ្ធិពលមកនៅក្នុងស្រុក។ បើអ្នកដើរនិយាយ នៅកណ្តាលមហាសាគរ មហាសមុទ្រឯណា ទៅដើរលេងឯណា និយាយអីនិយាយទៅ ធ្វើអីធ្វើ ទៅជាសិទ្ធិសេរីភាពរបស់គាត់ហើយ ក៏ប៉ុន្តែ ចូលមកក្នុងប្រទេស វាអត់មានសិទ្ធិអីទេ អាហ្នឹង កុំឱ្យតែគាត់ធ្វើជាមួយគណបក្សនយោបាយ ព្រោះយើងៗធ្វើតែវិសោធនកម្មច្បាប់គណបក្ស នយោបាយទេ”។
លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ច្បាប់នេះ នឹងចេញក្នុងរយៈពេលខ្លីទេ មិនយូរទេ យើងពិនិត្យមើល មិនយូរទេ ១ខែ២ខែហ្នឹង យ៉ាងយូរបំផុត មិនទៅដល់ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ អីទេ។ អត់អីទេ យើងធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយនេះ ជាច្បាប់ធម្មតា អាហ្នឹងគេយកការអនុម័ត យកត្រឹមតែ៥០% បូក១ មិនព្រួយបារម្ភអីការអនុម័តទេ បញ្ហាសំខាន់ឱ្យតែខ្លឹមសារច្បាប់ហ្នឹង ត្រូវបានសម្រិតសម្រាំងរួចរាល់ហើយ បញ្ជូនដល់រដ្ឋសភា គឺរដ្ឋសភា ធ្វើតាមនីតិវិធី។ ហើយចំពោះការអនុម័តហ្នឹង ដូចខ្ញុំថាមិញ យកតែ៥០% បូក១ អ៊ីចឹង យើងមិនមានបញ្ហាអីត្រូវរាំងស្ទះទេ។ ដូច្នេះ ធម្មតាទេ កាលណាយើងធ្វើវិសោធនកម្មយើង ធ្វើឱ្យល្អជាងមុន ហើយមានប្រសិទ្ធភាពជាងមុន បើយើងធ្វើទៅវាមិនមានប្រសិទ្ធភាពជាងមុន យើងចាំបាច់ធ្វើៗអី។ អានេះជាគោលបំណង នៃការធ្វើសំណូមពរនៃការធ្វើវិសោធនកម្មច្បាប់ ជាទូទៅ គ្រប់ច្បាប់ទាំងអស់ កាលណាគេធ្វើ កែលម្អឱ្យលើសពីមុន អាហ្នឹងបានគេធ្វើ”។ ទោះបីយ៉ាងណា លោកសម រង្ស៊ី ដែលបានប្រកាសលាលែងពីប្រធានសមាជិកភាព គណបក្សសង្គ្រោះជាតិ នៅចុងឆ្នាំ២០១៦ នោះ បានប្រកាសថា លោកនឹងចូលមកកម្ពុជាវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដណ្តើមតំណែងជានាយករដ្ឋមន្ត្រី។ លើសពីនេះ លោកសម រង្ស៊ី បានលើកឡើងថា ប្រធានគណបក្សកាន់អំណាច សម្តេចហ៊ុន សែន ខ្លាចរូប ខ្លាចឈ្មោះ ខ្លាចសំឡេង និងខ្លាចស្រមោល របស់លោក ទើបព្យាយាមកែច្បាប់ចុះឡើង សំដៅមករូបលោក ចង់កម្ចាត់រូបលោកពីឆាកនយោបាយនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណា លោកសម រង្ស៊ី បញ្ជាក់ថា គ្មាននរណាមានមធ្យោបាយ មកបំបិទមាត់ លោកមកចងដៃលោកបានទេ លោកនៅតែបន្តប្រើមធ្យោបាយទំនើប ដើម្បីមានទំនាក់ទំនង ជាមួយអ្នកស្នេហាជាតិជានិច្ចអ្នកណាធ្វើល្អ ការពារប្រជារាស្ត្រ ជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ការពារផលប្រយោជន៍ជាតិ ដូចជា រឿងព្រៃឈើ រ៉ែ ទឹកដី ព្រំដែន អំពើពុករលួយ ជាដើម ត្រូវតែថ្កោលទោស លាតត្រដាង ដើម្បីកុំឱ្យអ្នកដែលប្រព្រឹត្តអំពើអាក្រក់ជិះសេះលែងដៃ។ ជារួមលោកអត់មានការព្រួយបារម្ភចំពោះ វិសោធនកម្មច្បាប់ ឬមួយកាត់ទោសលោកមួយរយដងមួយពាន់ដងទៀត ក៏លោកមិនខ្វល់ដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា លោកជាម ច័ន្ទនី បានបញ្ជាក់ថា ការដែលប៉ុនប៉ងមិនឱ្យលោកសម រង្ស៊ី លោកចូលពាក់ព័ន្ធក្នុងនយោបាយប្រទេសកម្ពុជានេះ លោកគិតថា មិនជោគជ័យទេ ពីព្រោះទង្វើ សកម្មភាពស្នេហាជាតិរបស់លោកសម រង្ស៊ី ជួយជាតិរយៈពេលជាង២០ឆ្នាំនេះ គឺបានជ្រួតជ្រាបនៅក្នុងដួងចិត្តនៅក្នុងបេះដូងរបស់ប្រជារាស្ត្រខ្មែរទាំងមូលហើយ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ក៏ចង់ឱ្យមានការជជែកគ្នា ដោះស្រាយបញ្ហាជាតិឡើងវិញដែរ ទើបជាការប្រសើរ ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ខ្ញុំគិតថា បញ្ហានេះ ជាបញ្ហាមួយដែលខ្ញុំមកទល់ពេលនេះ ខ្ញុំសង្កេតឃើញថា ពិភពលោក ដូចជាមិនមានច្បាប់យ៉ាងនេះទេ ហើយជារឿងមួយចម្លែកដែរ ដែលខាងគណបក្សកាន់អំណាច លោករៀបចំធ្វើច្បាប់នេះ។ ចំពោះច្បាប់ក្តី ចំពោះបញ្ហាដែលកើតមានក្តីនៅក្នុងប្រទេសកម្ពុជាយើង គិតថា គ្មានអ្វីក្រៅពីដំណោះស្រាយនយោបាយទេ។ បើមានដំណោះស្រាយនយោបាយ គ្រប់យ៉ាងទាំងអស់ត្រូវដោះស្រាយបាននៅក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ ហើយការដែលប៉ុនប៉ងមិនឱ្យឯកឧត្តមសម រង្ស៊ី លោកចូលពាក់ព័ន្ធ ក្នុងនយោបាយប្រទេសកម្ពុជានេះ ខ្ញុំគិតថា មិនជោគជ័យទេ ពីព្រោះទង្វើ សកម្មភាពស្នេហាជាតិរបស់លោក ជួយជាតិរយៈពេលជាង២០ឆ្នាំ នេះ គឺថា បានជ្រួតជ្រាបនៅក្នុងដួងចិត្ត នៅក្នុងបេះដូងរបស់ប្រជារាស្ត្រខ្មែរទាំង មូលហើយ។ ដូច្នេះការដែលមានការប៉ុនប៉ងមិនឱ្យឯកឧត្តម សម រង្ស៊ី លោកពាក់ព័ន្ធនឹងរឿងនយោបាយ ជាពិសេស គណបក្សសង្គ្រោះជាតិ ដែលសមាជិក សមាជិកាទាំងអស់ នៅតែចាត់ទុកលោកជាប្រធាន ទោះបីជាមិនផ្លូវការក៏ដោយនោះ គឺថា មិនមានប្រសិទ្ធភាពអីទេ”។
លោកជាម ច័ន្ទនី បានមានប្រសាសន៍បន្តថា “យើងក្នុងនាមប្រជារាស្ត្រខ្មែរ ក្នុងនាម ជាអ្នកតំណាង ហើយក៏ជាតិយើងទាំងមូល យើងមិនដែលបិទការពិភាក្សាសន្ទនាទេ ប៉ុន្តែលទ្ធភាពប៉ុនណានោះ សំខាន់គឺគណបក្សកាន់អំណាច ហ្នឹងឯង ពីព្រោះកន្លងទៅ ស្អីៗទាំងអស់ គឺថា យើងដើរតាមក្រោយគាត់។ ដូច្នេះយើងមិនមាន អីបិទ ឬក៏មិនចង់ចរចាជជែកជាមួយបក្សកាន់អំណាចទេ មកទល់ពេលនេះ។ ដូច្នេះខ្ញុំគ្រាន់តែ ចង់បញ្ជាក់ថា ការដែលគណបក្សកាន់អំណាច រៀបចំផ្តាច់ឯកឧត្តមសម រង្ស៊ី មិនឱ្យពាក់ព័ន្ធ នឹងនយោបាយនៅប្រទេសកម្ពុជា ជាពិសេស គឺគណបក្សសង្គ្រោះជាតិនោះ គឺគ្មានប្រសិទ្ធភាពទេ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការចាប់អារម្មណ៍ពីជាតិនិងអន្តរជាតិទៅលើសកម្មភាព របស់ឯកឧត្តមសម រង្ស៊ី។ ដូច្នេះអ្វីដែលប្រសើរ សម្រាប់ប្រជាជាតិខ្មែរយើងទាំងមូល គឺមានតែការជជែកគ្នាដោះស្រាយបញ្ហាជាតិឡើងវិញ”។
អ្នកវិភាគនយោបាយ និងសង្គម លោកសាស្ត្រាចារ្យសូរ ចន្ថា បានបញ្ជាក់ថា បើច្បាប់នេះចេញមែន លោកគិតថា លោកសម រង្ស៊ី មិនអាចមកធ្វើនយោបាយនៅស្រុកខ្មែរបានទេ ព្រោះត្រូវប្រឈមនឹងផ្លូវច្បាប់។ ដូច្នេះលោក សម រង្ស៊ី អាចនឹងសម្រាកមួយរយៈសិន នៅក្រៅប្រទេស ហើយអាចធ្វើនយោបាយពីចម្ងាយ។ លើសពីនេះ ច្បាប់នេះក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់បក្សប្រឆាំងផងដែរ ដែលមិនអាចឱ្យមានទំនាក់ទំនងជាមួយលោកសម រង្ស៊ី ខណៈដែល លោកសម រង្ស៊ី នៅមានសន្ទុះគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
លោកសូរ ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំមើលទៅ បើមើលជារួម ខ្លឹមសារនៃច្បាប់ដែលបង្កើតឡើងដោយអំណាចនីតិប្បញ្ញត្តិ ជាទូទៅ គឺដើម្បីការពារផលប្រយោជន៍ ឬដើម្បីឱ្យមានតម្លាភាព ឬការពារភាពស្មើគ្នា ដល់ប្រជាពលរដ្ឋ ខ្មែរ គ្រប់ទិដ្ឋភាពទាំងអស់ ទាំងសេដ្ឋកិច្ច និងនយោបាយ។ អ៊ីចឹងខ្ញុំគិតថា ការដែលធ្វើច្បាប់ ដើម្បីតែដាក់បន្ទុកទៅលើបុគ្គលម្នាក់ មេដឹកនាំ ម្នាក់ដែលនៅក្នុងបក្សប្រឆាំងបែបនេះ វាហាក់ដូចជាការព្យាយាមបិទសិទ្ធិនយោបាយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញោទៅវិញ។ ក៏ប៉ុន្តែខ្ញុំគិតថា សម្រាប់លោកសម រង្ស៊ី លោកអាចបង្ហាញជំហរគាំទ្រ នយោបាយទៅលើគណបក្សនយោបាយណាមួយដែលលោកពេញចិត្តបាន ហើយប្រសិនបើ នៅពេលខាងមុខ ការបោះឆ្នោតឆ្នាំ២០១៨ មានការប្រែប្រួល ឬគណបក្សផ្សេងដឹកនាំប្រទេសវិញនោះ ខ្ញុំគិតថា ច្បាប់ដែលគ្រោងនឹងវិសោធនកម្មថ្មីនេះ គួរតែត្រូវធ្វើការកែសម្រួល ដើម្បីឱ្យគ្រប់ភាគី ឬក៏ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានបំណងចង់ធ្វើនយោបាយ គួរតែអាចធ្វើ នយោបាយបាន ដែលធ្វើយ៉ាងណាឱ្យស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនោះ។ ក្នុងចំណុចនេះ ខ្ញុំមើលទៅ បើច្បាប់នេះចេញមែន ខ្ញុំគិតថា គាត់ (សម រង្ស៊ី) មិនអាចមកបានទេ ព្រោះត្រូវប្រឈមនឹងផ្លូវច្បាប់ ហើយទី១លោក សម រង្ស៊ី នឹងសម្រាកមួយរយៈសិន នៅក្រៅប្រទេស ហើយធ្វើនយោបាយពីចម្ងាយ។ ទី២ លោកអាចចាប់ផ្តើមធ្វើការតស៊ូមតិ ឬក៏ជំរុញឱ្យមានការតស៊ូមតិក្នុងការការពារ ឬឱ្យមានការប្រែនូវច្បាប់នេះជាវិជ្ជមាន។ មានន័យថា មិនមានគួរណាធ្វើច្បាប់ដើម្បីដាក់បន្ទុកទៅលើបុគ្គលម្នាក់ ក្នុងកាលៈទេសៈដែលតុលាការកម្ពុជា ស្ថិតនៅក្នុងក្រោមឥទ្ធិពលនយោបាយនោះទេ ពីព្រោះវានឹងធ្វើឱ្យមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ”។
លោកសូរ ចន្ថា មានប្រសាសន៍បន្តថា “ជាការពិត នៅពេលមានការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីបង្រួមសេរីភាពបក្សប្រឆាំង គឺមិនឱ្យការចូលរួមជាមួយលោកសម រង្ស៊ី ព្រោះកន្លងមក យើងឃើញហើយ មានការបែកធ្លាយនៃការធ្វើការស្ទាបស្ទង់មតិ (Survey) អំពីប្រជាប្រិយភាពរបស់លោកសម រង្ស៊ី យើងឃើញនៅក្នុងឯកសារនោះ ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ហាក់នៅមានកម្រិតខ្ពស់នៅឡើយ នៅក្នុងស្រទាប់ប្រជាជននៅកម្ពុជា។ អ៊ីចឹងខ្ញុំគិតថា អានេះវាជាផ្នែកមួយ ដែលធ្វើយ៉ាងណា ឱ្យលំហនៃសេរីភាព ឬក៏ឥទ្ធិពលបក្សប្រឆាំង ចុះខ្សោយទៅវិញនៅកម្ពុជានោះ។ ទោះយ៉ាងណា ខ្ញុំចង់ឃើញអ្នកនយោបាយនៅកម្ពុជា ឈប់ប្រើនយោបាយសងសឹកគ្នា ដោយត្រឡប់មកវិញ នូវនយោបាយផ្សះផ្សាជាតិ នយោបាយបង្រួបបង្រួមជាតិ ហើយដោយឈរនៅលើគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ឈរនៅលើគោលការណ៍នៃនីតិរដ្ឋ ពីព្រោះការធ្វើនយោបាយ គឺដើម្បីជាតិមានការរីក ចម្រើន ជាតិមានការអភិវឌ្ឍ ពិតប្រាកដ មិនមែនឈ្នះតែគ្នាឯង ហើយពលរដ្ឋជាអ្នកចាញ់ យើងឃើញអតីតកាលបានបង្រៀន យើងគ្រប់បែបយ៉ាង គឺនៅពេលដែលអ្នកនយោបាយឈ្លោះគ្នា គឺជាតិជាអ្នកដែលខ្ទេចខ្ទាំ ហើយ ពលរដ្ឋបង្ហូរទឹកភ្នែកគ្រប់ពេលវេលានោះ” ៕
កុលបុត្រ