Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន បង្ហាញមុខជាមួយចៅ ជម្រះមន្ទិលចេញក្រៅប្រទេសស្ងាត់ៗ

សម្តេចហ៊ុន សែន បង្ហាញមុខជាមួយចៅ ជម្រះមន្ទិលចេញក្រៅប្រទេសស្ងាត់ៗ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមុខជាមួយ ចៅស្រីនៅក្នុងភូមិគ្រឹះរបស់សម្តេច នារាជធានីភ្នំពេញ និងបង្ហាញមហិច្ឆតាជំរុញឱ្យចៅៗទាំងអស់ បន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាគ្រប់គ្នា។ ជាមួយគ្នានេះ សម្តេចបានលើកពីចៅស្រីម្នាក់ អាយុ ១០ឆ្នាំ ដែលរៀនពូកែ ហើយនឹងត្រូវចេញទៅប្រឡងព៉្យាណូ នៅប្រទេសសិង្ហបុរី នាពេលខាងមុខនេះ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ថា “ចៅស្រីមួយនេះ កំពុងបង្ហាញនូវសមត្ថភាពតំណាងឱ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ដែលមានឪពុក និងម្តាយ សុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ១០ឆ្នាំ នាថ្ងៃទី២៥ ខែកក្កដា ២០១៧ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែ នឹងត្រូវចេញទៅប្រឡងព៉្យាណូនៅប្រទេសសិង្ហបុរី នៅថ្ងៃ២២ កក្កដា ខាងមុខនេះ ជាមួយសិស្សរួមសាលា២នាក់ទៀត ដែល ១នាក់ អាយុ១៦ឆ្នាំ ភេទប្រុស និង១នាក់ទៀត អាយុ១៤ ភេទស្រី។ វរលក្ខណ៍ លេខ២ ក្នុងចំណោមសិស្ស៣នាក់ ដែលត្រូវចូលប្រឡងនៅ ប្រទេសសិង្ហបុរី។ ក្រៅពីព៉្យាណូ ចៅមួយនេះ អាចសរសេរ និងនិយាយភាសាចិន អង់គ្លេស បានយ៉ាងល្អ ក្រៅពីភាសាខ្មែរ ដែលជាភាសាដើមកំណើត។ ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងច្រៀង”។

សម្តេចហ៊ុន សែន បានសរសេរបន្តថា “ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំណោមចៅទាំងអស់ ត្រូវមានថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សាទាំងអស់។ មិនថាលទ្ធផលយ៉ាងណាជាប់ឬធ្លាក់ ខ្ញុំនៅតែមានមោទនភាព ដូចពេលហ៊ុន ម៉ាណែត តំណាងឱ្យសិស្សរៀនពូកែ ចេញទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវ៉ាគី នាទសវត្សរ៍១៩៨០”។

សម្តេចហ៊ុន សែន និងចៅស្រី

គួរកត់សម្គាល់ដែរថា ការបង្ហាញមុខរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ហាក់ជម្រះមន្ទិលចំពោះព័ត៌មានចចាមអារ៉ាម តាមហ្វេសប៊ុកមួយចំនួន ដែលសង្ស័យថា សម្តេច មានជំងឺ បានចេញទៅព្យាបាលនៅប្រទេសសិង្ហបុរីស្ងាត់ៗ ។

ពាក់ព័ន្ធបញ្ហានេះដែរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបង្ហោះរូបថតជុំគ្រួសារសម្តេច ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ជាមួយសំណេរបញ្ជាក់ថា “នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជា តែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក ១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។

តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នា ពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?

ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណាក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្ក្រាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បង មើល Sic!

បន្តមកកម្សាន្តសប្បាយជាមួយប្រជាជនកម្ពុជាក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិកភណ្ឌពិភពលោក នាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិល ណាខ្លះនឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះ ផងដែរ”៕

ខៀវទុំ

RELATED ARTICLES