ប្រជាពលរដ្ឋរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោក ស័ក្តិ៣ ឈ្មោះម៉ី ណាន់ ជានាយប៉ុស្តិ៍នគបាលការពារព្រំដែនគោក ប្រចាំការនៅចំណុចច្រក តំបន់៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កំពុងឃុបឃិតគ្នា នាំចូលរថយន្តចង្កូតស្តាំ ដែលប្រមុខរាជរដ្ឋាភិបាលហាមឃាត់តាមច្រកព្រំដែនតំបន់៤០០ ដោយគ្មានញញើតនឹងច្បាប់បន្តិចសោះឡើយ។
ប្រជាពលរដ្ឋស្រុកសំឡូត បានខ្សឹបឱ្យឮថា សព្វថ្ងៃមានរថយន្តចង្កូតស្តាំជាច្រើនគ្រឿង ដែលត្រូវបានលោកនាយប៉ុស្តិ៍ ម៉ី ណាន់ និងគូកន បាននាំចូលមកពីប្រទេសថៃ តាមច្រក៤០០ ហើយមានអ្នករត់ការធ្វើឯកសារបន្លំភ្នែកមហាជនទៀតផង។ ដោយឡែករថយន្តចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកឌីម៉ិក ពាក់ស្លាកលេខ ខ.ម លោកម៉ី ណាន់ ទុកឱ្យកូនរបស់គាត់ប្រើប្រាស់ និង១គ្រឿងទៀត ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខដែលជាប់មកពីប្រទេសថៃ ជាភាសាថៃ ២៩៣ ត្រូវលោកមេប៉ុស្តិ៍ ម៉ី ណាន់ ទុកសម្រាប់ប្រើប្រាស់ដោយខ្លួនឯងជាប្រចាំ។
ប្រជាពលរដ្ឋស្រុកសំឡូត បានខ្សឹបប្រាប់ថា តាមពិតរថយន្ត ម៉ាកហ្វត ពណ៌ស ដែលលោកម៉ី ណាន់ ទុកប្រើប្រាស់ខ្លួនឯងនោះ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចាប់ម្តងរួចមកហើយ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ហើយកាលពីកម្លាំងអាវុធហត្ថចាប់នោះ គឺមិនមែនពាក់ស្លាកលេខថៃ២៩៣នោះទេ គឺពាក់ស្លាកលេខ ៥៦៤៧។ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីបានជាកម្លាំងអាវុធហត្ថខេត្តបាត់ដំបងអនុញ្ញាតឱ្យលោកម៉ី ណាន់ យករថយន្តនោះទៅប្រើប្រាស់វិញ។
ប្រជាពលរដ្ឋបានខ្សឹបប្រាប់ឱ្យដឹងដែរថា មូលហេតុដែលមន្ត្រីគយមិនបង្ក្រាបរថយន្តចង្កូតស្តាំ ដែលលោកនាយប៉ុស្តិ៍ ម៉ី ណាន់ និងគូកន នាំចូលពីប្រទេសថៃតាមច្រក៤០០នោះ គឺដោយសារតំបន់ព្រំដែនរញ៉េរញៃ មន្ត្រីសមត្ថកិច្ច នៅទីតំបន់នោះ ជាពិសេសលោកម៉ី ណាន់ តែម្តង សុទ្ធតែជាមនុស្សដែលមានចរិតឆេវឆាវ ទើប មន្ត្រីគយមិនហ៊ានបង្ក្រាបដោយសារខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង។
ជុំវិញការខ្សឹបខ្សៀវខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកម៉ី ណាន់ នាយប៉ុស្តិ៍នគបាលការពារព្រំដែនគោកប្រចាំការ នៅចំណុចច្រកតំបន់៤០០ បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕