Monday, November 25, 2024
Homeនយោបាយបញ្ញាជនតិរច្ឆាន ហៅលោកផៃ ស៊ីផាន បណ្ឌិតតិរច្ឆាន

បញ្ញាជនតិរច្ឆាន ហៅលោកផៃ ស៊ីផាន បណ្ឌិតតិរច្ឆាន

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម ដែលបានហៅខ្លួនឯងថា “បញ្ញាជនតិរច្ឆាន” ដោយលោកបញ្ជាក់ថា ជារហស្សនាមថ្មី ផ្តល់ជូនដោយលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោករស់ សារ៉ុម បានហៅលោកផៃ ស៊ីផាន ថា “បណ្ឌិតតិរច្ឆាន អ្នកនាំពាក្យរបបតិរច្ឆាន” បន្ទាប់ពីមុននេះ លោកបានហៅកម្ពុជាថា ជារបបតិរច្ឆាន។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ថា “បញ្ញាជនតិរច្ឆាន ៖ សម័យ មេដឹកនាំខ្លៅ និងស៊ីជោរ ច្បាប់អតិផរណា សំបូរណាស់ មន្ត្រីអែបអបឡេមឡឺម ដើម្បីផលប្រយោជន៍ កាឡៃប្រវត្តិសាស្ត្រ បំផ្លាញមរតកជាតិឱ្យរលាយ។លើកតម្កើងបុគ្គលនិយម វប្បធម៌រលត់ ជាតិរលាយ។

បញ្ជាក់ ៖ ឈ្មោះបញ្ញាជនតិរច្ឆាន គឺជារហស្សនាមថ្មីរបស់ខ្ញុំ ផ្តល់ជូនដោយឯកឧត្តម បណ្ឌិតតិរច្ឆាន ផៃ ស៊ីផាន អ្នកនាំពាក្យរបបតិរច្ឆាន”។

បន្ថែមលើសំណេរខ្លីខាងលើ់នេះ លោក រស់ សារ៉ុម បានបញ្ជាក់ថា ការដៃលលោកហៅលោកផៃ ស៊ីផាន ជាបណ្ឌិតតិរច្ឆាន ដោយសារលោកផៃ ស៊ីផាន ធ្លាប់បានលើកឡើងថា ក្នុងសង្គមខ្មែរ មានលុយ ទើបមានយុត្តិធម៌ ដែលពាក្យនេះ បង្ហាញថា សង្គមខ្មែរជាសង្កមតិរច្ឆាន។

លោក រស់ សារ៉ុម

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបបន្តិច លោកផៃ ស៊ីផាន បណ្ឌិត ហើយគាត់ក៏ជាអតីតមន្ត្រីរបស់គណបក្សសម រង្ស៊ី ដែរ មន្ត្រីគណបក្សប្រឆាំង ពីមុន សួរគាត់មើល! តើគាត់ធ្លាប់ទៅកំពង់ឆ្នាំង ឬអត់? អ៊ីចឹង គាត់ក៏ជាអ្នករិះគន់រដ្ឋាភិបាលចាស់ដៃដែរ ពីមុន នោះថា រដ្ឋាភិបាលយ៉ាងម៉េចនោះ ប៉ុន្តែក្រោយមក គាត់ទៅចូលួមជីវភាពជាមួយគណបក្ស ប្រជាជនកម្ពុជា ក៏បានតួនាទីធ្វើជាអ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី។ អ៊ីចឹង ខ្ញុំហៅលោកបណ្ឌិត ផៃ ស៊ីផាន ថា លោកបណ្ឌិតតិរច្ឆានដែរហ្នឹង ដោយសារអី? ដោយសារតែលោកបណ្ឌិតហ្នឹង ធ្លាប់បាននិយាយរឿងមួយ លោកបណ្ឌិតមានប្រសាសន៍ថា ទាល់តែមានលុយ បានមានយុត្តិធម៌។ អ៊ីចឹងមិនថានៅអាមេរិកក៏ដោយ ទាល់តែមានលុយ បានមានយុត្តិធម៌។ អ៊ីចឹង ខ្ញុំអត់ដឹងថា គាត់បណ្ឌិតនៅសាលាណាទេ។ តើគាត់ចង់យកភាពស្រណុកសុខស្រួលដែល គាត់មានក្នុងពេលបច្ចុប្បន្ននេះ គាត់ភ្លេចហើយឬនៅ? ប្រជាជនខ្មែរ មិនមែនអាមេរិកាំងទេ ឱ្យលោកបណ្ឌិតយល់ឱ្យច្បាស់ថា សង្គមយើងបច្ចុប្បនេះ យុត្តិធម៌សង្គម វាទាបណាស់។  អ៊ីចឹង ខ្ញុំចង់ជម្រាបទៅលោកបណ្ឌិតផៃ ស៊ីផាន វិញថា លោកបណ្ឌិតចេះគិតខ្លះផង ហើយបញ្ញវន្តខ្មែរ ដោយសារតែបញ្ញវន្តធុនហ្នឹងហើយបម្រើជាតិនោះ បានជាធ្លាក់ដល់ថ្នាក់ហ្នឹង។ អ៊ីចឹងខ្ញុំសូមជម្រាបទៅលោក ផៃ ស៊ីផាន ផងថា បក្សីក្នុងទ្រុងមាស វាមិនល្អប៉ុន្មានទេ គិតមុខគិតក្រោយផង ជីវិតខ្លីណាស់ យើងធ្វើដើម្បីជាតិ មាតុភូមិយើងទៅ យើងបញ្ញវន្តដូចគ្នា លោកថា កែសម្រួលគ្នាទៅវិញទៅមក អាហ្នឹងមានអី ខ្ញុំក៏ឯកភាពដែរ ប៉ុន្តែសួរថា យើងកែសម្រួលគ្នាហើយ យើងថាគេតិរច្ឆាន អាហ្នឹងគិតម៉េច? អ៊ីចឹងខ្ញុំសុំបញ្ជាក់ទៅវិញថា ខ្ញុំមិនចង់ហៅបណ្ឌិតផៃ ស៊ីផាន ជាបណ្ឌិតតិរច្ឆានទេ ប៉ុន្តែលោកបណ្ឌិតវិភាគខ្លួនឯងថា មានលុយបានមានយុត្តិធម៌។ អាសង្គមមានលុយ មានយុត្តិធម៌ គឺជាសង្គមតិរច្ឆានហ្នឹងហើយ”។

លោករស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ខ្ញុំយល់ថា លោកបណ្ឌិតរៀនបានដល់ទៅបណ្ឌិត ខ្ញុំមិនទាន់បានបណ្ឌិតអីទេ ប៉ុន្តែខ្ញុំ និយាយមិនមែនអ្នកវិភាគសង្គមទេ ខ្ញុំនិយាយតាមអ្វីដែលខ្ញុំសិក្សាស្រាវជ្រាវឃើញតាមអ្វី ដែលខ្ញុំឃើញផ្ទាល់ភ្នែក ខ្ញុំថាអ៊ីចឹង ខ្ញុំអត់ខ្លាចទេ ចង់ផៃ ស៊ីផាន ប្តឹងពីបទអីក៏ប្តឹងទៅ តាមចិត្ត ប៉ុន្តែមិនបាច់មានមេធាវី ក៏ខ្ញុំអាចតស៊ូផ្លូវច្បាប់បានដែរ បើចង់។ អ៊ីចឹងខ្ញុំសូមផ្តាំទៅលោកបណ្ឌិតវិញថា គិតជាតិខ្លះផង កុំឱ្យនាំពាក្យយូរទៅៗ អត់មានពាក្យនាំទេរាល់ថ្ងៃនេះ និយាយការពារតែខ្លួនឯង អត់មានការពារដើម្បីសង្គម សូម្បីតែបន្តិច អ៊ីចឹងយើងគិតជាតិខ្លះទៅ”។

គួរបញ្ជាក់ដែរថា មុននេះ លោករស់ សារ៉ុម បានហៅកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា សព្វថ្ងៃ ជារបបតិរច្ឆាន ដោយលោកបានបញ្ជាក់ប្រាប់ “នគរធំ” ថា លោកមិនខ្លាច ការហៅពាក្យនេះទេ គឺលោកបានត្រៀមខ្លួន រួចជាស្រេចហើយ ទាំងការស្លាប់ និងការជាប់ពន្ធនាគារឬយ៉ាងច្រើន ពេលលោកស្លាប់ទៅ ២០ឆ្នាំក្រោយ លោកនៅតែជាយុវជនខ្មែរ ដែលប្រឆាំងនឹងរបបតិរច្ឆាននេះដដែល។

ក្រោយមានការបញ្ជាក់របស់លោករស់ សារ៉ុម នៅពេលនោះ អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន ក៏បានធ្វើការឆ្លើយតប ដោយលោកបានចាត់ទុកថា លោករស់ សារ៉ុម មិនសមជាប្រធានសមាគបញ្ញាជនទេ គឺជាបញ្ញាជនតិរច្ឆានឬជាបញ្ញវន្តតិរច្ឆាន ព្រោះថា បញ្ញវន្ត មានន័យសំខាន់ណាស់ មិនចេះតែប្រើពាក្យ ដែលប្រាកចាកការពិត ឬប្រមាថមើលងាយ មកលើរដ្ឋាភិបាលបែបនេះទេ គឺធ្វើដើម្បីឱ្យ តែល្បីទាក់ទាញអំពើហិង្សាប៉ុណ្ណោះ ដោយមិនស្ថិតនៅក្នុងលក្ខខណ្ឌជាយុវជនបញ្ញវន្តនោះទេ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងកាហៅលោកថា ជាបណ្ឌិតតិរច្ឆាននោះទេ លោកផៃ ស៊ីផាន បញ្ជាក់ជាថ្មីថា លោកមិនមានប្រតិកម្មអី ឬក៏ចង់ប្តឹងលោករស់ សារ៉ុម នោះទេ លោកគ្រាន់តែរក្សាជំហរថា ក្នុងនាមជាអ្នកនាំពាក្យ លោកត្រូវមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាល និងលើកឡើងពីអ្វីដែលជាសមិទ្ធផលរបស់រដ្ឋាភិបាល។

លោក ផៃ សុីផាន

លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ថា “បាទ! កាលណាគាត់មាក់ងាយកន្លែងដែលគាត់រស់នៅ កន្លែងដែលផ្តល់នូវការចេះដឹងរបស់គាត់ ហើយដែលផ្តល់នូវសេចក្តីថ្លៃថ្នូរដល់គាត់ៗ អត់ទទួលបានវិញ គាត់ហៅថា ជារបបតិរច្ឆាន នៅលើទឹកដី តិរច្ឆាន។ ដូច្នេះគាត់ក៏ជាអ្នកតិរច្ឆានដែរ បញ្ញវន្តតិរច្ឆាន អាហ្នឹងដែលខ្ញុំនិយាយនៅ ក្នុងចំណុចហ្នឹង។ ដូច្នេះខ្ញុំគ្មានអ្វីដែលប្រតិកម្មជាមួយគាត់ទេ ពីព្រោះគាត់យល់ឃើញថា គាត់រស់ក្នុងរបបហើយទឹកដីតិរច្ឆាន ម៉្លោះហើយ គាត់ជាតិរច្ឆានជាមួយគ្នាទាំងអស់គ្នាតែប៉ុណ្ណឹងឯង ហើយដែលគាត់យកពាក្យបញ្ញវន្តមកនិយាយ ខ្ញុំមិនឱ្យតម្លៃបញ្ញវន្តតិរច្ឆាននោះទេ ពីព្រោះបញ្ញវន្ត គឺជាអ្នកដែលមាននិន្នាការត្រឹមត្រូវនេះទី១។ ទី២ គោលការណ៍របស់បញ្ញវន្ត គឺថាមពល ហើយប្រកបដោយវិជ្ជមាន ដែលគេរកវិធានណាមួយ ដើម្បីកសាង ហើយនិងអភិវឌ្ឍសង្គមគេហ្នឹងឱ្យបានក្លាយទៅជាសង្គមមួយ ដែលត្រឹមត្រូវ ដែលជាទីពេញចិត្តរបស់មហាជន ហើយសង្គមនីមួយៗមិនមែនកើតមកដោយ ព្រះប្រទាននោះទេ គឺការប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរ ហើយបើប្រជាពលរដ្ឋមិនឱ្យតម្លៃសង្គមខ្លួនឯង ហើយចាត់ទុកកន្លែងនេះជាកន្លែងតិរច្ឆាន បានសេចក្តីថា គាត់បាត់បង់នូវការគោរព ថាគាត់ជាបញ្ញវន្តមួយនោះទេ។ អានេះគ្រាន់តែ ជាភាសាបញ្ញវន្តមួយ ប៉ុន្តែគ្មានអ្នកណាដាក់ឱ្យគាត់ទេ តែអ្វីដែលជាក្រមសីលធម៌របស់គាត់អត់មានទេ នៅក្នុងនាមជាបញ្ញវន្តហ្នឹង អាហ្នឹងគឺថោកទាបណាស់ ប្រើពាក្យបញ្ញវន្តនោះ។ ដូច្នេះ រឿងការពិនិត្យតាមផ្លូវច្បាប់ ជាសតិសម្បញ្ញៈ គឺលោករស់ សារ៉ុម ខ្លួនឯងទេ ដែលត្រូវពិចារណា ពីព្រោះគាត់ការដែលគាត់ហៅរបបនេះជារបប តិរច្ឆានទី១ ម៉ែឪគាត់មិនកើតចេញពីរបបតិរច្ឆានទេឬ? ម៉ែឪគាត់បានរស់រានមានជីវិត ដោយសាររបបនេះ ហើយទី២ ទាំងអស់គ្នាហ្នឹងដែលជាអ្នកធ្វើកិច្ចការតម្រូវទៅតាមអ្វីដែលជាការចង់បានរបស់សង្គម។ ដូច្នេះការលើកឡើងរបស់គាត់ហ្នឹង ជាការលើកឡើងដោយគ្មានការទទួលខុសត្រូវ ហើយមិនមែនលក្ខណៈសតិសម្បជញ្ញៈ ដែលប្រកបទៅដោយសន្តិភាព គ្រាន់តែជាភាសារបស់ពួកតិរច្ឆាន”។

លោកផៃ ស៊ីផាន បានមានប្រសាសន៍បន្តថា “ជារួម អ្វីដែលជាក្រឹត្យក្រម អ្វីដែលជាក្រមសីលធម៌របស់អ្នកនាំពាក្យ គឺធ្វើការបម្រើរាជរដ្ឋាភិបាល។ ខ្ញុំមិនមែនជាអ្នកនយោបាយ ខ្ញុំជាអ្នកបម្រើជាតិ ក្នុងការបម្រើរាជរដ្ឋាភិបាល ការពារផលប្រយោជន៍រាជរដ្ឋាភិបាល។ ខ្ញុំមិនមែនជាអ្នកឯករាជ្យធ្វើការងារឱ្យសង្គមទេ។ អាស្រ័យហេតុដូច្នេះ ការងាររបស់ខ្ញុំ គឺមានការទទួលខុសត្រូវ គឺដើម្បីផលប្រយោជន៍រាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលហ្នឹងកើតចេញពីការបោះឆ្នោតរបស់មហាជន ដែលជារាជរដ្ឋាភិបាលកើតចេញពីមតិភាគច្រើននៅក្នុងសង្គម។ ដូច្នេះគាត់គ្រាន់តែជាក្រុមមួយតូចនោះទេ មិនមានអ្វីដែលមានតម្លៃឆ្លើយឆ្លងនោះទេ”៕

កុលបុត្រ

RELATED ARTICLES