Monday, November 25, 2024
Homeនយោបាយបក្សប្រឆាំង សម្រេចដករូបលោកសម រង្ស៊ី បដិសេធដាក់រូបលោកស្រីសូមួរ៉ា ចាប់ដៃលោកកឹម សុខា

បក្សប្រឆាំង សម្រេចដករូបលោកសម រង្ស៊ី បដិសេធដាក់រូបលោកស្រីសូមួរ៉ា ចាប់ដៃលោកកឹម សុខា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រឆាំងនេះ បាន សម្រេចដករូបលោកសម រង្ស៊ី ចាប់ដៃលោក កឹម សុខា ចេញពីស្លាកគណបក្ស ដោយដកទាំងរូបលោកកឹម សុខា ផងដែរ ហើយដាក់ជំនួសដោយអក្សរថា “រួមគ្នាសង្គ្រោះជាតិយើង” ព្រមទាំងបានបដិសេធព័ត៌មានថា ដករូបលោក សម រង្ស៊ី ចេញ ដាក់ជំនួសវិញដោយរូបលោកស្រី ជូឡុង សូមួរ៉ា (ភរិយាលោកសម រង្ស៊ី) ចាប់ដៃលោកកឹម សុខា។

ការថ្លែងបញ្ជាក់របស់គណបក្សសង្គ្រោះជាតិ ខាងលើនេះ ឆ្លើយតបនឹងព័ត៌មានលេចឮ មុននេះថា បន្ទាប់ពីដករូបលោកសម រង្ស៊ី ចាប់ដៃជាមួយលោកកឹម សុខា ចេញពីស្លាកគណបក្ស ដើម្បីចៀសវាងប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានស្នើវិសោធនកម្មជាលើកទី២ ហើយត្រូវបានរដ្ឋសភាអនុម័ត រួចហើយនោះ គណបក្សប្រឆាំងនេះ កំពុងពិភាក្សាអំពីការដាក់រូបលោកស្រីជូឡុង សូមួរ៉ា ភរិយា របស់លោកសម រង្ស៊ី ចាប់ដៃលោកកឹម សុខា ជំនួសវិញ។

លោកកឹម សុខា និងលោកសម រង្ស៊ី

គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះ បានលេចឮឡើងក្រោយពេលដែលអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានបញ្ជាក់មុននេះថា ខ្លឹមសារថ្មីនៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលសរសេរដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សសង្គ្រោះជាតិ ត្រូវដករូបរបស់លោកសម រង្ស៊ី ចេញ។ ប្រសិនបើមិនដករូបរបស់លោកសម រង្ស៊ី ចេញទេ គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមនឹងការរំលាយចោលតែម្តង។ បានន័យថា ខ្លឹមសារថ្មី ដែលនឹងត្រូវបន្ថែម ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឱ្យគណបក្សនយោបាយ យករូបភាពរបស់បុគ្គលណាមួយ ដែលមានឈ្មោះជា អ្នកទោស ឬទណ្ឌិតទៅប្រើប្រាស់ឡើយ។ ដូច្នេះ ចង់មិនចង់ គណបក្សសង្គ្រោះជាតិ ត្រូវតែបង្ខំ ចិត្តដករូបរបស់លោកសម រង្ស៊ី ដែលឈរកាន់ដៃជាមួយលោកកឹម សុខា ចេញពីស្លាកគណបក្ស។

ពាក់ព័ន្ធនឹងព័ត៌មានថា គណបក្សសង្គ្រោះជាតិ កំពុងពិចារណា ពិភាក្សាដាក់រូបលោកស្រី ជូឡូង សូមួរ៉ា ចាប់ដៃលោកកឹម សុខា នៅលើស្លាកគណបក្សជំនួសលោកសម រង្ស៊ី នោះ អគ្គលេខាធិការគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ លោកលី សុវិជ្ជា បានបញ្ជាក់ថា មកដល់ពេលនេះ បើទោះបីគណៈកម្មាធិការនាយកមានការប្រជុំក៏ដោយ ក៏មិនទាន់មានការពិភាក្សាពីបញ្ហានេះនៅឡើយ។

លោកលី សុវិជ្ជា

លោកលី សុវិជ្ជា បានមានប្រសាសន៍ថា “ចំពោះបញ្ហានេះ គណបក្សអត់បានគិតគូរនៅឡើយទេ គឺគ្រាន់តែដឹងថា នេះជាទស្សនៈរបស់អ្នកលេងហ្វេសប៊ុក ដែលគាត់ឱ្យយោបល់ មកយើង តែចំពោះគណបក្សវិញ គឺយើងអត់ទាន់បានគិតគូរពីបញ្ហានេះនៅឡើយ។ យើងមានប្រជុំ ប៉ុន្តែយើងមិនបានប្រជុំពាក់ព័ន្ធទៅរឿងថា ដាក់រូបអ្នកនេះជំនួសអ្នកនោះទេ ព្រោះថា គណបក្សយើងនឹងធ្វើអ្វីទៅតាមច្បាប់ ដែលមានចែង បើយើងមិនធ្វើតាម វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់គណបក្ស។ ប៉ុន្តែរឿងការដាក់រូបអ្នកនេះជំនួសអីអស់នោះ យើងមិនទាន់ឆ្លើយនៅឡើយ ព្រោះអាចមានការប្រជុំអីយ៉ាងម៉េចទៀត យើងអត់ទាន់ហ៊ាននិយាយកើត”។

ជាមួយគ្នានោះដែរ លោកជាម ច័ន្ទនី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានបញ្ជាក់ថា ជាមួយនឹងការដករូបលោកសម រង្ស៊ី ចេញពីស្លាកគណបក្សសង្គ្រោះជាតិ នោះ គណបក្សមិនមានការពិភាក្សាពីការដាក់រូបលោកស្រី ជូឡុង សូមួរ៉ា ចាប់ដៃលោកកឹម សុខា ជំនួសលោកសម រង្ស៊ី នោះទេ តែគណបក្សបានពិភាក្សា និងសម្រេចរួចរាល់ហើយ ក្នុងការដាក់អក្សរ “រួមគ្នាសង្គ្រោះជាតិយើង” ជំនួសរូបភាព។

លោកជាម ច័ន្ទនី បានមានប្រសាន៍ថា  “ហ្នឹងហើយ ! យើងធ្វើអ្វីមួយនៅក្នុងសង្គមប្រជា ធិបតេយ្យ យើងត្រូវគោរពច្បាប់ ទោះច្បាប់នោះ ចេញមកពីខាងណា ល្អអាក្រក់យ៉ាងណា មានចេតនានយោបាយបំបាក់គូប្រកួតយ៉ាងណា ក៏យើងត្រូវគោរពច្បាប់។ ដូច្នេះហើយ គណបក្ស សង្គ្រោះជាតិ បានរៀបចំខ្លួនធ្វើយ៉ាងណាឱ្យបានស្របច្បាប់។ អ៊ីចឹងមានន័យថា ច្បាប់យើងដឹង ហើយ តុលាការភ្នំពេញនេះ ចោទប្រកាន់ឯកឧត្តមប្រធានសម រង្ស៊ី ជាទណ្ឌិត មិនដឹងជារឿងរ៉ាវអីខ្លះទេ ច្រើនណាស់។ អ៊ីចឹងច្បាប់ហ្នឹង គេចងថា ច្បាប់ហ្នឹងមិនអាចមានទំនាក់ទំនង មកគណបក្សនយោបាយបានទេ ហើយស្អីប៉ុន្មានទៀតទៅ អ៊ីចឹងយើងថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ បានធ្វើការពិចារណាហើយថា យើងនឹងដករូបឯកឧត្តមប្រធានចេញពីស្លាកគណបក្ស របស់យើងហ្នឹង។ ប៉ុន្តែខ្ញុំ អត់ដឹងទេថា ជំនួសវិញដោយរូបលោកជំទាវសូមួរ៉ា ជាមួយនឹងឯក ឧត្តមប្រធានកឹម សុខា ហ្នឹង គឺអត់ដឹងទេ ខ្ញុំគ្រាន់តែដឹងថា ជំនួសវិញដោយអក្សរថា “រួមគ្នា សង្គ្រោះជាតិយើង”។ គឺយើងជំនួសកន្លែងដែលឯកឧត្តមប្រធានទាំង២ គេដកចេញហ្នឹង គឺដាក់ ពាក្យហ្នឹងវិញថា “រួមគ្នាសង្គ្រោះជាតិយើង” ប៉ុណ្ណឹងទេ។ ឯមានលេចឮថា ជំនួសឯកឧត្តម សម រង្ស៊ី គឺយករូបលោកជំទាវសូមួរ៉ា មកចាប់ដៃវិញនោះ ខ្ញុំអត់បានជ្រាបទេ។ បានន័យថា មានក្នុងស្លាកហ្នឹង មានមួយចំហៀងហ្នឹង មានរូបព្រះអាទិត្យ ហើយមួយចំហៀងទៀតហ្នឹង គឺ “រួមគ្នាសង្គ្រោះជាតិយើង។ អាហ្នឹងខ្ញុំជ្រាបប៉ុណ្ណឹង ឯព័ត៌មានដទៃទៀត ខ្ញុំអត់បានដឹង”។

លោកជាម ច័ន្ទនី បានមានប្រសាសន៍បន្តថា “ពាក្យនេះ ខ្ញុំគិតថា មិនយូរទេ គណបក្សនឹងចេញការណែនាំផ្លូវការហើយ ពីព្រោះកាលណាច្បាប់ហ្នឹងចូលជាធរមាន គេទុកពេលឱ្យយើងតែ៣ខែទេ ហើយយើងត្រូវរុះផ្លាកដែលចូលដល់ខ្ទង់ម៉ឺនឯណោះ ច្រើនណាស់មួយខេត្តៗ ស្លាកតូច ស្លាកធំ។ ចំពោះអត្ថន័យយើងរួមគ្នាសង្គ្រោះជាតិយើងហ្នឹង ចង់និយាយថា យើងរួបរួមគ្នាទាំងអស់ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងបក្សណា យើងគួរតែរួបរួមគ្នាទៅ ហើយសង្គ្រោះជាតិយើង ពីព្រោះប្រទេសយើងសព្វថ្ងៃនេះ យើងដឹងហើយ ទោះបីអ្នកណាអះអាងថា មានសន្តិភាព មានការរីកចម្រើន មានការរក្សាបានស្ថិរភាព បញ្ហាព្រំដែន បញ្ហាអីគ្រប់សព្វទាំងអស់ ធាតុពិតមួយនោះ គឺថា យើងដឹងទាំងអស់គ្នាហើយថា ហាយនភាពនាពេលខាង- មុខ យើងដឹងហើយ មកទល់ថ្មើរនេះ យើងជំពាក់ គេជិត១ម៉ឺនលានហើយ បំណុលបរទេស។ អ៊ីចឹង សរុបទាំងអស់ទៅ យើងឃើញថា ហាយនភាព គ្រោះថ្នាក់ដល់ប្រទេសជាតិ បានយើងដាក់ពាក្យ នេះថា “រួមគ្នាសង្គ្រោះជាតិយើង”។ សង្ឃឹមថា ស្លាកថ្មីដែលមានពាក្យនេះដាក់ជាផ្លូវការ នឹង កាន់តែទទួលបានការគាំទ្រ ព្រោះយើងគិត អស់ហើយ ក្នុងកិច្ចពិភាក្សានោះ”៕

កុលបុត្រ

RELATED ARTICLES