ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ព្រៃឈើដែលស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ កំពុងរលាយហិនហោចស្ទើរអស់ហើយ ព្រោះតែមន្ត្រី ជំនាញដែនជម្រកសត្វព្រៃឱរ៉ាល់ បើកដៃឱ្យក្រុមឈ្មួញរកស៊ីកាប់ឈើខុសច្បាប់ កាប់បំផ្លាញ និងដឹកជញ្ជូនចេញយ៉ាងគគ្រឹកគគ្រេង ជាថ្នូរនឹងការបង់ប្រាក់ដាក់ហោប៉ៅ។
ប្រជាពលរដ្ឋស្រុកឱរ៉ាល់ បានខ្សឹបថា ព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ មានផ្ទៃដីជិត២០ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំ ចំនួន៣ គឺឃុំតាសាល ឃុំត្រពាំងជោរ និងឃុំ រស្មីសាមគ្គី ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកាន់កាប់ គ្រប់គ្រងដោយលោកខន សុខខុន នាយកដែនជម្រកសត្វព្រៃឱរ៉ាល់។ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃ ព្រៃឈើក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់នេះ កំពុងទទួលរងការវិនាស ហិចហោចស្ទើរតែទាំងស្រុងហើយ ដោយពួកគាត់សង្កេតឃើញក្រុមឈ្មួញ កាប់បំផ្លាញព្រៃឈើ និងដឹកឈើចេញយ៉ាងសស្រាក់សស្រាំ។
ប្រជាពលរដ្ឋស្រុកឱរ៉ាល់ បានខ្សឹបថា ការដែលឈ្មួញអាចកាប់ និងដឹកឈើចេញយ៉ាង គគ្រឹកគគ្រេងបែបនេះ ពួកគាត់សង្ស័យថា អាចមកពីលោកខន សុខខុន នាយដែនជម្រក សត្វព្រៃឱរ៉ាល់ បើកដៃឱ្យក្រុមឈ្មួញទាំងនោះ ព្រោះនៅក្នុងខេត្តកំពង់ស្ពឺ ពុំមានដីសម្បទាន សេដ្ឋកិច្ចនោះទេ រីឯឈើដុល និងឈើប្រណីត ដែលក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តទាំងយប់ ទាំងថ្ងៃ យកទៅលក់ រហូតដល់ក្រៅប្រទេសនោះ គឺដឹកចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ និងមានលោកខន សុខខុន ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះតែម្តង។
ប្រជាពលរដ្ឋស្រុកឱរ៉ាល់ បានខ្សឹបបន្តទៀតថា ក្រុមឈ្មួញរកស៊ីដឹកឈើប្រណីតបានបង្ហើបថា ពួកគេតែងបង់លុយឱ្យលោកខន សុខខុន មិនក្រោម ២ពាន់ដុល្លារទេ ក្នុង១ខែ។ ចំណែកឈ្មួញរកស៊ីតូចតាច ត្រូវបង់ចាប់ពី៥០០ រហូតដល់១ពាន់ដុល្លារ រីឯខ្លះទៀត ត្រូវខាងជំនាញរបស់លោកខន សុខខុន រាប់ក្បាលឡានគិត លុយតែម្តង។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា រាល់ថ្ងៃនេះ មន្ត្រីក្រោមឱវាទរបស់លោកខន សុខខុន បានដើរដាក់កុងត្រូលជជុះជាច្រើនកន្លែង រួមមាននៅខាងកើតតំបន់ទេទឹកពុះ ១កន្លែង ខាងលិចផ្សារកន្ទួត ១កន្លែង ខាងជើងក្រុមហ៊ុន HLH ១កន្លែង ខាងកើតស្ពានដែក ១កន្លែង និងនៅ ក្នុងភូមិស្រែកិន ១កន្លែងទៀត ហើយសូម្បីតែប្រជាពលរដ្ឋ ដឹកអុស ធ្យូង តាមគោយន្ត ក៏មិន អាចរំលងបានឡើយ គឺត្រូវតែបង់លុយឱ្យក្រុមមន្ត្រីជំនាញទាំងនោះ ប្រសិនបើមិនបង់លុយ ឱ្យទេ ច្បាស់ជាត្រូវឃាត់ទុក ឬចាប់យកទៅឱ្យបង់លុយច្រើនជាក់ជាមិនខានឡើយ ហេតុនេះប្រជាពលរដ្ឋ សូមខ្សឹបឱ្យឮដល់ថ្នាក់លើមេត្តាពិនិត្យមើលសកម្មភាពរបស់លោកនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងបក្ខពួកផង។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកខន សុខខុន នាយកដែនជម្រកសត្វព្រៃឱរ៉ាល់បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ