Tuesday, November 26, 2024
Homeតារាខ្មែរឃឹម ចរិយា ប្រាប់ថា ព្រឺរោមខ្ញាក ពេលប៉ះលោកខៃ ប្រសិទ្ធ ក្នុងបទចម្រៀង "ឳពុកអ្នកក្រ"

ឃឹម ចរិយា ប្រាប់ថា ព្រឺរោមខ្ញាក ពេលប៉ះលោកខៃ ប្រសិទ្ធ ក្នុងបទចម្រៀង “ឳពុកអ្នកក្រ”

លោកខៃ ប្រសិទ្ធ ដែលបានទៅរស់នៅប្រទេសអូស្ត្រាលី ជាង២ទសវត្សរ៍ ក្រោយពេលអតីតភរិយា ពិសិដ្ឋ ពិលីកា ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញ ហើយនៅមិនទាន់វែកមុខឃាតករឃើញនោះ ស្រាប់តែលេចមុខមកថតឈុតខារ៉ាអូខេជាថ្មី គួរឱ្យភ្ញាក់ផ្អើលនៅក្នុងបទ “ឪពុកអ្នកក្រ” ដែលនិពន្ធដោយលោកសាវិន ហ្វីលីព និងច្រៀងដោយកញ្ញាសុវត្ថិឌី ធារិកា។

ឃឹម ចរិយា ពេលថតបទចម្រៀង “ឳពុកអ្នកក្រ” ជាមួយលោកខៃ ប្រសិទ្ធ

ពិធីការិនីទូរទស្សន៍ PNN ឃឹម ចរិយា ដែលក្រសោបបានតំណែងតួឯកប៉ះជាមួយលោកខៃ ប្រសិទ្ធ បានឱ្យដឹងថា ឈុតស្នេហាឱបថើប ធ្វើឱ្យនាងស្រៀវស្រើបព្រឺរោមខ្ញាក។

ចរិយា បានថ្លែងឱ្យដឹងថា “ខ្ញុំមិននឹកស្មានថា មានឱកាសបានសម្តែងជាមួយបងប្រុសខៃ ប្រសិទ្ធ នោះទេ ព្រោះគាត់បាត់វត្តមានក្នុងសិល្បៈយូរឆ្នាំដែរហើយ តែអ្វីដែលនាងខ្ញុំចម្លែកក្នុងចិត្ត គឺគាត់នៅតែស្រស់សង្ហាដដែល ធ្វើឱ្យខ្ញុំអៀន អារម្មណ៍រកថាមិនត្រូវ ពេលថត  MV ជាមួយគាត់”។

 

ចរិយា បន្តថា “ក្នុងបទ “ឪពុកអ្នកក្រ” ខ្ញុំដើរតួជាភរិយារបស់គាត់ ហើយក៏មានឈុតឆាកស្នេហាដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្មាសអៀន និងច្របូកច្របល់ខ្លាំងផងដែរ ត្រង់ឈុតផ្អែមល្ហែមជាមួយបងប្រុសខៃ ប្រសិទ្ធ។ តែទោះបីជាមានអារម្មណ៍បែបនេះក្តី ខ្ញុំនៅតែសម្តែងទៅបានយ៉ាងរលូនក្នុង  MV នោះ ដោយមិនឱ្យក្រុមផលិតករខកចិត្តទេ”។

ចរិយា បានឱ្យដឹងដែរថា បើទោះបីលោកខៃ ប្រសិទ្ធ បានដកថយពីសិល្បៈជាច្រើនឆ្នាំ ប៉ុន្តែសមត្ថភាពនិងទេពកោសល្យសម្តែងរបស់លោកនៅតែខ្លាំង។

លោកសាវីន ហ្វីលីព, ឃឹម ចរិយា និងលោកខៃ ប្រសិទ្ធ ពេលថតបទចម្រៀង “ឳពុកអ្នកក្រ”

ចរិយា បន្ថែមថា “ក្នុងប្លង់នីមួយៗ ភាគច្រើនគាត់សម្តែងតែម្តងក៏ត្រូវ មិនលំបាកដល់ក្រុមផលិតករទេ ហើយការដែលខ្ញុំបានសម្តែងជាមួយគាត់ គឺខ្ញុំទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើន ដែលគាត់បានចែករំលែកឱ្យខ្ញុំ ពោលគឺគាត់ជាមនុស្សរួសរាយរាក់ទាក់គួរឱ្យគោរព”។

តារាកំពុងឡើងកូដរូបនេះបានបញ្ជាក់ថា បើទោះបីនាងសម្តែងឈុតស្នេហាឱបថើបជាមួយលោកខៃ ប្រសិទ្ធ រហូតធ្វើឱ្យនាងព្រឺរោមនោះ លោកប្រសិទ្ធ ពុំបានយកកេងចំណេញលើរាងកាយនាងទេ គឺសម្តែងជាលក្ខណៈសិល្បៈសុទ្ធសាធ ហើយបើមានឱកាសលើកក្រោយទៀត នាងពិតជាចង់សម្តែងជាមួយតារាភាពយន្តជើងចាស់ល្បីឈ្មោះរូបនេះបន្តទៀត។

លោកសាវីន ហ្វីលីព និងឃឹម ចរិយា

គួរបញ្ជាក់ថា កញ្ញាឃឹម ចរិយា ជាអតីតកញ្ញាឯកសាប៊ូលុច្ស ប្រចាំឆ្នាំ២០០៧ ហើយបច្ចុប្បន្ន ក្រៅពីពិធីការិនីនៅ PNN នាងក៏ចូលប្រឡូកស៊ប់នៅក្នុងអាជីពសម្តែងផងដែរ ដែលធ្លាប់សម្តែង ជាតួកាចឆ្នាសឆ្នើម នៅក្នុងរឿង “ថ្ងៃណាកូនមាសម្តាយ” និងភាពយន្តមួយចំនួនទៀត ហើយឱកាសសម្តែងជាតួឯកប៉ះជាមួយលោកខៃ ប្រសិទ្ធ ក្នុងបទ “ឪពុកអ្នកក្រ” នេះ មានការរំពឹងថា នឹងជួយឱ្យនាងដណ្តើមបានភាពលេចធ្លោមួយកម្រិតថែមទៀត។

លោកសាវិន ហ្វីលីព ផលិតករបទ “ឪពុកអ្នកក្រ” បានថ្លែងឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តជ្រើសកញ្ញាឃឹម ចរិយា ឱ្យសម្តែងជាតួឯកប៉ះជាមួយលោកខៃ ប្រសិទ្ធ ដោយសារតែចរិយា មានគុណសម្បត្តិល្អច្រើន ទាំងត្រេមុខទាក់ទាញ សមជាតួឯកក្នុងរឿងហ្នឹង និងមានទេពកោសល្យសម្តែងខ្ពស់ ដែលនាងសម្តែងបានយ៉ាងល្អទាំងតួកាចឆ្នាស និងតួស្លូត ដែលក្នុងរឿងនេះនាងសម្តែងជាភរិយាផិតក្បត់លោកខៃ ប្រសិទ្ធ។

លោកហ្វីលីព បញ្ជាក់ថា “មានតារាស្រីល្បីឈ្មោះជាច្រើន ដែលចង់សម្តែងជាមួយលោកខៃ ប្រសិទ្ធ ប៉ុន្តែ ខ្ញុំសម្រេចចិត្តជ្រើសរើសយកកញ្ញាចរិយា ហើយខ្ញុំមានជំនឿចិត្តថា ឱកាសនេះនឹងជួយឱ្យកញ្ញាចរិយា លេចធ្លោមួយកម្រិតថែមទៀត”។

 

កញ្ញាឃឹម ចរិយា មានឈ្មោះនៅលើវិថីសិល្បៈ ជិត១០ឆ្នាំមកហើយ ប៉ុន្តែនាងទើបតែទាញបានភាពលេចធ្លោនាពេលចុងក្រោយនេះ បន្ទាប់ពីនាងជម្នះចិត្តគ្រួសារប្រឡូកសិល្បៈពេញទំហឹង ខណៈដែលនាងកំពុងប្រឹងពង្រឹងទាំងអាជីពពិធីការិនី និងអាជីពសម្តែង។

លោកសាវីន ហ្វីលីព និងលោកខៃ ប្រសិទ្ធ

ចរិយា បានទទួលស្គាល់ថា អំឡុងពេលនេះ ក៏មានបុរសមួយចំនួនតាមចែចង់នាងដែរ ប៉ុន្តែនាងមិនទាន់អើពើជ្រើសរើសបុរសណាម្នាក់ជាគូគាប់ទ្រនាប់ជីវិតនៅឡើយទេ ពោលគឺនាងចង់ទុកពេលលេងសិល្បៈ កសាងកេរ្តិ៍ឈ្មោះឱ្យល្បីសិន៕

RELATED ARTICLES