ក្រោយពេលមានការចុះផ្សាយថា តារាសង្ហាល្បីល្បាញ នុម សនរ៉ាម កសាងទំនាក់ទំនងស្នេហាជាមួយអ្នកមេម៉ាយកូនមួយ នីខូល ដែលមានវ័យជ្រេ៤៤ឆ្នាំទៅហើយ ធ្វើឱ្យប្រិយមិត្តស្ទើរមិនជឿភ្នែកខ្លួនឯង ហើយចោទសួរសំណួរទាំងភ្ញាក់ផ្អើលថា អាចទៅរួចឬទេ? តែលើលោកនេះ អ្វីៗក៏អាចកើតឡើងបានដែរ ព្រោះនេះអ្នកទាំងពីរចេញមុខមកសារភាពហើយ ពួកគេពិតជាទាក់ទងគ្នាក្នុងឋានៈគូស្នេហ៍ ហើយជាគូស្នេហ៍វ័យជ្រេ ដែលយុវវ័យទាំងឡាយលួចច្រណែនទៀតផង។
កន្លងមក នុម សនរ៉ាម តារាឯកល្បីចេញពីរឿង “ផ្កាយព្រឹក” បានរក្សាភាពកំលោះមិនមានគូគ្រងក្នុងរយៈពេលយូរ ធ្វើឱ្យប្រិយមិត្តចាំ អ៊ុតមើលថា តើកំពូលនារីបែបណាទៅដែលមានវាសនាក្លាយជាគូគាប់ទ្រនាប់បេះដូងគេ។ លុះដល់អាប៉ោងបើកគ្របឃើញថា អ្នកមេម៉ាយកូនមួយ វ័យ៤៤ឆ្នាំ នីខូល ថេរិអូ គឺជាម្ចាស់បេះដូងកំលោះ សនរ៉ាម ធ្វើឱ្យ ប្រិយមិត្តខ្លះមិនជឿ។ តែមិនជឿក៏ត្រូវតែជឿ ព្រោះកំលោះសង្ហា នុម សនរ៉ាម បានសារភាពដោយផ្ទាល់មាត់ថា គេស្រឡាញ់ នីខូល រហូតដល់ថ្នាក់មានបំណងរៀបការជាមួយនាងទៀតផង។
លោក នុម អះអាងថា “ពាក្យថាសង្សារ ខ្ញុំមិនចង់ប្រើទេ ព្រោះយើងជាមនុស្សចាស់ហើយ។ ខ្ញុំមានបំណងរៀបការជាមួយនាង។ ខ្ញុំចង់មានក្រុមគ្រួសារ ចង់រៀបការជាមួយ នីខូល តែខ្ញុំមិនដឹងថា នាងចង់រៀបការជាមួយខ្ញុំឬអត់ទេ។ ថ្ងៃនេះ ខ្ញុំចាប់ផ្តើមមានស្នេហា ហើយខ្ញុំនឹងថែរក្សាវាឱ្យបានល្អបំផុត”។
ពាក្យសម្តីផ្អែមពោរពេញដោយអត្ថន័យបែបនេះ បើទោះបីជាស្ត្រីមានបេះដូងដែក ក៏ត្រូវជ្រាយដូចក្រមួនត្រូវថ្ងៃដែរ។ ភាគី នីខូល ពេលបានឮបុរសវាចា ហូរចេញពីមាត់កំពូលស្នេហ៍បែបនេះ នាងប្រញាប់ឆ្លើយតបវិញថា “ក្រោយបើកចំហថា យើងទាក់ទងពិនិត្យមើលចិត្តថ្លើមគ្នាហើយ ខ្ញុំមានអារម្មណ៍ថា ត្រេកអរណាស់។ ដំបូង នុម សនរ៉ាម មិនប្រាប់ថា គាត់នឹងបើកចំហររឿងនេះក្នុងកម្មវិធី វូដឌីទេ។ គាត់គឺជាថាមពលវិជ្ជមាន។ អ្នកណាបាននៅក្បែរ រមែងមានតែសេចក្តីសុខ។ យើងស្គាល់គ្នា២០ឆ្នាំហើយ។ គាត់ជាមនុស្សមានមារយាទល្អណាស់។ ឯមូលហេតុ ដែលនាំឱ្យយើងចាប់ចិត្តគ្នា គឺបណ្តាលមកពីបានរួមការងារជាមួយគ្នា”។
ចំណែកឯសំណើដែល សនរ៉ាម ព្រលយថា ចង់រៀបការជាមួយនាងនោះ នីខូល សូមស្វាគមន៍ដោយនាងនិយាយថា នាងពេញចិត្តរៀបការជាមួយ សនរ៉ាម នៅពេលដែលស្នេហាមានលក្ខណៈទុំជោរ។
ស្នេហារបស់អ្នកទាំងពីរគឺជាសម្ព័ន្ធភាពដ៏ជ្រាលជ្រៅ ឆ្លុះបញ្ចាំងនូវការបារម្ភ ហួងហែងគ្នាទៅវិញទៅមក។ សូម្បីតែពេល សនរ៉ាម ធ្លាក់ខ្លួនដេកសម្រាកព្យាបាល គេឃើញ នីខូល អង្គុយកំដរដោយមិនខ្លាចនឿយហត់។ នីខូល បានបង្ហោះរូប សនរ៉ាម ដេកឈឺនៅលើសាឡុង បែកញើសហូរជោក ព្រមទាំងពាក្យពេចន៍និយាយថា “អាណិតអ្នកឈឺណាស់។ សូមគេងឱ្យបានច្រើនណា៎”។ វាទាក់ទាញឱ្យប្រិយមិត្តចូលមកបញ្ចោញមតិផ្តល់កម្លាំងចិត្តដល់ សនរ៉ាម និង នីខូល ច្រើនលើសលុប។
ពាក់ព័ន្ធនឹងរឿងស្នេហារបស់ សនរ៉ាម និង នីខូល នេះដែរ អតីតស្វាមី ម៉ែវ ជិរសាក់ ដែលបានបែកបាក់គ្នាទៅហើយ បានចូលរួមអបអរចំពោះ នុម សនរ៉ាម និង នីខូល តែដោយហេតុថា លោកបានក្លាយជាមនុស្សក្នុងអតីតកាលទៅហើយ លោកប្រាប់ថា មិនស្ថិតក្នុងស្ថានភាពដែលអាចធ្វើអត្ថាធិប្បាយចំពោះស្នេហាអ្នកទាំងពីរទេ។
ណែក កុប ស៊ុវណាន់ ខុងយិង ដៃគូសម្តែងរបស់ សនរ៉ាម ក្នុងរឿង “ផ្កាយព្រឹក” ពេលដឹងថា សនរ៉ាម ស្រឡាញ់ នីខូល រហូតមានបំណងចង់រៀបការ ក៏សម្តែងក្តីអបអរនៅក្នុងអ៊ីនស្តាក្រាមថា “ពេលបានឃើញព័ត៌មានហើយ សូមចូលរួមអបអរផង បងប្រុស”។
ស្នេហារបស់ សនរ៉ាម និង នីខូល ពុំមែនជារឿងលេងសើចទេ។ វាជាស្នេហាពិតប្រាកដ ដែលបានផុសឡើងចេញពីបេះដូងវ័យជ្រេរបស់ពួកគេ តែវាមានថាមពលរឹងមាំរហូតដល់អ្នកទាំងពីរសម្លឹងទៅដល់អាពាហ៍ពិពាហ៍ទៀតផង៕