Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ថាសម្តេច ហ៊ុន សែន មិនអមតៈទេ ប្រកាសជាថ្មី នឹងវិលចូលស្រុកនៅឆ្នាំ២០១៨

លោកសម រង្ស៊ី ថាសម្តេច ហ៊ុន សែន មិនអមតៈទេ ប្រកាសជាថ្មី នឹងវិលចូលស្រុកនៅឆ្នាំ២០១៨

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ហើយដែលមជ្ឈដ្ឋានជាច្រើន មើលឃើញថា នឹងបាត់សំឡេងនយោបាយ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា នៅពេលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយចូលជាធរមាននោះ បានលើកឡើងថា សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកាន់អំណាច ជាង៣០ឆ្នាំមកហើយនោះ មិនអមតៈទេ។ ដូច្នេះ លោកបានប្រកាស ជាថ្មីម្តងទៀតថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៨ ខាងមុខ។

តាមរយៈបណ្តាញសង្គមធ្វីតធើរ (Twitter) កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានសរសេរថា ” I will return to Cambodia in 2018  Hun Sen is not eternal” ដែលមានន័យជាភាសាខ្មែរថា “ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០១៨។ ហ៊ុន សែន មិនអមតៈរហូតទេ”។

ការផ្ញើសារខ្លីតាមបណ្តាញសង្គមរបស់លោកសម រង្ស៊ី បានធ្វើឡើងស្របពេលដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប រួមទាំងសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ផងដែរ បានចាកចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧  ក្នុងគោលដៅទៅជួបពិភាក្សាកិច្ចការសម្ងាត់ ជាមួយលោកសម រង្ស៊ី នៅក្រៅប្រទេស ដែលការជួបនោះ អាចជាការជួបចាប់ដៃគ្នាលើកចុងក្រោយ មុនពេលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារហាមទណ្ឌិត (អ្នកទោស) មិនឱ្យធ្វើសកម្មភាពជាមួយគណបក្សនយោបាយ ត្រូវចូលជាធរមាន។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “គួរឱ្យហួសចិត្តអំពីរដ្ឋាភិបាល លោក ហ៊ុន សែន សព្វថ្ងៃ។ ប្រជារាស្ត្រកំពុងតែរងទុក្ខវេទនា ដោយសារតែបញ្ហាពីរ ដ៏ក្តៅគគុកជាង គេនៅពេលនេះ ៖

  • បញ្ហាពលករខ្មែរចំណាកស្រុកទៅថៃ ដែលនៅទីនោះ គេកំពុងតែធ្វើទុក្ខបុកម្នេញ ពួកគាត់ ដែលជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ហើយអ្នកខ្លះសម្រេចចិត្ត រត់មកប្រទេសកម្ពុជាវិញ យ៉ាងត្រដាបត្រដួស។
  • បញ្ហាតម្លៃកសិផល ដូចជាស្រូវ ពោត ដំឡូង ដែលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែ រដ្ឋាភិបាលមិនបានរៀបចំទីផ្សារជូនប្រជាកសិករ ដូចគេធ្វើនៅប្រទេសជិតខាង ដើម្បីការពារជីវភាពរស់នៅរបស់កសិករក្នុងប្រទេសគេ។ ពេលនេះ កសិករមួយចំនួន នៅខេត្តបាត់ដំបង កំពុងតែបិទផ្លូវ ដើម្បីទាញអារម្មណ៍អាជ្ញាធរ ឱ្យយកចិត្តទុកដាក់អំពីតម្លៃផលដំណាំ ដែលពួកគាត់ទើបតែប្រមូលបាន ហើយដែលធ្លាក់ចុះដល់កម្រិតមួយទាបបំផុត ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ រដ្ឋាភិបាល លោកហ៊ុន សែន គួរណាស់ខិតខំដោះស្រាយបញ្ហាចម្បងទាំង២ខាងលើនេះ ហើយមិនគួរចំណាយពេលធ្វើច្បាប់ ដើម្បីគ្រាន់តែដករូបថតខ្ញុំប៉ុណ្ណោះ”។

បើទោះបីមិនចំប្រធានបទក៏ដោយ ក៏តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើនរូប បានបង្ហាញរូបភាព ជួបជុំមុនធ្វើដំណើរតាមយន្តហោះ និងមានសំណេរខ្លីៗ លើកឡើងទាក់ទងនឹងទំនាក់ទំនងជាមួយលោកសម រង្ស៊ី។

ក្នុងនោះ លោកគង់ សភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ថា “ដោយសារសំឡេងលោកសម រង្ស៊ី មានតម្លៃខ្ពស់ ហើយមានគេខ្លាច ឥឡូវចាប់ផ្តើមមានមនុស្សជាច្រើន ធ្វើដំណើរទៅកែសំឡេងឱ្យដូចសំឡេងរបស់គាត់ ហើយខ្ញុំមានជំនឿថា ពេលដែលត្រឡប់មកវិញ អ្នកទាំងអស់គ្នាក្លាយជាសំឡេងសង្គ្រោះជាតិតែមួយ សូមឱ្យសំឡេងលោកសម រង្ស៊ី ស្ថិតក្នុងបេះដូងខ្មែររាប់លាននាក់”។

លោកគង់ បូរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង បានសរសេរខ្លីអមដោយរូបភាព ក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះថា “ដំណើរស្ម័គ្រចិត្ត មិនស្តាយក្រោយ”។

លោកហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ បានសរសេរខ្លីក្នុងហ្វេសប៊ុករបស់លោកថា “យើងខ្ញុំមកដល់ក្រុងហុងកុង ហើយសុខសប្បាយទេ”។

លោកវ៉ាន់ ណារិត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា “អ្នកដែលជាទីស្រទ្បាញ់ របស់យើង មិនថានៅទីជិត ឬនៅទីឆ្ងាយ បើទោះជាចំណាយវេលា ចំណាយធនធានច្រើនប៉ុនណា តែសេចក្តីប្រាថ្នារបស់យើងតែមួយគត់ គឺបានជួប”។

ដោយឡែក លោកអេង ឆៃអ៊ាង អនុប្រធានសង្គ្រោះជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហោះរូបភាពលោកចាប់ដៃ គ្នាជាមួយលោកប៉ុល ហំម និងលោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ នៅពេលទៅដល់ទីក្រុងហុងកុង និងរូបភាពជិះរថយន្តក្រុង ដើរលេងផ្សារទំនើប ជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង មុនពេលជួបពិភាក្សាការងារជាមួយអតីតប្រធានបក្ស លោក សម រង្ស៊ី នៅទីក្រុងហុងកុងនោះ តែលោកមិនបានសរសេរខ្លឹមសារអ្វីច្រើនទេ។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលមិនបានទៅជួបលោកសម រង្ស៊ី ក៏បង្ហើបដែរថា ជំនួបរវាងថ្នាក់ដឹកនាំគណបក្សប្រឆាំង និងលោកសម រង្ស៊ី មិនមានអ្វីខុសទាស់ទេ ព្រោះថា វិសោធនកម្មថ្មីនៃច្បាប់ ស្តីពីគណបក្សនយោបាយ មិនទាន់ចូលជាធរមាន នៅឡើយ។ ជុំវិញការកែច្បាប់ថ្មីនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥ រូប ក៏គ្រោងថ្វាយលិខិតទៅកាន់ព្រះមហាក្សត្រ នៅចុងសប្តាហ៍នេះ ដើម្បីសុំព្រះរាជអន្តរាគមន៍ ពីព្រះអង្គ កុំឱ្យឡាយព្រហស្តលេខាលើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ។ ប៉ុន្តែ ទោះជាយ៉ាងណា មជ្ឈដ្ឋានតាមដាននយោបាយ យល់ថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយ ប្រាកដជានឹងត្រូវដាក់ឱ្យចូលជាធរមាន នៅពេលឆាប់ខាងមុខនេះមិនខាន ទោះបីមាន ការតវ៉ាជំទាស់ពីបក្សប្រឆាំងក៏ដោយ។

អ្នកនាំពាកក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានគាំទ្រចំពោះការលើកឡើងរបស់មន្ត្រីជាន់គណបក្សប្រឆាំង ដោយលោកបានបញ្ជាក់ថា ការដែលតំណាងរាស្ត្រជាច្រើននាំគ្នាឡើងទៅជួបលោកសម រង្ស៊ី នៅហុងកុងនោះ មិនមែនជាទិដ្ឋភាពនយោបាយ សម្រាប់លោក សម រង្ស៊ី ទេ តែជាការលាគ្នាចុងក្រោយ មុនពេលលោកសម រង្ស៊ី បញ្ចប់ជីវិតនយោបាយ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំថា ជាការលាគ្នាចុងក្រោយ ហើយពីព្រោះមុននឹងវិសោធនកម្មច្បាប់គណបក្សចូលជាធរមាន គឺការស្វែងទៅជួបលោកសម រង្ស៊ី នៅទីក្រុងហុងកុង យើងអាចចាត់ទុកថា ជាការលាគ្នាចុងក្រោយ ឯរឿងអ្វីផ្សេងទៀត យើងចាំមើលតទៅទៀត។ នេះវាមិនមែនជា ទិដ្ឋភាពនយោបាយទេអានេះ គឺរឿងការលាគ្នាចុងក្រោយត្រង់ថា របៀបលាគ្នាផ្តាំផ្ញើគ្នាយ៉ាងម៉េច នៅពេលបញ្ចប់ជីវិតនយោបាយរបស់ទណ្ឌិត អាហ្នឹងវាគឺជារឿងរបស់គាត់ផ្ទាល់ ផ្តាំផ្ញើយ៉ាងម៉េច មុនបែកគ្នា អាហ្នឹងជារឿងរបស់គាត់ វារឿងរបស់គណបក្សសាមី យើងមិនលូកលាន់”។

ទោះបីយ៉ាងណា ចំពោះការលើកឡើងរបស់លោកសម រង្ស៊ី ថានឹងវិលចូលស្រុកវិញ នៅឆ្នាំ២០១៨ និងថា សម្តេចហ៊ុន សែន មិនអមតៈនោះ លោកឈឹម ផលវរុណ បានចាត់ទុកថា ជាការលើកឡើងដែលគ្មានន័យ ព្រោះគ្មានអ្នកណាហាមឃាត់លោកសម រង្ស៊ី មិនឱ្យចូលស្រុកនោះទេ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “ទី១ លោកសម រង្ស៊ី ដូចជាគ្មានអ្នកណាហាមឃាត់គាត់មិនឱ្យចូលស្រុក ផ្ទុយទៅវិញ គាត់ខ្លួនឯងទេ ដែលរត់ចោលស្រុកនោះ ដោយសារគាត់ចង់គេចពីការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយច្បាប់ ហើយនិងអំណាចតុលាការ ពុំបានកាត់ទោសនិរទេសគាត់ពីកម្ពុជាឯណា ខ្លួនគាត់ទេរត់ចោលស្រុក។ ដូច្នេះគាត់មកវិញ មានពីណាគេហាម គឺស្វាគមន៍រហូតហ្នឹង ប៉ុន្តែ គាត់មកបើគាត់នៅព្រួយបារម្ភអី មិនបាច់ទេ ស្រុកខ្មែរ មានអ្នកការពារឱ្យ ពីព្រោះគាត់ជាទណ្ឌិត គេនឹងស្វាគមន៍យកគាត់ទៅរស់នៅកន្លែងដែលមានសុវត្ថិភាព គឺពន្ធនាគារ។ ដូច្នេះ អត់មានបញ្ហាអីទេ អ៊ីចឹងគាត់មិនបាច់បារម្ភទេ គាត់គួរតែត្រឡប់មក មិនចាំបាច់និយាយដើម្បីបំភ័ន្តប្រជាពលរដ្ឋថា គាត់អ្នកក្លាហាននោះទេ អត់ ប្រយោជន៍ទេ។ ហើយទី២ រឿងមនុស្សណាក៏ដូចមនុស្សណាដែរ មិនអមតៈទេ ប៉ុន្តែជីវិតមនុស្សមានការវិវឌ្ឍ ផ្សារភ្ជាប់ទៅនឹងគុណតម្លៃ គឺការកសាងអំពើល្អ និងការអភិវឌ្ឍប្រទេស ឯ លោកសម រង្ស៊ី គាត់គ្មានបានផ្តល់គុណតម្លៃអ្វីបន្តិចសោះ សម្រាប់ប្រទេសជាតិទេ មានតែបំផ្លាញ និងបង្កចលាចល ដែលខុសគ្នានឹងសម្តេចតេជោ គឺសម្តេចមានគុណតម្លៃច្រើនមហិមា សម្រាប់ប្រទេសជាតិ ដែលជាស្នាដៃមានតម្លៃជាអមតៈ ប៉ុន្តែក្នុងធម្មជាតិ ជីវិតមនុស្ស មិនអមតៈមែន ប៉ុន្តែសមិទ្ធផលរបស់សម្តេច គឺអមតៈ ហើយតម្លៃនៃការគោរពរបស់ប្រជាពលរដ្ឋ ចំពោះសម្តេច ក៏អមតៈ”។

លោកឈឹម ផលវរុណ បានបន្តថា “ជារួម វាគ្មានអ្វីក្រៅពីគាត់មិនចង់ឱ្យប្រជាពលរដ្ឋខ្មែរភ្លេចគាត់ៗចេះតែលើកឡើងទៅ តែការពិត គាត់ឮតែភូតតែរហូតហ្នឹង ថាមកៗឆាប់ៗ មកពេលនេះ មកពេលនោះ ចុងក្រោយអត់ រឿងតែប៉ុណ្ណឹង។ ដូច្នេះគ្មានបានការអីទេ អាហ្នឹង រឿងរបស់សម រង្ស៊ី ខ្លួនឯង គ្មានពីណាបណ្តេញទេ គឺគាត់រត់ចោលស្រុកខ្លួនឯង ដូច្នេះវិលមកវិញមក ច្បាប់ស្វាគមន៍ ហើយកុំភ័យរឿងសុវត្ថិភាព គឺធានាមួយរយភាគរយ”៕

កុលបុត្រ

RELATED ARTICLES