នៅក្នុងរឿង“អូនជាព្រះអាទិត្យបង” តួឯកស្រី ឈិបពី សិរិន្ទ្រ ត្រូវតារាឯកប្រុស អាំ អាធិឆាត ក្លែងធ្វើបាបគ្មានត្រាប្រណី តែនៅក្នុងជីវិតពិតវិញ ប្រាកដជាគ្មានបុរសណាថ្លើមធំហ៊ានញាំញីនាងរបៀបនេះឡើយ ព្រោះនាងមានអង្គរក្សបេះដូង ដែលជាកំពូលអ្នកប្រដាល់ប្រចាំកម្មវិធី Thai fight ឈ្មោះ អង់ទួន ពិនតូ តាមការពារគ្រប់ជំហាន…។
ទទួលបានការនិយមខ្លាំងក្លាណាស់ សម្រាប់រឿង“អូនជាព្រះអាទិត្យបង” ដែលមានតួឯកស្រី ឈិបពី សិរិន្ទ្រ ព្រីឌីយ៉ានន្ទ សម្តែងជាតួអង្គ“ខេត” គូនឹងតារាឯកប្រុស បបូរមាត់ក្រហម អាំ អាធិឆាត សម្តែងជាតួអង្គ“ភូ”។ ខ្សែរឿងដែលមានការកាច់កុងគ្នា រវាងតួឯកប្រុសស្រីនេះ ធ្វើឱ្យមហាជនខឹងក្នាញ់នឹងតួឯកប្រុស ដែលចូលចិត្តធ្វើបាប ញាំញីតួឯកស្រីជាពន់ពេក។
ប៉ុន្តែទាំងអស់នេះ គ្រាន់តែជាហេតុការណ៍ដែលកើតឡើងក្នុងរឿង“អូនជាព្រះអាទិត្យបង” តែប៉ុណ្ណោះ ព្រោះនៅក្នុងជីវិតពិតវិញ ប្រាកដជាគ្មានបុរសណាចិត្តសឿងហ៊ានរករឿងនាងឡើយ។ បើមិនដូច្នោះ គេប្រាកដជាបានសាកកណ្តាប់ដៃ រន្ទះជើងរបស់កំពូលអ្នកប្រដាល់ Thaifight ឈ្មោះ អង់ទួន ពិនតូ មិនខាន។
ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះមិនញញើតអ្នកប្រដាល់អង់ទួន ពិនតូ ទៀតទេ ដោយសារតែមានពាក្យលេចឮថា ស្នេហាតារាភាពយន្ត និងកំពូលអ្នកប្រដាល់នេះ បានឈានដល់ទីបញ្ចប់ហើយ។ មូលហេតុដែលនាំឱ្យមានពាក្យចចាមអារ៉ាមបែកបាក់នេះកើតឡើង ក៏ព្រោះតែមួយរយៈនេះ គេសង្កេតឃើញថា អ្នកទាំងពីរបាន UnFollow គ្នាទៅវិញទៅមក នៅក្នុងអ៊ីនស្តាក្រាម។
ថ្វីបើក្រោយមកអ្នកទាំងពីរចាប់ផ្តើម Follow គ្នាឡើងវិញ តែពួកគេដូចជាលែងសូវបង្ហោះរូបគូគ្នាផ្អែមល្ហែមដូចមុនទៀតហើយ។ ករណីនេះ ហាក់រឹតតែនាំឱ្យមានការយល់ថា អ្នកទាំងពីរបែកបាក់គ្នាជាស្ថាពរហើយ។
ខណៈដែលបុរសខ្លះលួចត្រេកអរចំពោះដំណឹងថា ស្រីស្អាត ឈីបពី ទំនេរពីអង្គរក្សបេះដូង អង់ទួន ស្រាប់តែឈិបពី បានរូបភាពផ្អែមល្ហែម សម្លឹងភ្នែកគ្នាយ៉ាងស្រទន់រវាងរូបនាង និងអង់ទួន ព្រមទាំងបរិយាយថា “សុំរូប ឱ្យបាន តែសុំបង អង់ទួន មិនបានដាច់ខាត សុំទោសណា៎!”។
នេះអាចជាការប្រកាសថា ឈិបពី និងអងទួន គ្មានការបែកបាក់ទេ។ ដើម្បីជាសក្ខីកម្មបញ្ជាក់ពីរឿងនេះ អ្នកទាំងពីរថែមទាំងនាំគ្នាដើរលេង និងបង្ហាញភាពផ្អែមល្ហែមជាថ្មី ព្រមទាំងប្រកាសឱ្យពិភពលោកដឹងថា “ពួកយើងគឺជាពាក់កណ្តាលជីវិត សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក”។
ចំណែក អង់ទួន ក៏ផ្អែមល្ហែមមិនចាញ់គ្នាដែរ។ គេធ្លាប់ធ្វើឱ្យនាងឈិបពី រំភើប ដោយការជូនបាច់ផ្កាខួបកំណើតដល់នាង ក្នុងកម្មវិធី Thai Fight មុននឹងឡើងប្រកួតទៀតផង។
ឈិបពី ក៏បានបង្ហាញការបារម្ភចំពោះបុរសជាសង្សារ ដោយសំណូមពរឱ្យគេអាចឈប់ប្រដាល់ ព្រោះនាងមិនចង់ឃើញគេឈឺចាប់។ នាងចង់ឱ្យគេរឹងប៉ឹង ដើម្បីអាចនៅជាមួយកូនបានយូរ ប្រសិនបើពួកគេមានកូន។
គួរបញ្ជាក់ថា ទាំង អង់ទួន និងឈិបពី សុទ្ធតែជាកូនកាត់ថៃ-បារាំង ដូចគ្នា ដូច្នោះហើយទើបដូចជាមានការចុះសម្រុងគ្នាល្អណាស់នៅក្នុងសម្ព័ន្ធភាពបេះដូង៕