Thursday, December 5, 2024
Homeតារាបរទេសយ៉ាតធីប សម្តែងជាតួអាក្រក់ក្នុងរឿង “ទឹកភ្នែកនាងទាសី”

យ៉ាតធីប សម្តែងជាតួអាក្រក់ក្នុងរឿង “ទឹកភ្នែកនាងទាសី”

ធ្លាប់តែជាតួឯកជួរមុខរបស់ថៃ ពេលនេះយ៉ាតធីប រ៉ាតឆៈប៉ាន ធ្លាក់កាលីបមកសម្តែងជាតួអង្គអាក្រក់ក្នុងរឿង “ទឹកភ្នែកនាងទាសី” (ប៉ុស្តិ៍ PNN) ធ្វើឱ្យមានការវាយតម្លៃថា តើនេះជាពេលអាប់រស្មីនៃដួងតារាដែលធ្លាប់តែរះ ត្រដែតត្រដឹមឬយ៉ាងណា?…។

យ៉ាតធីប រ៉ាតឆៈប៉ាន ប្រឡូកក្នុងសិល្បៈថៃ តាំងពីវ័យកុមារ។ អាស្រ័យដោយមុខមាត់ រូបរាងស្អាតបាតគួរឱ្យស្រលាញ់ និងរស្មីកែវភ្នែកសណ្តំដួងចិត្ត រួមផ្សំនឹងទេពកោសល្យពីធម្មជាតិផង ធ្វើឱ្យនាងមានឱកាសសម្តែងយ៉ាងជោកជាំច្រើនជាង៥០រឿងមកហើយ។ ទោះជាយ៉ាងណាក៏ដោយ នាងមិនអាចគេចផុតពីសច្ចធម៌អនត្តា បានឡើយ ព្រោះអ្វីៗលើលោកនេះមិនទៀង កាលបើមានពេលរុងរឿង ក៏មានពេលវេលារុះរោយគ្នាដែរ។ ​ យ៉ាងណា យ៉ាតធីប ហាក់មិនទោមនស្សជាមួយបម្រែបម្រួលនេះទេ ផ្ទុយទៅវិញ នាងហាក់បើកចិត្តទទួលយកសច្ចធម៌នេះតាមសម្រួលទៀតផង។

យ៉ាតធីប និង តូណូ

នាងប្រាប់ថា “ដោយស្មោះទៅ ខ្ញុំនៅក្នុងវិស័យសិល្បៈនេះ ជាង២០ឆ្នាំ (២៥ឆ្នាំ) មកហើយ។ ខ្ញុំលេងកុនតាំងពីអាយុ ៥ឆ្នាំ រហូតដល់ពេលនេះ អាយុចូលខ្ទង់សាមទៅហើយ។ ខ្ញុំបានឆ្លងកាត់ពេលវេលាផ្សេងៗ ច្រើនណាស់។ អំឡុងពេលខ្លះ ការងារតាន់តាប់ រួចហើយក៏រយាល ធូរស្រាលឱ្យបានសម្រាកលំហែខ្លះ។ ម៉្យាងទៀត ខ្ញុំមិនមែនជាយុវវ័យទៀតទេ។ ពេលនេះខ្ញុំគិតថា ជ្រើសរើសធ្វើការជារឿយៗ និងមានសេចក្តីសុខជាមួយនឹងការងារ ក៏អូខេណាស់ទៅហើយ”។

ចំពោះពេលវេលារុះរោយ ឬពេលវេលានៃការធ្លាក់ចុះដែលមនុស្សភាគច្រើនខ្លាចបារម្ភនោះ សម្រាប់យ៉ាតធីប បែរជាប្រាប់ថា “ខ្ញុំយល់ឃើញថា ដូចជាមិនចាំបាច់ត្រូវខ្លាចឡើយ។ ការដែលមានប្អូនជំនាន់ក្រោយផុសឡើងនោះ វាគឺជារឿងល្អ ដើម្បីឱ្យទស្សនិកជនបានមើលអ្វីដែលថ្មីកាន់តែច្រើន។ ចំណែកស្ទីលការសម្តែង វាត្រូវតែជាអ្វីដែលខុសប្លែកគ្នា។ សម្រាប់ខ្ញុំ លេងមកដល់ចំណុចនេះ ខ្ញុំត្រូវឆ្លងកាត់ការសម្តែងដែលផ្លាស់ប្តូរទៅតាមវ័យ។ ដូច្នេះចំណុច ដែលខ្ញុំកំពុងតែឈរជើងនេះ គឺសមិទ្ធផលការងារទាំងអស់ ត្រូវតែធ្វើឱ្យបានល្អបំផុត និងមិនត្រូវគិតថា ការងារជារឿងលំបាកឡើយ។ ចូរគិតថា ការងារទាំងអស់ដែលយើងបានទទួល វាគឺជារឿងគួរឱ្យសាកល្បង។ យើងកាន់តែនឿយហត់នឹងវា យើងក៏កាន់តែអភិវឌ្ឍន៍ដែរ។ ខ្ញុំចូលចិត្តការសម្តែងដែលទាមទារសមត្ថភាព និងខុសប្លែកពីដើម?”។

យ៉ាតធីប ចាត់ទុកថា ការសម្តែងជាតួអង្គអាក្រក់ ដូចក្នុងរឿងទឹកភ្នែកនាងទាសី គឺជារឿងគួរឱ្យសាកល្បងសម្រាប់នាង។

២៥ឆ្នាំ ក្នុងវិស័យសម្តែងកន្លងមក យ៉ាតធីប បានឆ្លងកាត់គ្រប់រសជាតិមក ហើយទាំងពេលឡើងកប់ និងធ្លាក់ចុះ។ អ្នកខ្លះថា ការធ្លាក់ចុះរបស់នាងអាចពាក់ព័ន្ធនឹងរឿងអាស្រូវ ស្នេហាក្នុងពេលកន្លងមក។ មុននេះ សារព័ត៌មានថៃ ចុះផ្សាយថា នាងមានការពាក់ព័ន្ធស្នេហាជាមួយលោកតូណូ រហូតដល់ភរិយាឥតខាន់ស្លារបស់ តូណូ លេបថ្នាំសម្លាប់ខ្លួន។ សំណាងល្អដែលនាងតែងម៉ូ មិនស្លាប់ ព្រោះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ទោះជា នាងក៏ដូចជាលោកតូណូ បានបដិសេធដំណឹងនេះ តែគេសង្កេតឃើញថា ចាប់តាំងពីនោះមក នាងពុំដែលបានសម្តែងជាតួឯកទៀតទេ។

ទោះជាពាក្យចចាមអារ៉ាមរឿងអាស្រូវស្នេហា បូករួមនឹងតួអង្គអាក្រក់ ដោយនាងសម្តែង មួយរយៈចុងក្រោយនេះ មានចំណែកធ្វើឱ្យមហាជនមានទស្សនគតិមិនសូវល្អជាមួយនាង តែស្ត្រីម្នាក់នេះបែរជាមានបេះដូងល្អបរិសុទ្ធផូរផង់។ នាងបានធ្វើនូវរឿងសប្បុរសធម៌ ជួយឧបត្ថម្ភដល់ក្មេងក្រីក្រឱ្យបានរៀនសូត្រ ដោយមិនខ្វល់ថា មាននរណាម្នាក់បានឃើញអំពើល្អរបស់នាងឬអត់ទេ។ នាងប្រាប់ថា ពេលនេះនាងបានទំនុកបម្រុងក្មេងក្រីក្រ ម្នាក់ឱ្យរៀនសូត្របាន៦ឆ្នាំហើយ។ ក្មេងក្រីក្រនៅជាមួយម្នាក់ ដែលពេលនេះ កំពុងតែក្លាយជាសិស្សរៀនពូកែ ហើយ យ៉ាតធីប ប្រាប់ថា នាងនឹងឧបត្ថម្ភឱ្យគេរៀនសូត្របានខ្ពស់បំផុតទៅតាមដែល គេចង់៕​

RELATED ARTICLES