ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា សព្វថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកដូនរ័ត្ន កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ស្ទើររាល់យប់ ដែលពួកគាត់សង្ស័យ មានការឃុបឃិត និងបើកដៃពីលោកមេគយស្រុកមេមត់ ជាថ្នូរនឹងការបង់ប្រាក់ដាក់ហោប៉ៅ។
ប្រជាពលរដ្ឋស្រុកមេមត់ បានខ្សឹបឱ្យឮថា ឈ្មួញឈើប្រណីតដ៏ល្បីឈ្មោះដែលកំពុងធ្វើសកម្មភាពក្នុងស្រុកមេមត់ មានឈ្មោះហាប់ និងកំពុងសហការគ្នាយ៉ាងស្អិតល្មួត ជាមួយនឹងលោកចាន់ សុផាត មេគយស្រុកមេមត់។ បច្ចុប្បន្ន ឈ្មួញឈើឈ្មោះហាប់ បានប្រមូលទិញឈើប្រណីតខុសច្បាប់គ្រប់ប្រភេទ មកពីខេត្តផ្សេងៗ មានដូចជាឈើសុក្រំ បេង នាងនួន ធ្នង់ (ឃ្លុំ) និងឈើប្រណីតគ្រញូង ដោយបានដឹកតាមមធ្យោបាយផ្សេងៗគ្រប់រូបភាព យកមកគរទុកនៅក្នុងឃ្លាំងរបស់ខ្លួនចំនួន២ គឺទីតាំងទី១ នៅទល់មុខវិទ្យាល័យដារ។ រីឯទីតាំងទី២ នៅខាងក្រោយផ្ទះវីឡារបស់បងប្រុសមេឈ្មួញឈ្មោះ ហាប់ ដែលស្ថិតនៅក្បែរផ្សារដារ។
ប្រជាពលរដ្ឋស្រុកមេមត់ បានខ្សឹបបន្តទៀតថា បន្ទាប់ពីគរទុកក្នុងឃ្លាំងដ៏មានសុវត្ថិភាពរួចហើយដល់ពេលវេលាសមស្រប ឈ្មួញឈើប្រណីតឈ្មោះហាប់ បានដឹកបញ្ជូនឈើប្រណីតទាំងនោះ តាមរថយន្តយីឌុបបញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកតំបន់ ដូនរ័ត្ន យ៉ាងរលូន ដោយគ្មានសមត្ថកិច្ចជំនាញ ពាក់ពន្ធ័ណាចេញមុខទប់ស្កាត់ ឬបង្ក្រាបនោះឡើយ ព្រោះថា សមត្ថកិច្ចតាមផ្លូវច្រកព្រំដែន ទាំងអស់នោះ សុទ្ធតែទទួលបានលាភសក្ការៈ លុយខ្មៅពីឈ្មួញឈើរូបនេះ ទើបបិទភ្នែកទទួលលុយមិនបង្ក្រាប ពិសេសទំនងជាមានការឃុបឃិតបើកដៃពីលោកចាន់ សុផាត មេគយស្រុក មេមត់ តែម្តង។ ជាក់ស្តែងថ្មីៗនេះ ឈ្មួញឈើប្រណីតខុសច្បាប់ ឈ្មោះហាប់ បានដឹកជញ្ជូនឈើតាមរថយន្តយីឌុប និងរថយន្តកែច្នៃចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនតំបន់ដូនរ័ត្ន នៅពេលយប់ ហើយបានក្រឡាប់ទាំងរថយន្ត ធ្លាក់ទាំងឈើសង្កត់លើផ្ទះ ប្រជាពលរដ្ឋទៀតផង ប៉ុន្តែមិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា ទៅត្រួតពិនិត្យទប់ស្កាត់ បង្ក្រាបនោះឡើយ កុំថាឡើយដល់ទៅបង្ក្រាបរថយន្តបើកបរលើដងផ្លូវ។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា សកម្មភាពដឹកជញ្ជូនឈើប្រណីត ចេញទៅលក់នៅ វៀតណាម យ៉ាងគគ្រឹកគគ្រេងខាងលើនេះ ច្បាស់ជាមានការត្រូវដងត្រូវផ្លែគ្នា រវាងឈ្នួញ និងមន្ត្រីជំនាញមិនខាន ព្រោះថា បើមន្ត្រីជំនាញមិនបើកភ្លើងខៀវឱ្យទេ មេឈ្មួញឈើប្រណីត ឈ្មោះហាប់ ក៏មិនអាចដឹកជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាម បានយ៉ាងងាយបែបនេះដែរ។ ហេតុនេះ ពួកគាត់សូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យ ស្រាវជ្រាវបញ្ហាខាងលើនេះ ឱ្យបានដិតដល់ផង ពុំដូច្នោះទេ ព្រៃឈើខ្មែរ នឹងរលាយឆាប់ មិនខាន ដោយសារតែមន្ត្រីជំនាញ ស៊ុមគ្រលុំជាមួយឈ្មួញ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកចាន់ សុផាត មេគយស្រុកមេមត់ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ