Friday, November 29, 2024
Homeព័ត៌មានជាតិកម្ពុជា-ថៃ ជួបគ្នាដោះស្រាយបញ្ហាពលករខ្មែរ

កម្ពុជា-ថៃ ជួបគ្នាដោះស្រាយបញ្ហាពលករខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីប្រទេសថៃ បានចេញច្បាប់ថ្មី រឹតបន្តឹងការគ្រប់គ្រងពលករបរទេស ដោយមានការចាប់បញ្ជូនពលករខ្មែរ ដែលចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ មកប្រទេសកម្ពុជាវិញ ធ្វើឱ្យពលករខ្មែរ មានការព្រួយបារម្ភជ្រួលច្របល់នោះមក រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមស្វែងរកដំណោះស្រាយជាមួយភាគីថៃ ដើម្បីជួយដល់ពលករខ្មែរនៅប្រទេសថៃ ជាមួយគ្នានេះ លោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅជួបពិភាក្សាជាមួយភាគីថៃ ដោយទទួលបានលទ្ធផលវិជ្ជមានសម្រាប់ពលករខ្មែរនៅប្រទេសថៃ ពិសេសពលករខ្មែរ ដែលកំពុងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។

ថ្លែងក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅពេលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីជួបពិភាក្សាជាមួយភាគីថៃ ដោះស្រាយបញ្ហាពលករខ្មែរ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីផ្តល់លិខិតឆ្លងដែន ដែលនៅសេសសល់ចំនួន ១៦ម៉ឺន ជូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ និងធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលមិនទាន់មាន ដោយចំណាយពេលត្រឹមតែ ១ថ្ងៃ ជាមួយតម្លៃអនុគ្រោះត្រឹមតែ២៣៥០ បាត (ស្មើនឹង៦៨ដុល្លារអាមេរិក) ព្រមទាំងឯកសារផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរធ្វើការងារនៅប្រទេសថៃ។

លោកហេង សួរ និងលោកហ៊ុន ម៉ាណែត ជួបពលករខ្មែរនៅប្រទេសថៃ

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ លោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស៊ិ វិឆ័យ ឌិសគុន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅអគារទីស្តីការក្រសួងការងារថៃ ដើម្បី រកដំណោះស្រាយបញ្ហាពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បន្ទាប់ពីថ្មីៗនេះ ប្រទេសថៃ បានចេញច្បាប់ថ្មី រឹតបន្តឹងការគ្រប់គ្រងពលករបរទេស។

លោកអិុត សំហេង បានបញ្ជាក់ថា ជំនួបពិភាក្សាជាមួយសមភាគីថៃនោះ ទទួលបានលទ្ធផលជាវិជ្ជមានច្រើនសម្រាប់ជាប្រយោជន៍ដល់ពលករខ្មែរនៅប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងការងារថៃ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បាន ដឹកនាំប្រតិភូកម្ពុជា ជួបប្រជុំជាមួយឯកឧត្តម ស៊ិរីឆ័យ ឌិស្ថតុន (Srichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងកម្លាំងពលកម្ម ជាពិសេសការស្វែងរកដំណោះស្រាយក្នុងការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលបានកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមបរិយាកាស យោគយល់ស្និទ្ធស្នាល និងទទួលបានលទ្ធផលវិជ្ជាមានដូចខាងក្រោម ៖

១.រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោស ពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ  ហើយរាជរដ្ឋាភិបាលថៃ ក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយ កំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ។ ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧) ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានការសារអ្វីទាំងអស់ ឱ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស។ ក្រសួងការងារថៃ និងបើកការិយាល័យចុះឈ្មោះពលករបរទេសចំនួន១០កន្លែង នៅក្នុងទីក្រុងបាងកក និងចំនួន១កន្លែង នៅក្នុងខេត្តនីមួយៗ នៃប្រទេសថៃ។

២.ក្រសួងការងារថៃ បានឯកភាពតាមការស្នើសុំរបស់ភាគីកម្ពុជា ដោយអនុញ្ញាតដល់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែនលិខិតធ្វើដំណើរ ឬប័ណ្ណពណ៌ស៊ីជម្ពូ ស្របច្បាប់ពេលដំបូង ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរនិយោជក ដោយខុសនីតិវិធី ហើយក្លាយទៅជាពលករខុសច្បាប់ អាចមកចុះបញ្ជីជាមួយមន្ទីរការងារថៃ ដើម្បីបំពេញឯកសារ ដើម្បីក្លាយទៅជាពលករស្របច្បាប់វិញ។

៣.ភាគីថៃ បានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការរៀបចំយុទ្ធនាការ១០០ថ្ងៃ បើកផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ដល់ពលករកម្ពុជា ឱ្យបានចំនួន ១៦ម៉ឺននាក់ ដែលបានធ្វើការបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយនាពេលកន្លងមក ទោះបីជាពលករបានធ្វើការផ្លាស់ប្តូរនិយោជិក ឬក្រុមហ៊ុនខុសពីក្នុងឯកសារដើមក៏ដោយ។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះ ដោយ គណៈកម្មការនឹងបញ្ជូនក្រុមចល័តចំនួន៤ក្រុម បន្ថែមទៀត ដើម្បីចុះបើកផ្តល់តាមរោងចក្រ ធំៗទាំង២០០រោងចក្រ ដែលមានប្រើប្រាស់ពលករកម្ពុជា លើសពី៧០នាក់។ កម្រៃសេវាផ្លូវការក្នុងការបើកផ្តល់សំណុំឯកសារដែលភាគីថៃនិងកម្ពុជា បានឯកភាពគ្នាគឺ៩៥០បាត។

៤.ភាគីថៃក៏បានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការរៀបចំយុទ្ធនាការ១ទៀត គឺយុទ្ធនាការបញ្ជាក់អត្តសញ្ញាណពលករកម្ពុជា ដែលមិនទាន់មានលិខិតធ្វើដំណើរ និងប័ណ្ណ OCWC ដើម្បីយកទៅសុំភាពស្របច្បាប់ពី អាជ្ញាធរថៃ ដោយកំណត់យុទ្ធនាការបញ្ជាក់អត្តសញ្ញាណពលករ និងបើកផ្តល់ឯកសារជូនពលករនៅក្នុងថ្ងៃតែមួយ ហើយពលករអាចទៅសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងទីដ្ឋាការការងារ (Work Perrmt) ពីភាគីថៃ នៅកន្លែងតែមួយតែម្តង។ យុទ្ធនាការនេះ នឹងចាប់ផ្តើមក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០១៧ ដោយមានក្រុមការងារចំនួន២០ក្រុមបន្ថែមទៀត ហើយផ្តើមចេញពីពលករផ្នែកនេសាទ ក្នុងខេត្តរ៉ាក់យង និងផ្នែក ឬខេត្តផ្សេងទៀត ជាបន្តបន្ទាប់។ កម្រៃសេវាផ្លូវការក្នុងការធ្វើ និងបើកផ្តល់សំណុំឯកសារក្នុងថ្ងៃតែមួយ ដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នាពី២៣៥០បាត។

សេចក្តីប្រកាសព័ត៌មានដដែល បានជម្រាបដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃរក្សាភាពនឹងនក្នុងការបំពេញការងារជាប្រក្រតី ជាមួយនិយោជករបស់ខ្លួន ព្រោះគណៈកម្មការផ្តល់ភាពស្របច្បាប់ និងចុះទៅផ្តល់សំណុំឯកសារផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករនៅក្នុងទឹកដីថៃតែម្តង។ ដោយឡែកប្រជាពលរដ្ឋដែលកំពុងស្នាក់នៅកម្ពុជា ហើយមានបំណងចេញទៅធ្វើការងារនៅប្រទេសថៃ សូមជ្រើសរើសការចេញទៅដោយស្របច្បាប់ជាពលករ (MOU) តាមរយៈភ្នាក់ងារជ្រើសរើសឯកសារស្របច្បាប់ទាំង៧៧ ដែលមានការទទួលស្គាល់ដោយអាជ្ញាធរកម្ពុជា និងថៃ។

ដោយឡែកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា “ដើម្បីស្វែងរកដំណោះស្រាយចំពោះស្ថានការណ៍ច្របូកច្របល់នាពេលបច្ចុប្បន្ន ដែលប៉ះពាល់ដល់ពលករកម្ពុជា នៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រកាន់យកនូវវិធានការដូចខាងក្រោម ៖

១.យោងតាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានចេញសេចក្តីប្រកាស កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយអំពាវនាវឱ្យពលករកម្ពុជា ស្ថិតក្នុងភាពស្ងប់ស្ងាត់ក្នុងពេលដែលក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា កំពុងធ្វើការពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីរកដំណោះស្រាយអនុញ្ញាតឱ្យពលករកម្ពុជា ដែលមិនមានលិខិតស្នាមគ្រប់គ្រាន់បន្តស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសថៃ។

រាល់កិច្ចប្រឹងប្រែងទាំងនេះ បាននាំមកនូវលទ្ធផលបឋមដ៏គួរឱ្យលើកទឹកចិត្ត ដោយរដ្ឋាភិបាលថៃ បានប្រកាសពន្យារពេលអនុវត្ត រាជក្រឹត្យប្រតិបត្តិរបស់ខ្លួនក្នុងរយៈពេល១៨០ ថ្ងៃ។

២.ក្នុងការអនុវត្តវិធានការនានា ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅស្រះកែវ ឱ្យធ្វើកិច្ចសហប្រតិបត្តិការយាងពេញលេញ និងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់បណ្តាខេត្តកម្ពុជា ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។

៣.ឯកឧត្តមអិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដឹកនាំគណៈប្រតិភូ ដែលរួមមានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ធ្វើការចរចាជាមួយអាជ្ញាធរថៃ ជាមួយក្តីសង្ឃឹមស្វែងរកដំណោះស្រាយ អនុគ្រោះសម្រាប់ពលកររបស់យើង។

៤.លើសពីនេះទៀត ក្រសួងសូមជម្រាប ដល់មតិសាធារណៈថា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការចរចាជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះស្ថានការណ៍នេះ” ៕

ខៀវទុំ

RELATED ARTICLES